ក្លិប Manchester City ខឹងយ៉ាងខ្លាំងនឹងក្លិប FC Porto ដែលចេញព្រឹត្តិបត្រព័ត៌មានមានអត្ថន័យស៊កសៀតដៀមដាមក្លិបអង់គ្លេសមួយនេះក្រោយប្រកួត UEFA Champions League ស្មើគ្នា០-០កាលថ្ងៃអង្គារទី១ខែធ្នូឆ្នាំ២០២០។
ព្រឹត្តិបត្រព័ត៌មានរបស់ក្លិប Porto បានលែបខាយថា Fernandinho របស់ Man City ខ្វះគុណភាព និងសរសេរឃ្លារំឭកទៅអតីតកាលអំពីបម្រាម១ប្រកួតរបស់ Bernardo Silva ចំពោះការបង្ហោះលេងសើចសម្បុររបស់ Benjamin Mendy ឆ្នាំមុន ដែលសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចាត់ជាសាររើសអើងពូជសាសន៍។
បន្ថែមលើនេះ គ្រូបង្គោល Porto លោក Sergio Conceicao បាននិយាយថាបើលោកមានលុយច្រើនសម្រាប់ចាយទិញកីឡាករដូចលោក Pep Guardiola តែដឹកនាំក្រុមប្រកួតមិនឈ្នះ នោះលោកមុខជាក្រៀមក្រំមិនខាន។
អំឡុងពេលប្រកួតដែលស្មើគ្នា០-០នោះ អ្នកចាត់ការទាំង២បានប៉ះទង្គិចពាក្យសម្ដីនឹងគ្នានៅតំបន់បច្ចេកទេស។
លោក Conceicao អះអាងថាលោក Guardiola បាននិយាយពាក្យអាក្រក់ៗអំពីប្រទេសព័រទុយហ្គាល់។
ព្រឹត្តិបត្រដែលបានចេញផ្សាយកាលព្រឹកថ្ងៃពុធម្សិលមិញនោះក៏បានចោទរឿងមួយចំនួនផងដែរដូចជាថា Porto ត្រូវបានបដិសេធបាល់ពិន័យ១១ម៉ែត្រដ៏ច្បាស់ក្រឡែតចំពោះកំហុសរបស់អ្នកចាំទី Ederson របស់ Man City។ បន្ថែមលើនេះ Porto ថែមទាំងថាគួរតែមានការពិន័យកាតក្រហមលើ Fernandinho ដែលទោះបីមានវ័យ៣៥ឆ្នាំប៉ុន្តែលុយមិនអាចទិញសេចក្ដីថ្លៃថ្នូរបាន។
ព្រឹត្តិបត្រដដែលក៏បានពណ៌មានខ្សែបម្រើព័រទុយហ្គាល់ Bernardo ថាត្រូវបានគេដឹងឮជាលក្ខណៈអន្តរជាតិចំពោះទោសទណ្ឌនៃការរើសអើងពូជសាសន៍។
Man City ស្រឡាំងកាំងចំពោះព្រឹត្តិបត្ររបស់ Porto ពិសេសនៅត្រង់ការដៀមដាមដាក់ Bernardo Silva ជុំវិញការរើសអើងពូជសាសន៍ ទាំងដែល Porto ខ្លួនឯងធ្លាប់ត្រូវបាន UEFA ពិន័យ២០០០០អឺរ៉ូក្នុងឆ្នាំ២០១២បន្ទាប់ពីអ្នកគាំទ្រពួកគេបានបំពានពូជសាសន៍លើ Yaya Toure និង Mario Balotelli អំឡុងពេលក្រុមទាំង២ប៉ះគ្នាលើកមុន។
អ្នកនាំពាក្យ Man City បាននិយាយថានេះមិនមែនលើកទី១ទេដែល Porto បញ្ចេញប្រតិកម្មយ៉ាងអាក្រក់បែបនេះ។ ប្រតិកម្មចុងក្រោយបង្អស់របស់ពួកគេនេះគឺគួរឱ្យខកចិត្តណាស់៕