យុវជនជិត៤០០នាក់មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗទៀតបានចូលរួមការធ្វើតេស្ដកាលថ្ងៃអាទិត្យ ទី៣០ ខែសីហា នាទីលានអង្គការផ្កាយសមុទ្រ។
លោក សំ វ៉ាន់ដេត គ្រូបង្គោលក្រុមយុវជនព្រះខ័នរាជស្វាយរៀង បញ្ជាក់ថា ការធ្វើតេស្ដនឹងបញ្ចប់នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ដោយបែងចែកជាពីរដំណាក់កាល មួយ គឺ U16 និងមួយទៀត គឺ U18 ក្នុងគោលបំណងជ្រើសរើសកីឡាករត្រៀមប្រកួតពានរង្វាន់យុវជននានា។
លោក សំ វ៉ាន់ដេត លម្អិតបែបនេះ “៖មានពីរដំណាក់កាល គឺទីមួយ U16 ដែលចប់រួចរាល់ហើយ និងមួយទៀត គឺ U18 ដែលមានកំណើតនៅឆ្នាំ២០០៣ចុះក្រោម។ យើងតេស្ដ៥ថ្ងៃដល់ថ្ងៃសុក្រ អ្វីសំខាន់ គឺអភិវឌ្ឍក្លិបយើងដើម្បីលេងពានយុវជន និងដើម្បីអភិវឌ្ឍក្រុមធំ។ យើងមានកីឡាករមកតេស្ដពីបណ្ដាខេត្ត និងក្រុង សរុបខ្ទង់៤០០នាក់។ យើងបែងចែកថ្ងៃដោយសារតែមានអ្នកធ្វើតេស្ដច្រើន។ ថ្ងៃនេះយើងឲ្យពួកគាត់លេង ហើយថ្ងៃផ្សេងៗទៀតក៏មានកម្មវិធីផ្សេងៗទៀតតេស្ដពួកគាត់”។
ពាក់ព័ន្ធនឹងកម្មវិធីធ្វើតេស្ដយុវជននេះដែរ លោក Christopher Grant អ្នកចាត់ការទូទៅក្លិបព្រះខ័នរាជស្វាយរៀងបានរៀបចំពីផលប្រយោជន៍ដែលអ្នកត្រូវបានជ្រើសរើសចូលក្រុមថ្នាលផងដែរ។
អ្នកចាត់ការទូទៅខាងលើលម្អិត “៖ ចំនួនដែលនឹងត្រូវបានជ្រើសរើស យើងនឹងមើលជាក់ស្ដែងលើកីឡាករណាដែលមានអត្តចរិតល្អ និងបច្ចេកទេសលេងបាល់ ដូច្នេះយើងចាំមើលសិន។ ចំពោះផលប្រយោជន៍ដែលពួកគេនឹងទទួលបានពេលជាប់ការធ្វើតេស្ដ នោះគឺការហ្វឹកហាត់បាល់ទាត់លក្ខណៈអាជីពនៅក្លិបអាជីព ក្រោមការដឹកពីគ្រូអាជីព។ យើងមានកម្មវិធីហ្វឹកហាត់ដែលឆ្លើយតបទៅនឹងការអភិវឌ្ឍ និងឱកាសក្លាយជាកីឡាករនៅក្រុមធំ និងជាកីឡាករអាជីពនាពេលខាងមុខ។ ក្លិបព្រះខ័នរាជស្វាយរៀងមានប្រវត្តិអភិវឌ្ឍយុវជនយូរមកហើយ និងមានកីឡាករយ៉ាងច្រើនជាប់ជម្រើសជាតិកន្លងមក អ៊ីចឹងហើយបានជាយើងត្រូវតែបន្តការអភិវឌ្ឍយុវជននេះទៅមុខទៀត។ យើងចង់បង្កើតកីឡាករខ្លួនឯង មាននៅក្រុមធំ។ ក្លិបយ៉ាងច្រើនក៏កំពុងតែអភិវឌ្ឍថ្នាលយុវជន អ៊ីចឹងហើយបានជាយើងចង់ធ្វើឲ្យមានការរីកចម្រើនដើម្បីជាប្រយោជន៍សម្រាប់ក្លិបយើងដែលមានថ្នាលដ៏ល្អ។ នេះជាផែនការរបស់យើង ហើយយើងសង្ឃឹមថា នឹងមានកីឡាករនៅក្រុមធំ និងជម្រើសជាតិយ៉ាងច្រើនចេញពីថ្នាលរបស់យើងនាពេលខាងមុខ។”