កីឡាការិនីវាយកូនបាល់ឆ្នើមសញ្ជាតិហ្វីលីពីន Alexandra Eala (អាយុ ២១ ឆ្នាំ) ត្រូវបានគេជ្រើសរើសឲ្យចូលក្នុងបញ្ជីឈ្មោះអ្នកដឹកនាំវ័យក្មេងតំណាងឲ្យតំបន់អាស៊ី។

នាងទទួលបានកិត្តិយសដោយជាប់ឈ្មោះក្នុងបញ្ជី “Forbes 30 Under 30 Asia Leaders” (អ្នកដឹកនាំវ័យក្មេងអាស៊ីអាយុក្រោម ៣០ ឆ្នាំ ចំនួន ៣០ រូបរបស់ Forbes) ដើម្បីជាការទទួលស្គាល់ចំពោះសមិទ្ធផលដ៏លេចធ្លោគួរឲ្យកត់សម្គាល់របស់នាង ក្នុងការប្រកួតកន្លងមកនៅក្នុងកម្មវិធី WTA Tour។
កាលពីថ្ងៃទី ២៨ ទស្សនាវដ្តីអាមេរិក Forbes បានប្រកាសពីបញ្ជីឈ្មោះអ្នកដឹកនាំវ័យក្មេងអាស៊ីដែលមានអាយុក្រោម ៣០ ឆ្នាំ ដែលបានបង្ហាញសមត្ថភាពយ៉ាងឆ្នើមក្នុងវិស័យផ្សេងៗ រួមមាន ធុរកិច្ច ភាពយន្ត-កម្សាន្ត វិទ្យាសាស្ត្រ និងកីឡា ដោយក្នុងនោះមានឈ្មោះកញ្ញា Eala នៅក្នុងផ្នែកកីឡាផងដែរ។

Eala ត្រូវបានគេចាត់ទុកថាជាបុគ្គលដែលបានលើកកម្ពស់មុខមាត់វិស័យកីឡាវាយកូនបាល់ (Tennis) នៃប្រទេសកំណើតរបស់ខ្លួនឲ្យកើនឡើង ២ ទៅ ៣ កម្រិត តាមរយៈសមិទ្ធផលដ៏អស្ចារ្យនៅក្នុងម្មវិធី Women’s Professional Tennis (WTA) Tour ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ។
កាលពីខែមីនាកន្លងទៅ នាងបានឈានទៅដល់ចំណាត់ថ្នាក់លេខ ២៩ ក្នុងពិភពលោក ដែលជាការបំបែកកំណត់ត្រាចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម្រាប់កីឡាការិនីវាយកូនបាល់ហ្វីលីពីន។ លើសពីនេះទៅទៀត នាងបានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្លាយជាកីឡាការិនីហ្វីលីពីនដំបូងគេបង្អស់ ដែលបានយកឈ្នះលើកីឡាការិនីលំដាប់កំពូល Top 10 របស់ពិភពលោកចំនួន ២ រូប នៅក្នុងការប្រកួតតែមួយ (កម្មវិធី Miami Open) និងបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្នាដៃរបស់នាងមានច្រើនឥតគណនា រួមទាំងការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី WTA Tour និងការឈ្នះការប្រកួតឯកត្តជន (Singles) ក្នុងវគ្គចែកពូលសំខាន់នៃព្រឹត្តិការណ៍ Grand Slam ដែលសុទ្ធសឹងតែជា «លើកទីមួយ» នៅក្នុងប្រវត្តិសាស្ត្រប្រទេសរបស់នាង។

កាលពីខែធ្នូចុងឆ្នាំមុន នាងក៏បានឈ្នះមេដាយមាសលើវិញ្ញាសាវាយកូនបាល់ឯកត្តជននារី នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសថៃផងដែរ។
វាគឺជាលើកទីមួយហើយក្នុងរយៈពេល ២៦ ឆ្នាំ គិតចាប់តាំងពីឆ្នាំ ១៩៩៩ មក ដែលប្រទេសហ្វីលីពីនបានដណ្តើមបានចំណាត់ថ្នាក់លេខ ១ លើវិញ្ញាសាវាយកូនបាល់ឯកត្តជននារី នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឡើងវិញ។
ទស្សនាវដ្តី Forbes បានពន្យល់ថា៖ «ក្រៅពីសមិទ្ធផលផ្ទាល់ខ្លួន Eala យល់ដឹងយ៉ាងច្បាស់អំពីឥទ្ធិពលវប្បធម៌ដែលភាពជោគជ័យរបស់នាងមាន [ចំពោះសង្គមហ្វីលីពីន]» ដោយបានបន្ថែមថា៖ «ការជ្រើសរើសនេះគឺពិតជាស័ក្តិសមបំផុត ព្រោះនាងដើរតួជានិមិត្តរូបជំរុញទឹកចិត្ត និងជាអ្នកដឹកនាំដ៏គំរូសម្រាប់យុវជនអាស៊ីជំនាន់ក្រោយទៀតផង»។

ក្រៅពីកញ្ញា Eala ក៏មានតារាកីឡាអាស៊ីល្បីៗជាច្រើនរូបទៀត ដែលមានឈ្មោះក្នុងបញ្ជីនេះដែរ។
ក្នុងនោះរួមមានលោក Yoshinobu Yamamoto (អាយុ ២៨ ឆ្នាំ ជប៉ុន) ដែលជាកីឡាករពិចឈ័រ (Pitcher) ឲ្យក្រុមល្បី LA Dodgers, កញ្ញា Minjee Lee (អាយុ ៣០ ឆ្នាំ អូស្ត្រាលី) ដែលប្រមូលបានពានរង្វាន់រហូតដល់ ១១ ដង ក្នុងកម្មវិធី Ladies Professional Golf Association (LPGA) Tour និងកញ្ញា Divya Deshmukh (អាយុ ២០ ឆ្នាំ ឥណ្ឌា) ដែលជាកំពូលអ្នកលេងអុកកម្រិត Grandmaster ក៏ទទួលបានកិត្តិយសនេះផងដែរ។
គួរបញ្ជាក់ផងដែរថា បញ្ជីឈ្មោះនេះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដោយក្រុមអ្នកយកព័ត៌មាន និងក្រុមការងារនិពន្ធរបស់ Forbes Asia បន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់លើបេក្ខជនប្រមាណ ៤,០០០ នាក់ ដែលត្រូវបានដាក់ស្នើឡើងពីបណ្តាប្រទេសក្នុងតំបន់អាស៊ីចំនួន ១៨ ប្រទេស។
