អតីតជើងឯកប្រដាល់សកលពិភពលោក៥ប្រភេទទម្ងន់ Floyd Mayweather បានប្រកាសជាផ្លូវការហើយថាលោកនឹងឡើងសង្វៀនជាមួយអ្នកផលិតវីដេអូដាក់យូធូប (Youtuber) ឈ្មោះ Logan Paul ក្នុងការប្រកួតមិត្តភាពពិសេសមួយក្នុងខែកុម្ភៈឆ្នាំ២០២១។
មុនប្រកាសពីគូប្រកួតជាផ្លូវការដូច្នេះ Mayweather បានបង្ហោះសារលើ Instagram ថា៖ «តូក្យូ ជប៉ុន! ខ្ញុំនឹងវិលវិញក្នុងឆ្នាំ២០២១។ ខ្ញុំដឹងថាព្រឹត្តិការណ៍អូឡាំពិកនឹងធ្វើនៅជប៉ុនក្នុងឆ្នាំ២០២១ ប៉ុន្តែខ្ញុំខ្លួនឯង Floyd “Money” Mayweather និងក្រុមរបស់ខ្ញុំ នឹងធ្វើអ្វីមួយធំក្នុងទីក្រុងតូក្យូ។ ខ្ញុំកំពុងនៅតាមផ្លូវទៅទីនោះហើយ»។
Mayweather ជនជាតិអាមេរិក បានចូលនិវត្តន៍ពីប្រដាល់អាជីព ជាមួយកំណត់ត្រាវាយ៥០ដងឈ្នះគ្រប់ប្រកួត។ បច្ចុប្បន្នលោកមានវ័យ៤៣ឆ្នាំ។ លោកបានប្រកួតអាជីពលើកចុងក្រោយក្នុងឆ្នាំ២០១៧ ដោយផ្ដួលជើងឯក MMA: Conor McGregor ក្នុងការប្រកួតមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់។
ដោយឡែក Paul វ័យ២៥ឆ្នាំ ធ្លាប់ប្រកួតប្រដាល់អាជីពតែ១ដងគត់ ដោយបានចាញ់តារា Youtube ដូចគ្នា ឈ្មោះ KSI ក្នុងខែវិច្ឆិកាឆ្នាំ២០១៩។ Paul ជាជនជាតិអាមេរិក មាន subscribers ២២លាននាក់លើ Youtube របស់គេ។
Paul និង Mayweather បានជេរគ្នាលើបណ្ដាញសង្គមជាច្រើនលើកមកហើយ មុនត្រូវបានប្រកាសថានឹងឡើងប្រកួតគ្នាដូច្នេះ។
សូមរំឭកថា កាលពីខែធ្នូឆ្នាំ២០១៨ Mayweather បានប្រកួតមិត្តភាពនៅជប៉ុនម្ដងហើយដោយបានប្រើពេលត្រឹម១៤០វិនាទីដើម្បីផ្ដួលកីឡាករ kick-boxing ជប៉ុន Tenshin Nasukawa ក្នុងការប្រកួតដែលមានត្លៃ៩លានដុល្លារ៕