Skip to content
Beijing FC និង Ulsan Hyundai កក់កៅអី៨ក្រុមចុងក្រោយនៅ AFC Champions League ភាគបូព៌ា
    ទំព័រដើម  »  កីឡាអន្តរជាតិ

Beijing FC និង Ulsan Hyundai កក់កៅអី៨ក្រុមចុងក្រោយនៅ AFC Champions League ភាគបូព៌ា

Ulsan Hyundai បន្ដទទួលបានលទ្ធផលល្អ ក្នុងការប្រកួត AFC Champions League ឆ្នាំ ២០២០ ដោយបានទម្លាក់ Melbourne Victory ពីវគ្គ១៦ក្រុមចុងក្រោយ ក្រោយយកឈ្នះក្រុមអូស្រ្ដាលីមួយនេះ ដោយលទ្ធផល ៣-០ កាលពីយប់ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០។

Bjoern Maars Johnsen រកបានពីរគ្រាប់នៅនាទីទី ៦៥ និង ៨៦ និងមួយគ្រាប់ទៀតរកបានដោយ Doo-Jae Won នៅនាទីទី៧៧ ដែលធានាជ័យជម្នះសម្រាប់ក្រុមកូរ៉េខាងត្បូង កក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយជាលើកដំបូង ចាប់តាំងពីគ្រងតំណែងជាជើងឯកកាលពីឆ្នាំ ២០១២មក។

ដោយឡែកក្រុមចិន Beijing FC ទទួលបានកៅអីវគ្គ១/៤ផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន ក្រោយពីយកឈ្នះ FC Tokyo ទាំងលំបាកដោយលទ្ធផល ១-០។

ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Alan Carvalho បានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ Beijing FC នៅនាទីទី៥៩ ដែលធ្វើឱ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹក Bruno Génésio បន្ថែមកំណត់ត្រាមិនបរាជ័យដល់៧ប្រកួត សម្រាប់ពានរង្វាន់នេះ។

នៅសល់ពីរគូទៀត ដែលត្រូវប្រកួតតទល់គ្នានៅក្នុងវគ្គ១៦ក្រុមចុងក្រោយភាគបូព៌ានៅថ្ងៃនេះ ដោយក្រុមជើងខ្លាំងជប៉ុន Vissel Kobe នឹងប្រកួតជាមួយ Shanghai SIPG នៅម៉ោង ៥៖០០នាទីល្ងាច ហើយ Yokohama F. Marinos ប្រកួតជាមួយ Suwon Samsung Bluewings នៅម៉ោង ៩៖០០នាទីយប់ នៅទឹកដីកណ្ដាលប្រទេសកាតារ ខណៈនៅភាគបស្ចិមបានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្ររួចទៅហើយគឺក្រុមអ៊ីរ៉ង់ Persepolis៕