អំឡុងពេលស្ថិតក្នុងស្បៃអន្ធការខ្មៅងងឹតបំផុតក្នុងជីវិត Jo នឹកឃ្លានតែស្រាមិនថាព្រឹកឬថ្ងៃ ផឹកស្រាដើម្បីបំភ្លេចទុក្ខកង្វល់ បណ្ដាលឱ្យជីវិតរបស់គេធ្លាក់សឹងដល់បាតាល ប៉ុន្តែឥឡូវគេកំពុងស្ដារជីវិតឡើងវិញ លែងប៉ះគ្រឿងស្រវឹង ហើយសូម្បីតែក្លើចាក់ទឹកមិនលិចដូចជា Ronaldinho ក៏គេលែងជួបដែរ។
បច្ចុប្បន្នវ័យ៣៣ឆ្នាំ អតីតខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ FIFA World Cup 2014 Jo ដែលល្បីល្បាញអំឡុងពេលនៅជាមួយក្លិប CSKA Moscow និង Manchester City ចែករំលែកមេរៀនជីវិតជាក់ស្ដែងដែលគេបានឆ្លងកាត់។
កាលលេងឱ្យក្លិប Atletico Mineiro ជាមួយគ្នា Jo និង Ronaldinho លើសពីមិត្តរួមក្រុម ពោលគឺពួកគេជាសម្លាញ់នឹងគ្នា។ ប៉ុន្តែសព្វថ្ងៃ ពួកគេលែងទាក់ទងគ្នាហើយ ក្រោយពេល Jo ផ្លាស់ប្ដូររបៀបរស់នៅ។
Jo ដែលបានប្រកបអាជីពនៅជប៉ុនក្នុងក្លិប Nagoya Grampus ២ឆ្នាំ មុនត្រលប់ទៅប្រេស៊ីល ចូលក្លិបកុមារភាពរបស់គេ Corinthians ក្នុងរដូវក្ដៅឆ្នាំ២០២០ និយាយប្រាប់ TV Record ថា៖ «ពួកយើងឈប់រាប់អានគ្នាហើយ។ ពួកយើងមិននិយាយរកគ្នាយូរហើយ។ មិត្តខ្លះលែងទាក់ទងគ្នាដោយសារខ្ញុំបានផ្លាស់ប្ដូររបៀបរស់នៅ។ គ្រឿងស្រវឹងនាំទៅដល់ការបំផ្លាញខ្លួនឯង»។
២០១៣ជាឆ្នាំឡើងដល់កម្រិតកំពូលសម្រាប់ Jo។ គេផ្ដើមរកបានគ្រាប់បាល់សម្រាប់ប្រេស៊ីលក្នុងពាន FIFA Confederations Cup លើមាតុភូមិកំណើត មុនពេលជួយ Atletico Mineiro ឈ្នះជើងឯក Copa Libertadores ជាលើកដំបូង ដោយរកបាន៧គ្រាប់ក្នុងព្រឹត្តិការណ៍។ Jo ត្រូវបានជ្រើសរើសចូលបញ្ជីចុងក្រោយនៃក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2014។ ប៉ុន្តែភាគច្រើនគេអង្គុយកៅអីបម្រុង បានប្ដូរចូល៣ដង តែស៊ុតមិនចូលទេ។
ក្រោយព្រឹត្តិការណ៍ World Cup 2014 ដែលប្រេស៊ីលចាញ់អាល្លឺម៉ង់និងហុល្លង់យ៉ាងអាម៉ាសហើយបានលេខ៤លើទឹកដីខ្លួនឯងនោះ Jo ត្រលប់ទៅក្លិប Atletico Mineiro វិញ។ នោះជាពេលដែលជីវិតរបស់គេធ្លាក់ចូលអវីចី។
Jo ប្រាប់ថា៖ «ក្រោយព្រឹត្តិការណ៍ World Cup ខ្ញុំត្រលប់ទៅ Atletico ហើយនោះជាការចាប់ផ្ដើមនៃដំណាក់កាលដ៏អាក្រក់ក្នុងជីវិតខ្ញុំ។ ខ្ញុំលេងមិនបានល្អ ហើយបែកបាក់ពីភរិយា។ ខ្ញុំមិនចេញទៅណាហើយបង្កើតកំហុសយ៉ាងច្រើន»។
ប្រហែលគេចាកចេញពីប្រេស៊ីលឆាប់ពេកក៏ថាបាន មុនពេលគេចាស់ចិត្តចាស់គំនិតគ្រប់គ្រាន់។ Jo បានផ្ទេរចេញពី Corinthians ទៅអឺរ៉ុប ចូលរួម CSKA Moscow ក្នុងឆ្នាំ២០០៥ ក្នុងវ័យ១៨ឆ្នាំ។ គេលេងល្អ រកបាន៤៤គ្រាប់ពី៧៧ប្រកួត ហើយថែមទាំងស៊ុតចូល Inter Milan ទាំង២ជើងក្នុងវគ្គចែកពូល Champions League ក្នុងឆ្នាំ ២០០៧ទៀតផង។ ពេលនោះក្លិបជាច្រើនចាប់អារម្មណ៍ខ្សែប្រយុទ្ធស្បៃវែងប្រេស៊ីលកម្ពស់១.៩១ម៉ែត្ររូបនេះ។
នៅរដូវក្ដៅឆ្នាំ២០០៨ អ្នកចាត់ការ Man City នាពេលនោះ លោក Mark Hughes ពេញចិត្ត Jo ខ្លាំងអំឡុងពេលគេមានវ័យ២១ឆ្នាំ ហើយបាននាំគេមកអង់គ្លេសក្នុងតម្លៃ១៨លានផោន(២៤លានដុល្លារ) ថ្ងៃទី២ខែកក្កដា ក្នុងសម័យម្ចាស់ក្លិបជាមហាសេដ្ឋីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាតម្លៃទិញចូលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Man City មកទល់កាលណោះ។
ប៉ុន្តែនៅថ្ងៃទី១ខែកញ្ញា ម្ចាស់ក្លិបថ្មីសេដ្ឋីលុយអារ៉ាប់រួមបានចូលគ្រប់គ្រង Man City ជំនួស ហើយបានប្រជែងឈ្នះ Chelsea ដើម្បីទិញខ្សែប្រយុទ្ធប្រេស៊ីល Robinho ពី Real Madrid។
ប្រាកដណាស់ថាការប្រជែងយកកៅអី១១នាក់ដំបូងក្នុងតំបន់ប្រយុទ្ធ Man City តានតឹងខ្លាំងឡើង ដែលតម្រូវឱ្យ Jo បង្ហាញសមត្ថភាពឱ្យបានល្អ។ ប៉ុន្តែគេធ្វើមិនបានដូចបំណងឡើយ ដោយរកបានតែ១គ្រាប់គត់ពី៩ប្រកួតដំបូងក្នុង Premier League រួចត្រូវបានបញ្ចេញឱ្យ Everton ខ្ចីក្នុងខែមករានៃរដូវកាល២០០៨-០៩។ រដូវកាលនោះគេរកបាន៥គ្រាប់ពី១២ប្រកួត។
ត្រូវការពេលសម្របខ្លួនក្នុងលីគលំដាប់កំពូលពិភពលោកដូច Premier League នេះផង ទន្ទឹមនឹងកំណើនភាពប្រកួតប្រជែងក្នុងក្លិបជាមួយការមកដល់របស់ Craig Bellamy ផង ជាបន្តបន្ទាប់តម្រូវឱ្យ Jo ចេញទៅរកកន្លែងលេងថ្មីលើកិច្ចសន្យាខ្ចីនៅ Everton ម្ដងទៀតក្នុងរដូវកាល២០០៩-១០។ លើកនេះមិនដូចលើកមុនទេ គេរកបានតែ២គ្រាប់ប៉ុណ្ណោះពី២៤ប្រកួត។
លោក David Moyes បានបញ្ចប់កិច្ចសន្យារបស់ Jo ក្រោយគេទៅបុណ្យណូអែលនៅប្រេស៊ីលដោយគ្មានការអនុញ្ញាត។ Man City ក៏បញ្ចេញឱ្យ Galatasaray ខ្ចីបន្តនៅដើមឆ្នាំ២០១០។ គេលេងគ្រាន់ជាងមុនបន្តិចដោយ ដោយរកបាន៣គ្រាប់ដែរក្នុង១៥ប្រកួត។
មុនរដូវកាល២០១០-១១ ចាប់ផ្ដើម គេនៅជាមួយ Man City តែគេចាប់ឱកាសមិនបាន ដោយសារលេងមិនល្អ។ ក្នុងខែមិថុនាឆ្នាំ២០១១ គេក៏ត្រលប់ទៅប្រេស៊ីល ចូលរួមក្លិបប្រេស៊ីល Internacional។ នៅក្លិបនេះគេរកបានតែ៦គ្រាប់ពី៣៦ប្រកួត ប៉ុន្តែគ្រប់គ្រាន់ក្នុងការទាក់ទាញក្លិប Atletico Mineiro ឱ្យទិញរូបគេក្នុងខែឧសភាឆ្នាំ២០១២។
នៅចុងឆ្នាំ២០១៤ Atletico Mineiro វិះបញ្ចប់កិច្ចសន្យារបស់គេទៅហើយ ដោយសារលេងមិនកើត។ គេរកមិនបានគ្រាប់បាល់សោះក្នុងពេលដល់ទៅជាង១ឆ្នាំ តែទីបំផុតបានបញ្ចប់គ្រោះរាំងស្ងួតក្នុងវគ្គផ្ដាច់ព្រ័ត្រ Campeonato Mineiro 2015។
ការណ៍នេះជួយលើកតម្លៃរបស់គេឡើងវិញបន្តិច។ គេបានសម្រេចចិត្តចេញទៅបរទេសជាថ្មី គឺមកទ្វីបអាស៊ី ដោយចូលរួមក្លិប Al Shabab របស់អេមីរ៉េតអារ៉ាប់រួមក្នុងខែកក្កដាឆ្នាំ២០១៥ រួចផ្លាស់ទៅក្លិបចិន Jiangsu Suning ក្នុងខែកុម្ភៈឆ្នាំ២០១៦។ នៅក្លិប២នេះ Jo រកបានគ្រាប់បាល់យ៉ាងច្រើន។
អាជីពល្អវិញ Jo ក៏វិលទៅ Corinthians ក្នុងឆ្នាំ២០១៧ រកបាន២៥គ្រាប់ពី៦១ប្រកួត ជួយក្លិបមួយនេះឈ្នះពាន២។
ក្នុងឆ្នាំ២០១៨ គេបានមកអាស៊ីជាថ្មី ចូលរួមក្លិបជប៉ុន Nagoya Grampus។ គេធ្វើបានល្អណាស់នៅ J-League ដោយរកបាន២៤គ្រាប់ពី៣៣ប្រកួត។
កាលពីខែមិថុនាឆ្នាំ២០២០ Jo បានស៊ីញេកុងត្រាត្រលប់ទៅ Corinthians ជាលើកទី៣។
កាលមុន ព្រឹកមិនទាន់ Jo រកស្រាផឹកហើយ។ តែសព្វថ្ងៃ គ្រឿងស្រវឹងមួយដំណក់ក៏ Jo មិនប៉ះដែរ។
Jo និយាយថា៖ «ខ្ញុំភ្ញាក់រឭកថាខ្ញុំបានបង្កើតកំហុសក្នុងអតីតកាល។ កាលមុន ខ្ញុំមិនទាំងហ៊ានទទួលស្គាល់ការពិតផង។ តែឥឡូវ ខ្ញុំបានរកឃើញសន្តិភាពក្នុងជីវិតខ្ញុំហើយ»។
ប៉ុន្មានឆ្នាំចុងក្រោយ Jo ប្រហែលបាត់បង់ទំនាក់ទំនងជាមួយក្លើមួយចំនួន ប៉ុន្តែអ្វីដែលគេទទួលបានមកវិញគឺជីវិតថ្មីទាំងស្រុងមួយដែលល្អ៕