Asian Games 2026 ជាការវាស់ស្ទង់សមត្ថភាពកីឡាករប្រដាល់សកលកម្ពុជា ឆ្ពោះទៅកាន់ Olympic LA 2028

1 នាទីអាន

ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន នឹងក្លាយជាលានដ្ឋានដ៏សំខាន់សម្រាប់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការរស់រវើកសមត្ថភាពបច្ចេកទេស និងវាស់ស្ទង់កម្រិតកីឡាករជម្រើសជាតិរបស់ខ្លួនជាមួយជើងខ្លាំងកម្រិតពិភពលោក។

ទាក់ទិននឹងការចូលរួមនេះ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា ការប៉ះទង្គិចជាមួយកីឡាករលំដាប់កំពូលក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានតម្លៃបំផុត។ លើសពីនេះ Asian Games 2026 គ្រាន់តែជាឈ្នាន់វាស់ស្ទង់មួយប៉ុណ្ណោះ ប៉ុន្តែគោលដៅយុទ្ធសាស្ត្រចម្បងរបស់កម្ពុជា គឺការរៀបចំកម្លាំងឱ្យបានរឹងមាំដើម្បីចូលរួមប្រកួតជម្រុះដណ្តើមកៅអីកីឡាអូឡាំពិក (Olympic Games 2028) នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនាឆ្នាំ២០២៧។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់បន្ថែមថា៖ «ការតទល់ជាមួយកីឡាករខ្លាំងៗនៅជប៉ុន នឹងជួយឱ្យយើងមើលឃើញពីចំណុចខ្វះខាត ដើម្បីអភិវឌ្ឍបច្ចេកទេសបន្ថែម។ ទិសដៅធំបំផុតរបស់យើងគឺការប្រជែងកៅអី Olympic LA 2028 នាឆ្នាំ២០២៧ ដូច្នេះទាំងសហព័ន្ធ និងកីឡាករ នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព»។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ Asian Games គឺជាកន្លែងប្រមូលផ្តុំដោយប្រទេសមហាអំណាចខាងប្រដាល់សកល ជាពិសេស អ៊ូបេគីស្ថាន និងកាហ្សាក់ស្ថាន ដែលជានិមិត្តរូបនៃការឈ្នះមេដាយយ៉ាងច្រើនពី Olympic 2024 នៅប៉ារីស។

សម្រាប់បេសកកម្មនៅទីក្រុង Nagoya នាខែកញ្ញាខាងមុខនេះ សហព័ន្ធបានបញ្ជូនកីឡាករជម្រើសជាតិឆ្នើម ២រូប រួមមាន កីឡាករ វី សុភ័ស្ស (ប្រកួតលើប្រភេទទម្ងន់ ៧០គីឡូក្រាម) និងកីឡាករ Anvar Nasredinov (ប្រកួតលើប្រភេទទម្ងន់ ៨០គីឡូក្រាម)៕