អតីតកីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង Park Joo-ho បានចាកចេញពីក្រុមជើងឯក AFC Champions League, Ulsan Hyundai ទៅចូលរួមក្លិបទើបប្រូម៉ូតឡើងមកកាន់ក្របខណ្ឌកំពូលកូរ៉េខាងត្បូង Suwon FC។
Park ចាប់ផ្ដើមប្រលូកអាជីពជាកីឡាករបាល់ទាត់នៅក្លិប Mito Hollyhock នៃលីគទី២ជប៉ុនក្នុងឆ្នាំ ២០០៨ មុនផ្លាស់ទៅ Kashima Antlers ហើយក្លាយជាជើងឯក J League នៅទីនោះក្នុងឆ្នាំ២០០៩។
បន្ទាប់ពីចំណាយពេលមួយឆ្នាំកន្លះនៅ Jubilo Iwata ខ្សែការពារស្លាបឆ្វេងរូបនេះ បានចាកចេញពីប្រទេសជប៉ុន ទៅលេងឱ្យក្លិប FC Basel ដោយបានជួយពួកគេឈ្នះពានលីគកំពូលស្វីសពីរលើក មុនផ្ទេរទៅក្លិបអាល្លឺម៉ង់ Mainz 05 នៅខែកក្កដា ឆ្នាំ២០១៣។
នៅរដូវក្ដៅឆ្នាំ២០១៥ កីឡាករដែលឈ្នះមេដាយមាស Asian Games 2014 ជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចុះកិច្ចសន្យាផ្ទេរមក Borussia Dortmund ដែលមានអ្នកចាត់ការក្លិបលោក Thomas Tuchel ដឹកនាំនៅទីនោះ។ នៅពេលអ្នកចាត់ការជនជាតិអាល្លឺម៉ង់ត្រូវបានបណ្ដេញចេញពីតំណែង Park ត្រូវបានបញ្ជូនទៅលេងនៅក្រុម Dortmund B មុនពេលត្រលប់មកកូរ៉េខាងត្បូងវិញ។
Park បានចូលរួម Sowon FC ដែលប្រូម៉ូតមកកាន់លីគកំពូលកូរ៉េខាងត្បូង រដូវកាលឆ្នាំ២០២០ ក្រោយយកឈ្នះ Gyeongnam FC នៅវគ្គ play-off។
កីឡាករវ័យ៣៤ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូងដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ២០១៥ ដែលកាលនោះបរាជ័យនៅម៉ោងបន្ថែមទល់នឹងក្រុមម្ចាស់ផ្ទះអូស្ដ្រាលី៕