Skip to content
- ក្លិប Everton បានរៀបចំរួចរាល់ក្នុងការដាក់សំណើខ្ចី ខ្សែបម្រើ Deli Alli ដែលពុំសូវទទួលបានឱកាសចូលលេងនៅក្លិប Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Jose Mourinho នៅពេលទីផ្សាដោះដូរត្រូវបានបើកដំណើរការនៅខែក្រោយ។ Alli ទទួលបានឱកាសចូលលេងតែ៥នាទីប៉ុណ្ណោះ ក្នុងជំនួបទល់នឹង Crystal Palace កាលពីចុងសប្ដាហ៍កន្លងទៅ។ បើគិតចាប់ពីដើមរដូវកាលមក ខ្សែបម្រើអង់គ្លេសវ័យ២៤ឆ្នាំខានចូលលេងក្នុងជម្រើស១១នាក់ដំបូង ច្រើនប្រកួតមកហើយ តាំងពីចាញ់ Everton ១-០ ក្នុងជំនួបបើកឆាកនៅ Premier League មកម្ល៉េះ។ តាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Mirror បានឱ្យដឹងថា Everton កំពុងរង់ចាំឱកាសក្នុងការចរចាផ្ទេរ Alli ឬមិត្តរួមក្រុម Harry Winks ដែលជាកីឡាករក្រៅជម្រើសរបស់លោក Mourinho នៅខែមករា ឆ្នាំ២០២១ខាងមុខ។
- ខ្សែបម្រើ Sami Khedira របស់ក្លិបសេះបង្កង់ Juventus បានទម្លាយឱ្យដឹងថា រូបគេបានទាក់ទងជាមួយអ្នកចាត់ការក្លិប Everton លោក Carlo Ancelotti ស្របពេលដែលកីឡាកររូបនេះ ត្រៀមបញ្ចប់កុងត្រាជាមួយក្លិបអ៊ីតាលីនៅខែមករាខាងមុខ។ Khedira មិនស្ថិតនៅក្នុងជម្រើសកីឡាករក្នុងក្រុមដែលបង្វឹកដោយលោក Andrea Pirlo នោះទេក្នុងរដូវកាលនេះ ខណៈអតីតខ្សែបម្រើក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅតែរក្សាទំនាក់ទំនងល្អជាមួយអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Ancelotti ដែលធ្លាប់ធ្វើការជាមួយគ្នានៅ Real Madrid។ ខ្សែបម្រើវ័យ៣៣ឆ្នាំ បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bild ថា រូបគេនិងលោក Ancelotti បានទាក់ទងគ្នា ហើយរូបគេចង់ផ្លាស់ទៅក្លិបអង់គ្លេសនៅខែមករា ដើម្បីបានបង្ហាញវត្តមានលើទីលានប្រកួតជាថ្មី។
- អ្នកចាត់ការក្លិប Real Madrid លោក Zinedine Zidane បាននិយាយថា ខ្សែបម្រើ Isco គឺស្ថិតនៅក្នុងគម្រោងរបស់លោក ប៉ុន្ដែជាក់ស្ដែង កីឡាករអេស្ប៉ាញរូបនេះ កម្រនឹងបានចូលលេងក្នុងការប្រកួតធំៗ នៅរដូវកាល ២០២០-២១។ ចាប់តាំងពីផ្លាស់មកចូលរួមនៅ Real Madrid នៅឆ្នាំ២០១៣ Isco មិនស្ថិតនៅក្នុងជម្រើសចំបងក្នុងក្រុមឡើយ។ ហើយតាមការចុះផ្សាយរបស់ MARCA កីឡាករវ័យ២៨ឆ្នាំ កំពុងពិចារណាស្វែងរកទ្រនំថ្មី នៅខែមករា ដើម្បីទទួលបានឱកាសបង្ហាញសមមត្ថភាពបានច្រើនជាងនេះ។
- តាមការចុះផ្សាយនៅលើវេបសាយ Todofichajes, ក្លិប Tottenham Hotspur កំពុងពិភាក្សាជាមួយ Juventus ជុំវិញការផ្ទេរ ខ្សែប្រយុទ្ធ Paulo Dybala ដែលធ្លាប់ជាកីឡាករគោលដៅរបស់ក្លិបអង់គ្លេស តាំងពីលោក Maurico Pochettino នៅដឹកនាំម្ល៉េះ។ អនាគតរបស់ Dybala ជាមួយក្លិប Juventus កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ក្រោមការដឹកនាំរបស់លោក Andrea Pirlo ដោយរូបគេបានចូលលេងក្នុងជម្រើស១១នាក់ដំបូងតែ ១១ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។ ហើយក្លិប Tottenham អាចនាំយក កីឡាករអាហ្សង់ទីនដ៏មានទេពកោសល្យរូបនេះ មកពង្រឹងនៅតំបន់ប្រយុទ្ធ នៅពេល Gareth Bale និង Carlos Vincius បញ្ចប់កិច្ចសន្យាខ្ចី ហើយត្រលប់ទៅក្លិបដើមពួកគេវិញ។
- ខ្សែប្រយុទ្ធលេចធ្លោ Memphis Depay ដែលអ្នកចាត់ការក្លិប Barcelona លោក Ronald Koeman ចង់បាន ក៏ជាកីឡាករគោលដៅដែលក្លិប Paris Saint-Germain ចាប់អារម្មណ៍ផងដែរ នេះបើតាមការរាយការណ៍ពី Le Parisien។ ប្រភពដដែលនេះបានឱ្យដឹងថា កីឡាករនៅក្នុងក្រុម PSG មានការពេញចិត្ត Depay ដែលអាចចាប់ដៃគូជាមួយ Kylian Mbappe នៅតំបន់ប្រយុទ្ធ។ បច្ចុប្បន្នកីឡាករហូឡង់ រកគ្រាប់បាល់បាន៦គ្រាប់ ក្នុងការចូលលេង១៤ប្រកួតឱ្យ Lyon នៅរដូវកាលនេះ ហើយរូបគេនឹងផុតកុងត្រាជាមួយក្លិបបារាំងនៅពេលចប់រដូវកាល ២០២០-២១។
- ក្រៅពី Depay ក្លិបជើងឯកលីគកំពូលបារាំង ក៏ចង់បានខ្សែបម្រើ Houssem Aouar របស់ក្លិប Lyon ដែលជាកីឡាករគោលដៅរបស់ក្លិប Arsenal។ ក្លិបកាំភ្លើងធំបានចរចាផ្ទេរ ខ្សែបម្រើវ័យ២២ឆ្នាំ មកកាន់ទីក្រុងឡុងដុង កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែចុងក្រោយក្លិប Lyon បានសម្រេចលុបការចរចានេះ។ បើតាមការចុះផ្សាយរបស់ RMC Sport បានឱ្យដឹងថា ក្លិបយក្សបារាំង PSG បានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើលេចធ្លោរូបនេះ កាន់តែខ្លាំង ហើយអាចនឹងដាក់សំណើផ្ទេររូបគេមកកាន់ទីក្រុងប៉ារីស នៅរដូវក្ដៅបន្ទាប់។
- ក្លិបកាំភ្លើងធំ Arsenal ត្រូវប្រកួតប្រជែងជាមួយ Leicester City និង West Ham United ក្នុងការដាក់សំណើផ្ទេរ កីឡាករវ័យក្មេង Amadou Diawara របស់ក្លិប Roma។ Diawara កៀកនឹងផ្ទេរទៅកាន់ក្លិបអង់គ្លេស អំឡុងការដោះដូរកាលពីរដូវក្ដៅ ប៉ុន្ដែចុងក្រោយគេនៅបន្ដលេងឱ្យ Roma។ ប៉ុន្ដែថ្មីៗនេះ វេបសាយ LaRoma42 បានរាយការណ៍ថា ក្លិប Roma បានត្រៀមក្នុងការលក់កីឡាកររូបនេះ ក្នុងតម្លៃ១៥លានផោន នៅខែមករាខាងមុខ។ ក្លិបគោលដៅដែល Diawara អាចនឹងចូលរួមអាចជា Arsenal ឬ Leicester City។ ហើយប្រភពខាងលើក៏បានអះអាងថា អ្នកចាត់ការក្លិប West Ham លោក David Moyes ក៏ចាប់អារម្មណ៍ខ្សែបម្រើ២៣ឆ្នាំរូបនេះ ប្រសិនបើ Declan Rice ចាកចេញនៅខែមករា៕