Skip to content
Ronaldo ចាយលុយ៨លានដុល្លារ ទិញដី១ហិកតា ទុកសង់ភូមិគ្រឹះរស់នៅ ពេលចូលនិវត្តពីបាល់ទាត់
    ទំព័រដើម  »  កីឡាអន្តរជាតិ

Ronaldo ចាយលុយ៨លានដុល្លារ ទិញដី១ហិកតា ទុកសង់ភូមិគ្រឹះរស់នៅ ពេលចូលនិវត្តពីបាល់ទាត់

Cristiano Ronaldo ទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីការប្រកួតអាជីពជាកីឡាករបាល់ទាត់ច្រើនឆ្នាំ ដូច្នេះហើយបានជាគេ មានលទ្ធភាពក្នុងការចំណាយលើការសាងសង់ភូមិគ្រឹះដ៏ប្រណិត ដើម្បីទៅរស់នៅ នៅពេលចូលនិវត្តពីបាល់ទាត់។

ពេលវេលាសម្រាប់ ខ្សែប្រយុទ្ធ Juventus ជាមួយបាល់ទាត់មានមិនច្រើននោះទេ ហើយកីឡាករវ័យ៣៥ឆ្នាំរូបនេះ អាចនឹងប្រកាសព្យួរស្បែកជើង បន្ទាប់ពីជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលអាចឈានដល់ជុំចុងក្រោយនៃការប្រកួត World Cup 2022 នៅកាតារ។

Ronaldo មិនត្រឹមតែជាកីឡាករម្នាក់ដែលជោគជ័យនៅក្នុងវិស័យបាល់ទាត់តែមួយមុខនោះទេ ប៉ុន្ដែម្ចាស់ Ballon d’Or រូបនេះក៏មានជំនួញជាច្រើននៅក្នុងដៃថែមទៀតផង ដែលផ្ដល់លទ្ធភាពឱ្យគេ ហ៊ានចំណាយ៨លានដុល្លារអាមេរិក ដើម្បីទិញដីសាងសង់ភូមិគ្រឹះ។

ផ្ទៃដីសរុបសម្រាប់ការសាងសង់ មានទំហំ១០.០០០ម៉ែត្រការ៉េ(មួយហិកតា) នៅក្បែរមហាសមុទ្រអាត្លង់តិច។ ដីរបស់ Ronaldo គឺស្ថិតនៅលើកោះនៅតំបន់កណ្ដាលនៃទីផ្សារ និង មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។

ពលរដ្ឋដែលរស់នៅទីនោះបាននិយាយថា៖ “តំបន់ដ៏ធំនេះ ត្រូវបានព័ទ្ធរបងជុំវិញ ហើយវាត្រូវបានទិញដោយ Ronaldo។ ខ្ញុំលឺថា Ronaldo នឹងត្រលប់មករស់នៅទីនេះ បន្ទាប់ពីគាត់ចូលនិវត្ត។ នៅពេលដែលគាត់ក្លាយជាអ្នកជិតខាងម្នាក់ ខ្ញុំរីករាយណាស់”។

សម្រាប់គម្រោងភូមិគ្រឹះថ្មីនេះ បានបង្ហាញថា Ronaldo ចង់ត្រលប់ទៅរស់នៅព័រទុយហ្កាល់វិញ នៅពេលឈប់លេងបាល់៕