លោក Ryan Giggs អតីតតារាជើងស៊ុតរបស់ ក្លិប Manchester United បានចូលបំភ្លឺនៅតុលាការនៅទីក្រុង Manchester កាលពីថ្ងៃចន្ទទី៨ខែសីហាឆ្នាំ២០២២ ជុំវិញការចោទថា រំលោភបំពាន និងប្រើអាកប្បកិរិយាបង្ខិតបង្ខំ ទៅលើអតីតមិត្តស្រីរបស់លោក គឺ នាង Kate Greville។ ក្នុងហេតុការណ៍ដែលបានកើតឡើងនៅផ្ទះរបស់លោកកាលពី២ឆ្នាំមុននោះ នាង Kate បានអះអាងបន្ថែមថាលោក Giggs បានវាយដំនាងទៀតផង។
លោក Giggs វ័យ៤៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីការវាយដំ នាង Kate Greville វ័យ៣៦ ឆ្នាំបណ្ដាលអោយមានរបួសរាងកាយ នៅផ្ទះរបស់លោកស្ថិតនៅទីក្រុង Manchester ក្នុងថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២០កន្លងទៅ។ ជាមួយគ្នានេះដែរ អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ក៏ត្រូវបានចោទប្រកាន់ បន្ថែមទៀត ពីបទធ្វើបាបលើប្អូនស្រីរបស់នាង គឺ Emma Greville ក្នុងអំឡុងហេតុការណ៍នោះ។ ហើយការចោទប្រកាន់នេះ មិនមែនតែមួយដងនេះឡើយ ពោលគឺអំពើហិង្សាទៅលើមិត្ដស្រីរបស់លោកត្រូវបានចោទប្រកាន់ចន្លោះពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២០ ។
ការកាត់ក្ដីរបស់លោកនៅតុលាការទីក្រុង Manchester ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ ថ្ងៃ។
ទោះបីយ៉ាងណាក្ដី អតីតគ្រូធំវេលស៍ខាងលើបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយលោកបានលើកឡើងថា មិនចង់ឱ្យប៉ះពាល់ដល់ក្រុមជម្រើសជាតិរបស់លោក ក្នក្នុងព្រឹត្តិកាណ៏ FIFA World Cup 2022 នៅកាតាចុងឆ្នាំនេះឡើយ។
តាមពិតទៅ រឿងក្ដីរបស់ Giggs ត្រូវបានតុលាការឱ្យចូលបំភ្លឺលើកដំបូងតាំងពីខែ មករា មក ម្ល៉េះ ប៉ុន្តែត្រូវបានពន្យារវិញដោយសារការីករាលដាល ដោយជំងឺ COVID-19។
រង់ចាំមើលទាំងអស់គ្នាថាតើខ្សែបម្រើស្លាបក្រុមបិសាចក្រហម និងជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិ វេលស៍ រូបនេះនឹងត្រូវតុលាការរកឃើញទោសឬយ៉ាងណា?
ប្រភព: MARCA