Skip to content
៨រឿងអស្ចារ្យរបស់ខ្សែការពារឆ្នើមថៃ Theerathon Bunmathan
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

៨រឿងអស្ចារ្យរបស់ខ្សែការពារឆ្នើមថៃ Theerathon Bunmathan

ខ្សែការពារស្លាបឆ្វេងជម្រើសជាតិថៃ Theerathon Bunmathan ជាកីឡាករបាល់ទាត់ល្បីឈ្មោះខ្លាំងបំផុតមួយរូបក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈទេពកោសល្យដ៏ចំណាន។ កីឡាករវ័យ៣០ឆ្នាំដែលកំពុងលេងឱ្យក្លិប Yokohama F. Marinos ក្នុងលីគកំពូលជប៉ុន ធ្លាប់ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ថៃប្រចាំឆ្នាំ២០១៣, ជាប់ក្នុង AFC Champions League Dream Team 2013 និងជាប់ក្នុងបញ្ជីជម្រើស១១នាក់ល្អបំផុតប្រចាំពានរង្វាន់អាស៊ីអាគ្នេយ៍ AFF Championship 2012។ ប៉ុន្តែនៅមានរឿងអស្ចារ្យជាច្រើនទៀតដែលទស្សនិកជនប្រហែលមិនទាន់ដឹងអំពី Theerathon ដែលមានឈ្មោះក្រៅ «អ៊ុំ»។

១. ជាកីឡាករបាល់ទាត់ថៃដំបូងគេបាននាំក្រុមបរទេសឈានដល់វគ្គ Knock-out ពាន ACL

ធិរ៉ាថន ហៅ អ៊ុំ បានក្លាយជាកីឡាករបាល់ទាត់ថៃដំបូងគេដែលរួមចំណែកជួយក្លិបបរទេសឆ្លងផុតពូលនៃពានរង្វាន់ AFC Champions League។ កន្លងមក មានកីឡាករថៃជាច្រើននាក់បានលេងនៅបរទេស មានឱកាសលេងក្នុងព្រឹត្តិការណ៍ ក្លិបអាជីពទ្វីបអាស៊ី ប៉ុន្តែមិនដែលផុតវគ្គទីមួយនោះទេ។ តែ ធីរ៉ាថន បាននាំ Yokohama F Marinos ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ AFC Champions League ឆ្នាំ ២០២០។ តែគួរឱ្យស្ដាយ Yokohama បានធ្លាក់ក្រោមថ្វីជើង Suwon Samsung Bluewings ២-៣។ គេបានចូលលេង ៦ប្រកួត ស៊ុត ១ គ្រាប់ និង assist ១គ្រាប់។

២. បានរួមចំណែកជួយ៣ក្លិបផ្សេងគ្នាឆ្លងផុតវគ្គជម្រុះពានក្លិបទ្វីបអាស៊ី


ធីរ៉ាថន ប៊ុនម៉ាថាន់ បានលេងក្នុងពាន Champions League តាំងពីឆ្នាំ ២០០៩ ដោយផ្ដើមជាមួយក្លិបអគ្គិសនីខេត្តបុរីរម្យ។ មានអាយុត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះកាលណោះ គេបានស្ថិតក្នុងវគ្គជម្រុះ បើទោះជាជាប់ឈ្មោះត្រឹមបម្រុងក៏ដោយ ក្នុងការប្រកួតទល់នឹង Singapore Armed Forces។

បន្ទាប់មក ធីរ៉ាថន បានលេងក្នុងពានរង្វាន់ AFC Champions League ជាមួយនឹងក្លិប Buriram United ដែលត្រូវបានប្ដូរឈ្មោះពីក្រុមអគ្គិសនីខេត្តបុរីរម្យ, ក្លិប Muangthong United ដែល​គេ​បានផ្ទេរ​មក​ក្នុង​តម្លៃ​ឯតទគ្គកម្ម​ថៃ(៣៥លានបាត = 1164783 ដុល្លារ មុនត្រូវបានបំបែកដោយ Tanabook Kesarat ៥០លានបាត) និង Yokohama F Marinos ហើយមានកំណត់ត្រាលេងយ៉ាងល្អ បានជួយក្រុមឆ្លងផុតពូល ទៅវគ្គ១៦ក្រុមទាំង ៣ក្លិប។ ក្នុងឆ្នាំ ២០១៣ គេធ្លាប់នាំ Buriram ឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ។ ស្ថិតិនៃការលេង ACL របស់ ធីរ៉ាថន ប៊ុនម៉ាថាន់ ទាំងអស់ចំនួន ៥០ប្រកួត ដោយក្នុងនោះលេងវគ្គបែងចែកពូល៤៦ប្រកួត, វគ្គ Play-off ៤លើក, ស៊ុត ៧គ្រាប់ និង assist ៩ដង។

៣. កីឡាករថៃដំបូងគេឈ្នះជើងឯក J.League 1

ចាប់តាំងពី J.League បើកការប្រកួតជាផ្លូវការនៅទសវត្សឆ្នាំ ១៩៦០ កីឡាករថៃជាច្រើននាក់បានទៅលេងនៅលើទឹកដីនៃព្រះអាទិត្យរះមួយនេះ។ ចាប់តាំងពីយុគសម័យ វិតថាក់យ៉ា ឡាវហាគុនណាក់ធី, ថងស៊ុខាក់កែវ, រ៉ុនណាក់ឆៃ សាក់យ៉ុមឆៃ , ផុងសាក់ថន ធៀបថង , ប្រាក់សឺត ឆាងមូន , ស៊ុមឆាយ សាប់ភឺម, អាក់ឌុន ឡាក់សុ, ឆាក់ណាធិប សុងកាក់ស៊ីន, ធីរ៉ាកស៊ីន ដេងដា សុទ្ធសឹងតែមិនទាន់បានឈ្នះពានរង្វាន់ជាផ្លូវការ J.League 1 នៅឡើយ។ ប៉ុន្តែ ធីរ៉ាថន អាចជួយនាំក្រុម Yokohama F Marinos គ្រងជើងឯក J.League 1 រដូវកាលឆ្នាំ ២០១៩ បានសម្រេច។

៤. កីឡាករថៃលេងនៅបរទេសដំបូងគេបានលេងជាមួយ​ជើងឯក​ពិភពលោក២នាក់

ដំណើរផ្សងព្រេងជាកីឡាករបរទេសនៅប្រទេសជប៉ុនរបស់ ធីរ៉ាថន គឺគួរឱ្យចាប់អារម្មណ៍ ព្រោះគាត់បានចូលរួមជាមួយក្លឹបបាល់ទាត់ Vissel Kobe ក្នុងឆ្នាំ២០១៨ ក្នុងកិច្ចសន្យាខ្ចីជើងពី Muangthong United។ គេបានចូលរួមក្រុមជាមួយខ្សែប្រយុទ្ធឆ្នើមអាល្លឺម៉ង់ឈ្នះ FIFA World Cup ឆ្នាំ ២០១៤ Lucas Podoski ក្នុង J.League 1 ឆ្នាំ ២០១៨ ហើយគេក៏បានធ្វើការជាមួយកីឡាករលំដាប់ពិភពលោកម្នាក់ទៀតផងដែរគឺ Andres Iniesta វីរបុរសក្រុមជម្រើសជាតិអេស្ប៉ាញជើងឯកពិភពលោកឆ្នាំ២០១០ និងជា legend របស់ Barcelona។

៥. បានតម្លៃខ្លួនក្នុង J-League 50 លានយ៉េនក្នុងមួយឆ្នាំ

វិបសាយជប៉ុន soccer-money.net បង្ហើបពីតម្លៃខ្លួនកីឡាករបាល់ទាត់របស់ J.League 1 ចំនួន ៥៦៦នាក់ ក្នុងក្រុមទាំង១៨នៅដើមឆ្នាំ២០២០។ តម្លៃខ្លួនរបស់ ធីរ៉ាថន លេងអោយ Yokohama F Marinos គឺ៥០លានយ៉េនក្នុងមួយឆ្នាំ ឬស្មើនឹងជាង៤៨ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ បើគិតជាខែ កីឡាករប្រសព្វជើងឆ្វេងដ៏អស្ចារ្យរបស់ថៃម្នាក់នេះទទួលបានជាង៤ម៉ឺនដុល្លារក្នុងមួយខែដោយមិនទាន់រាប់បញ្ចូលប្រាក់រង្វាន់ក្នុងការប្រកួតនៅឡើយ។

៦. ឈ្នះជើងឯកថៃលីគចំនួន ៥ លើក

កាលពីឆ្នាំ ២០១៦ ធីរ៉ាថន បានបន្តឈ្នះជើងឯកលីគជាមួយ មឿងថងយូណាយធីត ដែលជាការឈ្នះលើកទី៥នៅលីគកំពូលថៃ បន្ទាប់ពី៤ដងមុនឈ្នះជាមួយក្រុមបុរីរម្យយូណាយធីត ស្មើជាមួយកំណត់ត្រាជើងខ្លាំងលំដាប់ដូចជា រាំងសាន់ វីវ៉ាត់ឆៃយ៉ាក់ឆូក, ភិសិតផុង ឆឺយឈីវ ដែលបានឈ្នះពានរង្វាន់លីគថៃច្រើនជាងគេនៅពេលនោះ បន្ទាប់ពីនោះកីឡាករដែលឈ្នះជើងឯកលីគកំពូលថៃច្រើនដងរហូតមកដល់បច្ចុប្បន្នគឺ ស៊ីវរ៉ាក់ ថេតស៊ូងនឺន, ស៊ុឆៅ នុតនំ, ចាក់កាផាន់ កែវភ្រំ, បានឈ្នះជើងឯកម្នាក់ ៦ ដងជាមួយក្រុម Buriram United។

៧. នាំជម្រើសជាតិថៃឆ្លងទៅវគ្គ១២ក្រុមចុងក្រោយនៃវគ្គជម្រុះ FIFA World Cup នៅអាស៊ី

ក្រៅពីជោគជ័យរបស់គេនៅលើវិថីក្លិបបាល់ទាត់អាជីព ធីរ៉ាថន ហៅ អ៊ុំ ក៏ជាកីឡាករសំខាន់ម្នាក់ដែលបានជួយក្រុមជម្រើសជាតិថៃទទួលជោគជ័យ។ ធីរ៉ាថន បានជាប់ជម្រើសជាតិថៃតាំងពី១២ឆ្នាំមុនមកម្ល៉េះរហូតដល់ក្រុមធំ។ ហើយនៅក្នុងក្រុមធំនេះ គេបានរួមចំណែកជួយនាំក្រុមជម្រើសជាតិថៃបោះជំហានដល់ដំណាក់កាលជិតជុំផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក ពោលគឺនាំក្រុមជម្រើសជាតិថៃដល់វគ្គ១២ក្រុមចុងក្រោយនៅអាស៊ីក្នុងវគ្គជម្រុះ World Cup ២០១៨ ដែលលោក កៀតទិសាក់ សេណាមឿង ជាគ្រូបង្វឹក។ ក្រុមជម្រើសជាតិថៃធ្លាប់បានធ្វើវាម្តងរួចមកហើយនៅក្នុងតំបន់អាស៊ីវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០០២ ដែលមានគ្រូជនជាតិអង់គ្លេស Peter Withe ជាអ្នកបង្វឹកអំឡុងពេលនោះ នៅខណៈដែល ធីរ៉ាថន ទើបមានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ។

៨. ជាកីឡាករថៃដែលរកបានគ្រាប់បាល់សម្រាប់៣ក្លិបផ្សេងគ្នាក្នុងពាន Champions League អាស៊ី។ គឺសម្រាប់ក្លិប Buriram United, Muangthong United និង Yokohama F. Marinos៕