Skip to content
កីឡាករ៩រូបដែលលេចធ្លោតាំងពីក្មេង តែបែរ​មកធ្លាក់កូដនៅ Real Madrid
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករ៩រូបដែលលេចធ្លោតាំងពីក្មេង តែបែរ​មកធ្លាក់កូដនៅ Real Madrid

Real Madrid ជាក្លិបសម្បូរ​កីឡាករវ័យក្មេង មានសមត្ថភាព និង ទេពកោសល្យ បានសាងកេរ្ដិ៍ឈ្មោះនៅទីនោះ ប៉ុន្ដែកីឡាករ័យក្មេងមួយចំនួន មិនសូវទទួលបានឱកាសបង្ហាញសមត្ថភាព​ក្នុង​ក្រុម​ធំ​នៃ​ក្លិប​យក្ស​​ដែល​​ពោរពេញ​ដោយ Superstars មួយ​នេះ​ ហើយត្រូវបង្ខំចិត្តចាកចេញ ទៅរកទ្រនំថ្មី។ តាមប្រភពពីសារព័ត៌មាន The Sun បានបង្ហាញបញ្ជីឈ្មោះកីឡាករ៩រូបដែលលេច​ធ្លោ​ខ្លាំង​កាល​នៅ​ជា​យុវជន​ ហើយត្រូវធ្លាក់កូដ​ពេល​ចូល​ដំណាក់កាល​​ក្រុម​ធំ​នៅ​ Real Madrid។

Juan Mata

Mata ជាកីឡាករថ្នាលយុវជនរបស់ក្លិប Real Oviedo ដែលផ្លាស់មក Real Madrid នៅពេលាមានអាយុ១៥ឆ្នាំ។ ខ្សែបម្រើអេស្ប៉ាញបង្ហាញសមត្ថភាពលេចធ្លោតាំងពីឈុតថ្នាល ដល់ឈុតទី២របស់ Real Madrid មុនពេលចាកចេញទៅ Valencia នៅឆ្នាំ២០០៧។

Mata ចាប់ផ្ដើមសាងកេរ្ដិ៍ឈ្មោះនៅ Valencia ហើយ​ឡើង​ជាប់​ជម្រើស​ជាតិ មុនពេលផ្លាស់ទៅអង់គ្លេស ចូលរួម Chelsea និង Manchester United។

Samuel Eto’o

វីរបុរសកាម៉ារូន Eto’o បានផ្លាស់មកចូលរួមជាមួយ Real Madrid នៅក្នុងវ័យ១៦ឆ្នាំ ពីក្លិប Kadji Sports Academy នៅក្នុងប្រទេសកំណើតរបស់លោក។ Eto’o ពុំសូវទទួលបានឱកាសក្នុងការបង្ហាញខ្លួនលើទីលានប្រកួត ដោយសារពិបាកប្រជែងតំណែងជាមួយ Raul, Fernando Morientes និង Ronaldo Nazario។

Eto’o ចូលលេងបានតែ៧ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមអធិរាជស ហើយមិនអាចរកគ្រាប់បាល់បាននោះទេ បន្ទាប់មកគេបានផ្លាស់ទៅ Mallorca នៅឆ្នាំ ២០០២ មុនល្បីឈ្មោះនៅ Barcelona។

Fabinho

ខ្សែបម្រើការពារសំខាន់របស់ Liverpool ក៏ធ្លាប់ជាកីឡាកររបស់ Real Madrid ផងដែរ។ នៅក្នុងវ័យ១៨ឆ្នាំ ក្លិបយក្សអេស្ប៉ាញ បានទិញ Fabinho ពីក្លិបប្រេស៊ីល Fluminense ឱ្យមកជួយក្រុមនៅឈុត B ជាមួយ Alvaro Morata, Casemiro និង Lucas Vazquez ជាដើម។

អ្នកចាត់ការ Jose Mourinho ដែលកាលនោះ នៅដឹកនាំ Real Madrid បានផ្ដល់ឱកាសឱ្យ ខ្សែបម្រើប្រេស៊ីលបង្ហាញខ្លួននៅឈុតធំ នាឆ្នាំ២០១៣ ក្នុងការប្រកួតជ័យជម្នះ ៦-២ លើ Malaga។ បន្ទាប់មកលោក Mourinho បានដាក់គេឱ្យក្លិប Monaco ខ្ចី មុនពេលក្លិបនៅលីគកំពូលបារាំងទិញផ្ដាច់កុងត្រា។

Marcos Alonso

ខ្សែការពារស្លាបឆ្វេង Alonso កើតនៅទីក្រុងម៉ាឌ្រីដ និងបានចូលរួមឈុតថ្នាលយុវជន Real Madrid តាំងពីនៅក្មេង។ Alonso បានសាងភាពលេចធ្លោ នៅឈុតយុវជន មុនពេលទទួលបានឱកាសចូលលេងឈុតធំ នៅឆ្នាំ២០១០។

ដោយសារមិនសូវទទួលបានឱកាសបញ្ចេញសមត្ថភាព Alonso បានសម្រេចផ្លាស់ទៅអង់គ្លេស ចូលរួមក្លិប Bolton Wanderers។ បន្ទាប់មករូបគេត្រូវបានលក់ទៅឱ្យក្លិប Fiorentina និងលេងក្រោមលក្ខខណ្ឌខ្ចីនៅ Sunderland មុនចូលរួម Chelsea។

Roberto Soldado

Soldado បានផ្លាស់ទៅចូលរួម Real Madrid នៅក្នុងវ័យ១៥ឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះ បានសាងកេរ្ដិ៍ឈ្មោះនៅឈុតយុវជនរបស់ Real Madrid B ដោយរកគ្រាប់បាល់បាន ៦៣គ្រាប់ពីការចូលលេង ១២០ប្រកួត ប៉ុន្ដែមិនអាចរក្សាគុណផលល្អបែបនេះ សម្រាប់ឈុតធំនោះទេ។

Soldado មានឱកាសចូលលេងតែ ១៩លើកប៉ុណ្ណោះ ក្នុងរយៈពេល៤ឆ្នាំជាមួយ Real Madrid មុនពេលត្រូវបានលោក Fabio Capello លក់ចេញទៅឱ្យ Getafe នៅឆ្នាំ២០០៨។

Alvaro Negredo

អតីតខ្សែប្រយុទ្ធរបស់ Manchester City បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅ Rayo Vallecano ហើយបានផ្លាស់មក Real Madrid Castilla នៅឆ្នាំ ២០០៥។

Negredo លេងបានល្អនៅឈុត Castilla បន្ទាប់មកលោក Capello បានកោះហៅគេឱ្យចូលរួមក្រុម ត្រៀមប្រកួត Copa del Rey ប៉ុន្ដែមិនបានឱ្យចូលលេងនោះទេ។

ក្រោយមក Real Madrid បានលក់ខ្សែប្រយុទ្ធអេស្ប៉ាញ ទៅក្លិប Almeria ជាមួយលក្ខខណ្ឌទិញត្រលប់។ ក្រោយចំណាយពេលពីររដូវកាល និងរកគ្រាប់បាល់បាន៣២គ្រាប់ Real Madrid បានអនុវត្តលក្ខខណ្ឌទិញត្រលប់ ប៉ុន្ដែមកវិញម្ដងនេះ Negredo មិនបានលេងសូម្បីមួយប្រកួត ហើយត្រូវបានលក់បន្ដទៅក្លិប Sevilla។

Santiago Canizares

Canizares ត្រូវបានទទួលស្គាល់ថាជាវីរបុរសមួយរូបរបស់ក្លិប Valencia ក្រោយចំណាយពេល១៣ឆ្នាំនៅទីនោះ។ មុនពេលសាងកេរ្ដិ៍ឈ្មោះនៅទីនោះ អតីតអ្នកចាំទីរូបនេះ ចាប់ផ្ដើមអាជីពជាមួយក្រុម Real Madrid ឈុត C ពីឆ្នាំ១៩៨៨។

Canizares ត្រូវបានលក់ឱ្យក្លិប Celta Vigo នៅឆ្នាំ១៩៩២ ប៉ុន្ដែមិនអាចប្រជែងតំណែងជាមួយ អ្នកចាំទីដៃទី១ Bodo Illgner ហើយលោកបានផ្លាស់ចូលរួមជាមួយ Valencia នៅឆ្នាំ១៩៩៨។

Joselu

Joselu ត្រូវបានចាត់ទុកថា ជាម៉ាស៊ីនរកគ្រាប់បាល់មួយនៅជាកីឡាករឈុតយុវជនរបស់ Celta Vigo មុនពេលផ្លាស់ទៅ Real Madrid ក្នុងវ័យ១៨ឆ្នាំ។

ខ្សែប្រយុទ្ធអេស្ប៉ាញ រកគ្រាប់បាល់៤០គ្រាប់ ពី៧២ប្រកួតឱ្យក្រុម Real Madrid B និងបាននាំមុខ Alvaro Morata ក្នុងរដូវកាល ២០១០-១១។

ក្រោយពិបាកប្រជែងតំណែងជាមួយ Cristiano Ronaldo និង Karim Benzema នៅឈុតធំ Joselu បានផ្លាស់ទៅក្លិបអាល្លឺម៉ង់ Hoffenheim នៅឆ្នាំ ២០១២។

Jack Harper

កីឡាករជនជាតិស្កុតឡែនរូបនេះ ត្រូវបានប្រៀបធៀបជាមួយ Robin van Persie និង ជាកីឡាករវ័យក្មេងដ៏អស្ចារ្យមួយរូប។ ក្នុងវ័យ១៣ឆ្នាំ Harper បានផ្ទេរមក Real Madrid ជាមួយកុងត្រារយៈពេល១២ខែ និង បន្ដរួមរស់នៅទឹកដី Santiago Bernabeu រយៈពេល៥ឆ្នាំ។

ក្រោយមក គេបានសម្រេចផ្លាស់ទៅក្លិបអង់គ្លេស Brighton នៅក្នុងវ័យ១៨ឆ្នាំ។ បច្ចុប្បន្ន Harper លេងឱ្យក្លិប Cartagena ជាមួយលក្ខខណ្ឌខ្ចីពីក្លិប Getafe៕