Ronaldo ប៉េណាល់ទីមិនចូល, Juventus ស្មើលើកទី៦ក្នុង Serie A ១២ប្រកួតដំបូង

1 នាទីអាន
- Advertisement -

ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Cristiano Ronaldo ត្រូវបានអ្នកចាំទី Pierluigi Gollini សង្គ្រោះបាន ហើយនៅទីបញ្ចប់ Juventus ស្មើ១-១ជាមួយ Atalanta ដែលនេះជាលទ្ធផលមិនចាញ់មិនឈ្នះលើកទី៦របស់ក្រុមលោក Andre Pirlo ក្នុង Serie A ១២ប្រកួតដំបូងនេះ។

ការប្រកួតក្នុងទឹកដីរបស់ខ្លួនយប់ថ្ងៃពុធទី១៦ខែធ្នូឆ្នាំ២០២០ Juventus បាននាំមុខមុនដោយកីឡាករ Federico Chiesa ស៊ុតពីខាងក្រៅប្រអប់ក្នុងនាទី២៩ ដែលនេះជាគ្រាប់ដំបូងរបស់គេក្នុងលីគសម្រាប់ក្រុមសេះបង្កង់។

នៅនាទី៥៧ Remo Freuler តាមស្មើឱ្យក្រុមចំណាត់ថ្នាក់ពាក់កណ្ដាលតារាងវិញ ដោយស៊ុតយ៉ាងស្អាតពីចម្ងាយ២៣ម៉ែត្រ។

Ronaldo មានឱកាសមាសដើម្បីយក៣ពិន្ទុសម្រាប់ Juventus នៅពេល Chiesa ត្រូវបានធ្វើឱ្យដួលក្នុងប្រអប់ ប៉ុន្តែអតីតអ្នកចាំទី Aston Villa ធ្វើបានយ៉ាងអស្ចារ្យដោយសង្គ្រោះបាល់ប៉េណាល់ទីរបស់ CR7។ អ្នកចាំទីរូបនេះក៏បានរារាំងបាល់ស៊ុតដោយ Alvaro Morata ផងដែរ។

Juventus ដែលបានឈ្នះជើងឯកលីគកំពូលអ៊ីតាលី៩ដងចុងក្រោយជាប់គ្នា មិនទាន់ចាញ់នៅឡើយទេក្នុង Serie A រដូវកាលថ្មី១២ប្រកួតមកនេះ ប៉ុន្តែស្មើពាក់កណ្ដាលនៃចំនួនប្រកួតនោះ ហើយកំពុងឈរលេខរៀងទី៣ មាន២៤ពិន្ទុ។

AC Milan បន្តឈរទីកំពូល មាន២៨ពិន្ទុពី១២ប្រកួត បន្ទាប់ពីលេងស្មើ២-២នៅទឹកដី Genoa ដែលជាការរក្សាភាពមិនចាញ់របស់ពួកគេក្នុងលីគឱ្យនៅបន្តទៀត។ Mattia Destro បានបើកការនាំមុខ២ដងមុនសម្រាប់ Genoa តែបាន Davide Calabria និង Pierre Kalulu តាមស្មើសម្រាប់ Milan វិញ ដែលគ្រាប់ចុងក្រោយកើតឡើងក្នុងនាទី៨៣។

ចំណែក Inter Milan ឈរលេខរៀងទី២ មាន២៧ពិន្ទុ បន្ទាប់ពី Romelu Lukaku ស៊ុតបាល់ពិន័យ១១ម៉ែត្រដើម្បីឈ្នះ១-០លើ Napoli ដែលមាន Lorenzo Insigne រងពិន័យកាតក្រហម។
អតីតខ្សែប្រយុទ្ធ Manchester United ៣រូបកំពុងឈរលេខ១ស្ទួនក្នុងបញ្ជី Top Scorer គឺ Lukaku, Ronaldo និង Zlatan Ibrahimovic ដោយរកបាន១០គ្រាប់ដូចគ្នាក្នុង Serie A៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕