Skip to content
ហេតុផលសំខាន់ៗដែលនាំឱ្យ Lewandowski សក្ដិសមជាម្ចាស់ពាន Best FIFA Men’s Player
    ទំព័រដើម  »  កីឡាអន្តរជាតិ

ហេតុផលសំខាន់ៗដែលនាំឱ្យ Lewandowski សក្ដិសមជាម្ចាស់ពាន Best FIFA Men’s Player

ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានរំពឹងថាអាចយកឈ្នះ Cristiano Ronaldo និង Lionel Messi នៅពានរង្វាន់កីឡាករល្អបំផុត Best FIFA Men’s Player ដែលនឹងប្រកាសលទ្ធផលនៅរាត្រីថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ ២០២០។ កម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង៧៖០០នាទីល្ងាច(ឆ្លងចូលថ្ងៃសុក្រ វេលាម៉ោង ១៖០០នាទីរំលងអាធ្រាតនៅកម្ពុជា) នៅទីក្រុង Zurich ប្រទេសស្វីស ។

តើមានហេតុផលអ្វីខ្លះដែល ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich សក្ដិសមជាម្ចាស់ពាន FIFA Best Men Player?

  • តាមស្ថិតិការប្រកួតចន្លោះពីខែកក្កដា ឆ្នាំ២០១៩ ដល់ ខែតុលាឆ្នាំ២០២០ គ្មានកីឡាករណាដែលមានភាពច្បាស់ល្អក្នុងតំណែងរបស់ខ្លួនជាង Lewandowski នោះទេ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ រកគ្រាប់បាល់បាន ៦០គ្រាប់ ពីការលេង៥២លើក សម្រាប់ Bayern Munich គ្រប់ព្រឹត្តិការណ៍ប្រកួត ជាចំនួនច្រើនជាងកីឡាករផ្សេងៗលីគកំពូលទាំង៥នៅអឺរ៉ុប។
  • ចំពោះស្ថិតិចំនួននាទីនៃការរកបានគ្រាប់បាល់(Minute per goal) ចាប់ពីខែកក្កដាឆ្នាំ ២០១៩ ដល់ ខែតុលាឆ្នាំ២០២០ Lewandowski នៅតែល្អជាង Ronaldo និង Messi ដែលស្ថិតនៅក្នុងបេក្ខភាពបីរូបចុងក្រោយជាមួយគ្នា។ ខ្សែប្រយុទ្ធប៉ូឡូញ មានគ្រាប់បាល់សរុប៦៤គ្រាប់ សម្រាប់ក្លិប និង ជម្រើសជាតិ។ បើគិតជាមធ្យម Lewandowski រកគ្រាប់បាល់បញ្ចូលទីម្ដង រាល់៧៩នាទី ហើយគេអាចរកគ្រាប់បាល់បានមួយគ្រាប់ ពីការស៊ុតចំគោលដៅ៤លើក(២៥ភាគរយ)។
  • Lewandowski មិនត្រឹមតែជា Top Scorer នៅ Bundesliga ប៉ុណ្ណោះទេ នៅ UEFA Champions League ក៏ខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់បានច្រើនបំផុតផងដែរ។ ខ្សែប្រយុទ្ធលេខ៩ របស់ Bayern Munich រកបាន១៥គ្រាប់ ពីការចូលលេង១០លើក និងបានជួយក្លិបអាល្លឺម៉ង់ លើកពានអឺរ៉ុបផងដែរ។
  • លើសពីនេះទៅទៀត Lewandowski ជួយឱ្យ Bayern ឈ្នះ Treble (ពានបីក្នុងមួយរដូវកាល) នៅរដូវកាល ២០១៩-២០ រួមមាន Bundesliga, DFB-Pokal និង Champions League ខណៈ Ronaldo ជួយ Juventus ឈ្នះតែពាន Serie A មួយប៉ុណ្នោះ ហើយក្រុម Barcelona របស់ Messi បញ្ចប់រដូវកាលដោយគ្មានពានរង្វាន់៕