Skip to content
អ្នកចាត់ការនៅ Premier League ដែលត្រូវបាន ដកតំណែងគ្មានស្រណោះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

អ្នកចាត់ការនៅ Premier League ដែលត្រូវបាន ដកតំណែងគ្មានស្រណោះ

លោក Slaven Bilic ទើបតែត្រូវបានក្លិប West Brom បណ្ដេញចេញពីតំណែង ក្រោយដឹកនាំក្រុមទទួលបានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះក្នុងតារាង Premier League រដូវកាលនេះ។

ទោះបីបញ្ចប់លទ្ធផល ១-១ នៅប្រកួតចុងក្រោយទល់នឹងក្រុមខ្លាំង Manchester City ប៉ុន្ដែលោក Bilic នៅតែបាត់បង់តំណែង ខណៈលោកធ្លាប់ជួយ West Brom ប្រូម៉ូតឡើងមក Premier League ពីលីគទី២។

ប៉ុន្ដែអតីតគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតរូបនេះ មិនមែនជាគ្រូបង្វឹកតែម្នាក់នោះទេ ដែលត្រូវបានក្លិបដកតំណែង ដោយគ្មានក្ដីស្រណោះ។

ROBERTO DI MATTEO

វីរបុរសរបស់ក្លិបតោខៀវ បានចូលកាន់តំណែងនៅទឹកដី Stamford Bridge ជំនួសលោក Andre Villas-Boas នៅឆ្នាំ២០១២ ហើយលោកបានជួយ Chelsea ឈ្នះពាន FA Cup និង UEFA Champions League។

ប៉ុន្ដែ រដូវកាលបន្ទាប់ បុរសជនជាតិអ៊ីតាលីរូបនេះ ដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ ហើយត្រូវបានបណ្ដេញចេញពីតំណែង នៅខែវិច្ឆិកា ឆ្នាំ២០១២ ជំនួសដោយលោក Rafa Benitez។

CLAUDIO RANIERI

នៅរដូវកាល ២០១៥-១៦ លោក Ranieri ដឹកនាំក្រុម Leicester City ឈ្នះពាន Premier League ដែលសឹងតែគ្មាននរណាម្នាក់ស្មានដល់ ខណៈហាងឆេងភ្នាល់នៅដើមរដូវកាលគឺ១ សង ៥០០០ បើក្លិបដែលមានម្ចាស់ជាជនជាតិថៃ ឈ្នះពានលីគកំពូលអង់គ្លេស។

ទោះមានគុណបំណាច់ ជួយក្រុមដែលធ្លាប់នៅកៀកបាតតារាងឈ្នះពាន Premier League ជាលើកដំបូង ប៉ុន្ដែកៅអីរបស់លោក Ranieri មិនត្រូវបានធានានោះទេ។

នៅឆ្នាំ២០១៧ លោកត្រូវបានក្លិបបញ្ចប់តំណែង ក្រោយ Leicester ឈរនៅកៀកបាតតារាង ដោយមានគម្លាត១ពិន្ទុប៉ុណ្ណោះពីតំបន់ត្រូវកាត់ចេញ ហើយនៅសល់តែ១៣ប្រកួតប៉ុណ្ណោះមុនចប់រដូវកាល។

CHRIS HUGHTON

លោក Chris Hughton បានជួយ Newcatle United ត្រលប់មក Premier League វិញពីលីគទី២ Championship ២០០៩-១០។ បន្ទាប់មកក្រុមសារិកាព្រៃ បានយកឈ្នះការប្រកួតក្រៅទឹកដីលើ Arsenal និងបានបំបាក់គូប្រជែងដ៏ជូរចត់ Sunderland ៥-១ ថែមទៀតផង។

លោក Hughton បាត់បង់តំណែងក្រោយ Newcastle ចាញ់ West Brom ៣-១។ កាលនោះមានការខឹងសម្បារពីកីឡាករ និង ផ្ទុះការតវ៉ាពីអ្នកគាំទ្រ ចំពោះការដកតំណែងលោក Hughton។

FRANK DE BOER

អ្នកចាត់ការក្លិបដែលពុំធ្លាប់មានបទពិសោធដឹកនាំនៅ Premier League គួរតែទទួលបានឱកាសច្រើន ក្នុងការសម្របទៅនឹងបរិយាកាសនៅទីនោះ។ ជាក់ស្ដែងលោក De Boer ធ្លាប់មានប្រវត្តិជោគជ័យឈ្នះពាន លីគកំពូលហូឡង់៤លើកជាមួយជាមួយ Ajax តែមិនអាចរក្សាតំណែងបាននៅ Crystal Palace ក្រោយបរាជ័យជាបន្ដបន្ទាប់។

ក្រោយកាន់តំណែងជាអ្នកចាត់ការក្លិប Crystal Palace បាន៧៧ថ្ងៃប៉ុណ្ណោះ ដោយគិតទាំង៣០ថ្ងៃនៅ Pre-season។ បន្ទាប់ពីដឹកនាំក្រុមបរាជ័យ៤ប្រកួតដំបូង និងមិនអាចរកគ្រាប់បាល់បាន លោក De Boer ត្រូវបានបណ្ដេញចេញពីតំណែង។

CARLO ANCELOTTI

បន្ទាប់ពី Chelsea កៀកនឹងឈ្នះ Premier League លោក Ancelotti ត្រូវបានដកចេញពីតំណែង ក្រោយដឹកនាំក្រុមឈរនៅលេខ២ ក្នុងតារាង Premier League នៅឆ្នាំ២០១១។

គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បានជួយក្លិបតោខៀវ ឈ្នះ Premier League និង FA Cup នៅរដូវកាលដំបូង ហើយជួយក្រុមអង់គ្លេសមួយនេះឈរនៅតំណែងលេខ២ នៅរដូវកាលបន្ទាប់ ប៉ុន្ដែចុងក្រោយលោកត្រូវបានក្លិបដកតំណែង។  

SAM ALLADYCE

លោក Sam Alladyce ត្រូវបានក្លិប Blackburn Rovers ដកចេញពីតំណែង ដោយសារមិនយល់ស្របទៅនឹង ការសម្រេចគ្រប់គ្រងការដោះដូរកីឡាករដោយម្ចាស់ក្លិប។

លោក Alladyce ត្រូវបានជំនួសតំណែងដោយលោក Steve Kean ហើយ Blackburn ធ្លាក់ចេញពី Premier League នៅ២ឆ្នាំបន្ទាប់។

លោក Alladyce ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិប West Brom ក្រោយចែកផ្លូវគ្នាជាមួយ Slaven Bilic។

NIGEL ADKINS

លោក Nigel Adkins បានដឹកនាំក្រុម Southampton ឡើងពីលីគទី៣អង់គ្លេស(League One) មកដល់ Premier League នៅឆ្នាំ២០១២។ ប៉ុន្ដែនៅពាក់កណ្ដាលរដូវកាលដំបូង នៅលីគកំពូលអង់គ្លេសក្លិប Southampton បានសម្រេចនាំយកលោក Mauricio Pochettino មកជំនួសតំណែងលោក Adkins។

ការសម្រេចចិត្ដត្រូវបានចាត់ទុកថា ជារឿងដ៏ត្រឹមត្រូវបំផុត ដោយលោក Pochettino បានដឹកនាំ Southampton បានលេខរៀងទី៨ ដែលជាចំណាត់ថ្នាក់ល្អបំផុត ចាប់តាំងពីរដូវកាល ២០០២-០៣ មក៕