Yakubu ចាប់ដៃជាមួយថ្នាលដែលផ្ដល់ឱកាសទី២ដល់យុវជនធ្លាប់បរាជ័យ

Monghak Yong
13 មើល
1 នាទីអាន
- Advertisement -

អតីតខ្សែប្រយុទ្ធធ្លាប់ល្បីឈ្មោះក្នុងក្របខ័ណ្ឌ Premier League ជនជាតិនីហ្សេរីយ៉ា Yakubu បានចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាលយុវជន Bentley Sports Group ដែលផ្ដល់ឱកាសដល់យុវជនមានទេពកោសល្យឱ្យសម្រេចក្ដីស្រមៃក្លាយជាកីឡាករបាល់ទាត់អាជីព ពិសេសយុវជនដែលធ្លាប់បរាជ័យ ឬធ្លាប់ត្រូវបានមើលរំលង។

BSG បាននិងកំពុងចងបណ្ដាញកាន់តែច្រើនឡើងៗជាមួយក្លិបបាល់ទាត់អាជីពនានា ព្រមទាំងមហាវិទ្យាល័យជាច្រើននៅជុំវិញពិភពលោកដែលចង់ផ្ដល់អាហារូបករណ៍។

ថ្នាល BSG នេះបានបោះជំរំបង្ហាត់ជាច្រើនកន្លែងរួចហើយនៅជុំវិញសកលលោក ចាប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសស៊ីប។

នៅថ្នាលនេះ កីឡាករអាចអភិវឌ្ឍជំនាញរបស់ពួកគេក្រោមការបង្ហាត់បង្ហាញយ៉ាងអាជីពពីគ្រូបង្វឹកដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងធ្វើការក្នុងស្តង់ដារគ្រូបង្ហាត់នៅ Premier League។ មានការវាយតម្លៃជាប្រចាំពីសំណាក់ក្រុមគ្រូបង្វឹកដែលនឹងជួយយុវជនអភិវឌ្ឍចំណុចខ្លាំងនិងកែប្រែចំណុចខ្សោយរបស់ពួកគេ។

សូមជម្រាបថា អតីតខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ា Yakubu សព្វថ្ងៃវ័យ៣៨ឆ្នាំ បានចូលនិវត្តន៍ក្នុងឆ្នាំ២០១៧ បន្ទាប់ពីលេងក្លិបចុងក្រោយនៅ Coventry។ លោកបានផ្ដើមអាជីពនៅក្លិប Julius Berger ក្នុងប្រទេសកំណើតក្នុងឆ្នាំ១៩៩៧ មុនផ្លាស់មកអឺរ៉ុប ចូលរួម Maccabi Haifa ក្នុងឆ្នាំ១៩៩៨។ ឆ្នាំ២០០៣ គេផ្លាស់មកអង់គ្លេស ចូលរួម Portsmouth ហើយជាបន្តបន្ទាប់លេងឱ្យ Middlesbrough, Everton, Leicester City និង Blackburn Rovers មកទល់២០១២ ក៏បានមកអាស៊ី ចូលរួមក្លិបចិន Guangzhou R & F, ក្លិបកាតារ Al-Rayyan រួចវិលទៅអឺរ៉ុបវិញក្នុងឆ្នាំ២០១៥ ចូលរួម Reading រយៈពេលខ្លី ហើយក៏បន្តទៅ Kayserispor មុនបញ្ចប់អាជីពនៅ Coventry ក្នុងឆ្នាំ២០១៧៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕