Lionel Messi នៅតែមិនទាន់សម្រេចចិត្តនៅឡើយទេថាតើគេនឹងបញ្ចប់ចំណងវ័យ២ទសវត្សរ៍ជាមួយ Barcelona ឬយ៉ាងណានៅដំណាច់រដូវកាល២០២០-២១នេះ ប៉ុន្តែគេបានបង្ហើបថាគេអាចទៅលេងក្នុងលីគអាមេរិកនិងរស់នៅទីនោះ។
អនាគតរបស់ Messi ជាមួយ Barca ជាប្រធានបទក្ដៅដែលត្រូវបានលើកមកនិយាយមិនឈប់ ចាប់តាំងពីកំពូលខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះបានព្យាយាមចាកចេញក្នុងខែសីហាកន្លងមក។ បំណងចង់ចេញនោះបានបរាជ័យដោយសារ Barca ប្រកាន់ជំហរដាច់អហង្ការថាក្លិបណាចង់បាន Messi ក្លិបនោះត្រូវបង់ផ្ដាច់កិច្ចសន្យាតម្លៃ៧០០លានអឺរ៉ូ។
ប៉ុន្តែ ពេលនេះក្លិបមានមូលដ្ឋាននៅកាតាឡូនីញ៉ាកំពុងឈរលេខរៀងទី៥ក្នុង La Liga ក្រោយមានការចាប់ផ្ដើមរដូវកាលយ៉ាងអន់មិនធ្លាប់មានក្នុងរយៈពេល៣៣ឆ្នាំចុងក្រោយ។ ស្របពេលក្លិបក៏កំពុងមានកំណែទម្រង់ផ្លាស់ប្ដូរទ្រង់ទ្រាយធំនិងជួបវិបត្តិហិរញ្ញវត្ថុដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ផងនោះ Messi ពណ៌នាស្ថានភាពក្នុងក្លិបបច្ចុប្បន្នថា«ពិតជាអាក្រក់»។
ម្ចាស់ពាន Ballon d’Or ៦ដង បាននិយាយក្នុងសម្ភាសន៍លើទូរទស្សន៍ La Sexta របស់អេស្ប៉ាញដែលបានផ្សាយកាលថ្ងៃអាទិត្យទី២៧ខែធ្នូឆ្នាំ២០២០ថា៖ «ខ្ញុំមិនដឹងថាអ្វីដែលខ្ញុំនឹងធ្វើនៅឡើយទេ។ ខ្ញុំនឹងរង់ចាំរហូតដល់ចប់រដូវកាលសិន។ ខ្ញុំចង់ស្គាល់រសជាតិរស់នៅអាមេរិកនិងលេងក្នុងលីគនៅទីនោះដែរ ប៉ុន្តែខ្ញុំមិនដឹងថាវានឹងកើតឡើងឬអត់ទេ»។
Messi បន្តថា៖ «នៅខណៈនេះ រឿងសំខាន់បំផុតគឺត្រូវផ្ដោតលើក្រុមនិងបញ្ចប់រដូវកាលឱ្យបានល្អ ព្យាយាមឈ្នះពានរង្វាន់នានា និងមិនត្រូវរងការរំខានចិត្តដោយសាររឿងផ្សេងនោះទេ»។
«វាជាវេលាលំបាកសម្រាប់ក្លិបនិងសម្រាប់គ្រប់គ្នា ប៉ុន្តែអ្នកទាំងឡាយដែលនៅក្នុងក្លិបដឹងថាវាជាស្ថានភាពដ៏ពិបាក។ រឿងរ៉ាវគឺពិបាកណាស់ហើយវានឹងពិបាកត្រលប់មកភាពដែលក្លិបនេះធ្លាប់មានពីមុន»។
សូមជម្រាបថា កិច្ចសន្យាបច្ចុប្បន្នរបស់ Messi នឹងអស់សុពលភាពនៅដំណាច់រដូវកាល២០២០-២១ ហើយគេនឹងអាចផ្ដើមចរចាជាមួយក្លិបថ្មីជាមុនបានចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២១តទៅ៕