Skip to content
Kiatisak រកបានជិត២លានដុល្លារពី HAGL សរុបតាំងពីនៅជាកីឡាករ និងពេលធ្វើគ្រូ
    ទំព័រដើម  »  កីឡាអន្តរជាតិ

Kiatisak រកបានជិត២លានដុល្លារពី HAGL សរុបតាំងពីនៅជាកីឡាករ និងពេលធ្វើគ្រូ

លោក Kiatisak Senamuang បានទទួលកំរៃសរុបពេលនៅជាកីឡាករ និងគ្រូបង្វឹក ដល់ទៅជិត២លានដុល្លារអាមេរិកពីការប្រកបអាជីពនៅក្លិបវៀតណាម Hoang Anh Gia Lai។ នេះបើយោងតាមសារព័ត៌មាន Zing របស់វៀតណាមដែលបានដកស្រង់ពីប្រភពសារព័ត៌មានថៃ SiamSports។

អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិថៃខាងលើបានទៅដល់វៀតណាមដំបូងក្នុងឆ្នាំ២០០២ ពេលផ្លាស់ពីក្លិប Singapore Armed Forces ទៅ Hoang Anh Gia Lai (HAGL) ក្នុងនាមជាកីឡាករ។ មុនការផ្ទេរនោះ ប្រធានក្លិប HAGL លោក Doan Nguyen Duc បានទៅដល់ប្រទេសថៃច្រើនដងដើម្បីបញ្ចុះបញ្ចូល Kiatisuk ដោយភ្ជាប់ជាមួយប្រាក់ខែយ៉ាងច្រើន។

យោងតាម SiamSports ដែលដកស្រង់ដោយ Zing អតីតខ្សែប្រយុទ្ធជំនាន់លោក ហុក សុចិត្រា រូបនេះបានយល់ព្រមលេងឲ្យ Hoang Anh Gia Lai ពីឆ្នាំ២០០២ដល់ដាច់រដូវកាល២០០៥ និងទទួល​បាន១ម៉ឺនដុល្លារក្នុងមួយខែ តែបើសរុបទាំងប្រាក់លើកទឹកចិត្តផ្សេងទៀត គឺអតីតកីឡាកររហស្សនាម “Zico” រកបាន១៧៥,៥៩៥ដុល្លារអាមេរិក។ ដូច្នេះសរុបប្រាក់ខែប៉ុន្មាននោះ គឺលោករកបានចន្លោះ៧០ទៅ៨០ម៉ឺនដុល្លារអាមេរិក។

លោក Kiatisak បានចូលនិវត្តន៍ក្នុងឆ្នាំ២០០៦ និងត្រូវបានតែងតាំងជាគ្រូបង្គោល Hoang Anh Gia Lai ភ្លាមៗតែម្ដង។ ដឹកនាំបានមួយរដូវកាល លោកបានចាកចេញពីតំណែង តែ៤ឆ្នាំក្រោយមក លោកបានចូលដឹកនាំក្លិបដដែលនេះម្ដងទៀតនៅឆ្នាំ២០១០។ ដឹកនាំទាំង២លើកនោះ គិតសរុបប្រាក់ឈ្នួលទៅ លោកបានខ្ទង់៤០ម៉ឺនដុល្លារអាមេរិកពីការងារជាគ្រូបង្គោល។

ក្នុងរដូវកាល២០២១ លោក Kiatisuk វិលចូល Hoang Anh Gia Lai ជាលើកទី៣ លើកិច្ចសន្យា២ឆ្នាំ និងទទួល​បាន២៦០០០ដុល្លារក្នុងមួយខែ។ សរុបមួយឆ្នាំលោកបានជិត៣២០,០០០ដុល្លារអាមេរិក ហើយប្រសិនបើលោកនៅដល់ចប់កុងត្រាតែម្ដង គឺជិត៦៤០,០០០ដុល្លារអាមេរិក។

យោងតាមការសន្និដ្ឋានពីសារព័ត៌មាន Zing និង SiamSports គឺលោក Kiatisuk ទទួល​បានប្រាក់ពីការងាររបស់លោកនៅ Hoang Anh Gia Lai សរុបទៅគឺខ្ទង់១,៩០០០,០០០ដុល្លារអាមេរិក។ លោកនឹងចាប់ផ្ដើមការងារក្នុងនាមគ្រូបង្គោលជាលើកទី៣ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១តទៅ៕