Manchester United បានរំកិលមកកាន់លេខ២ក្នុងតារាង Premier League នៅម៉ោងបន្ថែម៩០+៣ បន្ទាប់ពីបានយកឈ្នះ Wolverhampton Wanderers ១-០ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
ខ្សែប្រយុទ្ធ Marcus Rashford ជាអ្នករកគ្រាប់បាល់ជ័យជម្នះយ៉ាងប្រកៀកប្រកិត សម្រាប់ក្រុមបិសាចក្រហម ក្រោយពីបានអូសបាល់ពីស្លាបខាងស្ដាំចូលតំបន់គ្រោះថ្នាក់ ហើយសម្រេចស៊ុតជើងឆ្វេង ប៉ះខ្សែបម្រើ Romain Saiss ហើយបាល់បានផ្លាតចូលទី ដែលធ្វើឱ្យអ្នកចាំទី Rui Patricio គ្មានជំហរសង្គ្រោះបាល់។
ទាំងនេះជាកំណត់ត្រា និង ស្ថិតិការប្រកួតដែល Man United យកឈ្នះ Wolves នៅចុងម៉ោង កាលពីយប់មិញ៖
- ចាប់តាំងពីបរាជ័យនៅក្នុងទឹកដី ទល់នឹង Arsenal កាលពីខែវិច្ឆិកាមក Manchester United មិនទាន់ស្គាល់បរាជ័យនោះទេ សម្រាប់៩ប្រកួតចុងក្រោយនៅ Premier League ដោយទទួលបានជ័យជម្នះ៧លើក និងស្មើ២ប្រកួត។
- គ្រាប់បាល់របស់ Marcus Rashford សម្រាប់ Manchester United ជាគ្រាប់បាល់ដំបូងរបស់គេនៅ Old Trafford ក្នុងការប្រកួត Premier League ក្រោយខកខានរកគ្រាប់បាល់បានរយៈពេល៨៤៥នាទីនៅលើទីលានប្រកួត ចាប់តាំងពី រកបានក្នុងជំនួបទល់នឹង Southampton កាលពីខែកក្កដា។
- គ្រាប់បាល់ដែល Rashford ស៊ុតបញ្ចូលទីនៅនាទីទី ៩២ និង ៥១វិនាទី ជាគ្រាប់បាល់ចុងម៉ោងជ័យជម្នះលើកដំបូងសម្រាប់ការប្រកួតនៅទឹកដី Old Trafford ចាប់តាំងពីខែកញ្ញាឆ្នាំ ២០០៩ នៅពេលដែល Michael Owen ស៊ុតបញ្ចូលទីនៅនាទីទី ៩៥ និង ២៧វិនាទី ទល់នឹង Manchester City។
- ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅ Premier League ខ្សែបម្រើ Bruno Fernandes បានរួមចំណែកបង្កើតគ្រាប់បាល់បាន៣១គ្រាប់ ដែលច្រើនជាងកីឡាករដទៃនៅក្នុងការប្រកួតលីគកំពូលអង់គ្លេស ក្នុងនោះកីឡាករព័រទុយហ្គាល់ រកគ្រាប់បាល់បាន១៨គ្រាប់ និង assist ១៤លើក។
- ជម្រើស១១នាក់របស់ Wolves នៅក្នុងការប្រកួតនេះ មានអាយុជាមធ្យម ២៥ឆ្នាំ និង ១០៩ថ្ងៃ ដែលជាអត្រាអាយុក្មេងបំផុតនៅក្នុងការប្រកួត Premier League តាំងពីខែមេសា ឆ្នាំ២០១២ ដែលកាលនោះកីឡាករជាមធ្យមមានអាយុ ២៥ឆ្នាំ និង ៨០ថ្ងៃ។
- Manchester United បានផ្លាស់ប្ដូរកីឡាករ៦រូប ក្នុងជម្រើស១១នាក់ដំបូង ជាចំនួនច្រើនបំផុតនៃការផ្លាស់ប្ដូរនៅ Premier League ចាប់ពីខែមេសា ឆ្នាំ២០១៩ ដែលកាលនោះពួកគេឆ្លាស់កីឡាករ៦រូប ក្នុងជម្រើសដំបូងនៅក្នុងជំនួបទល់នឹង Wolves ផងដែរ។