Skip to content
ចចាមអារ៉ាម នៃការដោះដូរថ្ងៃពុធ ទី៣០ ខែធ្នូ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ចចាមអារ៉ាម នៃការដោះដូរថ្ងៃពុធ ទី៣០ ខែធ្នូ

  • ក្លិបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ចង់ខ្ចីខ្សែបម្រើ Isco ពីក្លិប Real Madrid រយៈពេល៦ខែ ប៉ុន្ដែពួកគេប្រឈមនឹងការប្រកួតប្រជែងពីក្លិប Sevilla។ ខ្សែបម្រើអេស្ប៉ាញវ័យ២៨ឆ្នាំ មានឱកាសបង្ហាញខ្លួនលើទីលានឱ្យ Real Madrid បាន១១លើកតែប៉ុណ្ណោះ គ្រប់ការប្រកួតនៅរដូវកាលនេះ ហើយភាគច្រើន Isco មិនស្ថិតនៅក្នុងជម្រើសដំបូងរបស់អ្នកចាត់ការ Zinedine Zidane នោះទេ។ ដោយសារមិនសូវបានទទួលឱកាសចូលលេង អតីតកីឡាករក្លិប Malaga រូបនេះ មានបំណងចាកចេញ នៅពេលទីផ្សារដោះដូរកីឡាករបើកដំណើរការនៅដើមខែមករា ឆ្នាំ២០២១ខាងមុខនេះ ហើយបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS បានឱ្យដឹងថា Isco ចង់បន្ដលេងនៅលីគកំពូលអេស្ប៉ាញ ជាមួយ Sevilla ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ លោក Julen Lopetegui ជាជាងមកចូលរួមក្លិបអង់គ្លេស Arsenal។
  • ខ្សែបម្រើ Georginio Wijnaldum នឹងបង្ហាញការសម្រេចចិត្តនៅក្នុងសប្ដាហ៍នេះថាតើ ត្រូវបន្ដកុងត្រាថ្មីជាមួយក្លិប Liverpool ឬត្រូវចូលរួមក្រុម Barcelona ដែលដឹកនាំដោយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោក Ronald Koeman។ នេះបើយោងតាមប្រភពពី Sky Sports។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ៣០ឆ្នាំ នឹងផុតកំណត់នៅចុងខែមិថុនាខាងមុខនេះ ហើយគេអាចចរចាកុងត្រា pre-contract ជាមួយក្លិបដទៃបាននៅដើមខែមករា ឆ្នាំ២០២១។ អ្នកចាត់ការក្លិប Barcelona លោក Koeman ព្យាយាមនាំយក Wijnaldum មកទឹកដី Camp Nou កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែការផ្ទេរមិនអាចសម្រេចបាន។ អ្នកទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា កាលលោក Koeman នៅដឹកនាំក្រុមជម្រើសជាតិហូឡង់ ដោយ Wijnaldum ជាកីឡាករសំខាន់មួយរូបដែលចូលរួមចំណែក ជួយពួកគេឈានដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Nations League ឆ្នាំ២០១៩។
  • ក្លិប Wolverhampton Wanderers បានសម្លឹងមើលឱកាសក្នុងការនាំយក ខ្សែប្រយុទ្ធ Diego Costa ដែលទើបបញ្ចប់កុងត្រាជាមួយក្លិប Atletico Madrid ហើយចាកចេញពីក្លិបអេស្ប៉ាញដោយគ្មានតម្លៃខ្លួននៅខែមករាខាងមុខនេះ។ កីឡាករវ័យ៣២ឆ្នាំ មិនសូវទទួលបានឱកាសចូលលេងលេងក្នុងក្រុមដែលដឹកនាំដោយលោក Diego Simeone ប៉ុន្មានទេ ក្រោយពេលក្លិបដែលមានមូលដ្ឋាននៅរាជធានីម៉ាឌ្រីដនាំយក កីឡាករ Luis Suarez ពីក្លិប Barcelona មកចូលក្រុម។ Costa បានសម្រេចចិត្តបញ្ចប់កុងត្រា៦ខែដែលនៅសល់ ហើយស្នើសុំចាកចេញពី Atletico Madrid ក្រោយបានបង្ហាញខ្លួនតែ៣លើកប៉ុណ្ណោះ ក្នុងនាមជាកីឡាករបម្រុង។ បើតាមប្រភពពីវេបសាយ The Times អតីតខ្សែប្រយុទ្ធក្រុម Chelsea រូបនេះ ជាគោលដៅដែលក្លិប Wolves ចង់បានមកជួយក្រុមនៅតំបន់ប្រយុទ្ធជំនួស Raul Jinmenez ដែលអវត្តមានដោយសារបញ្ហារបួសលលាដ៏ក្បាលកាលពីខែមុន។
  • ខ្សែការពារវ័យក្មេង Timothy Fosu-Mensah របស់ក្លិប Manchester United គឺជាកីឡាករគោលដៅចង់បានពីសំណាក់ក្លិបបារាំង Marseille និង ក្លិបអាល្លឺម៉ង់ Hertha Berlin នៅខែមករាខាងមុខនេះ បើតាមការការឱ្យដឹងពី Football Insider។ Fosu-Mensah នឹងផុតកុងត្រាជាមួយក្លិបបិសាចក្រហមនៅចុងរដូវកាលនេះ ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗមួយចំនួននៅអឺរ៉ុប។ តាមប្រភពជិតស្និទ្ធបានបង្ហើបថា Man United បានបញ្ចុះបញ្ចូលកីឡាករវ័យ២២ឆ្នាំ ឱ្យបន្ដកុងត្រាថ្មី រយៈពេល៣ឆ្នាំកន្លះ ប៉ុន្ដែពុំទាន់ទទួលបានការឆ្លើយតបពីកីឡាករវិញនៅឡើយទេ។ ហើយក្លិប Marseille និង Hertha Berlin កំពុងសម្លឹងមើលឱកាសក្នុងការចរចា pre-contract ជាមួយកីឡាករជនជាតិហូឡង់រូបនេះ នៅពេលទីផ្សារដោះដូរដែលនឹងបើកដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ។
  • ក្លិប RB Leipzig បានបញ្ជាក់ថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur មានការចាប់អារម្មណ៍លើខ្សែបម្រើ Marcel Sabitzer នេះបើតាមការចុះផ្សាយរបស់ Evening Standard។ ប្រភពខាងលើបានបញ្ជាក់ថា ខ្សែបម្រើរូបនេះ ស្ថិតនៅក្នុងបញ្ជីកីឡាដែលលោក Jose Mourinho ចង់នាំយកចូលក្រុមនៅខែមករាខាងមុខនេះ ខណៈក្លិបអង់គ្លេសត្រៀមបញ្ចេញ ខ្សែបម្រើ Dele Alli៕