ការប្រកួតរវាង Tottenham Hotspur និង Fulham វេលាម៉ោង ១៖០០នាទីរំលងអាធ្រាតនារាត្រីថ្ងៃពុធនេះ អាចនឹងត្រូវលើកពេល ក្រោយធ្វើតេស្ដឆ្លងកូវីដ១៩ច្រើនករណី។
តាមការចុះផ្សាយពី Telegraph បានឱ្យដឹងថា ក្លិបនៅ Premier League កំពុងពិភាក្សាលើកពេលប្រកួតពីរសប្ដាហ៍ ក្រោយពេលមានការឆ្លងច្រើនករណីនៃជំងឺរាតត្បាតសកល។
ការធ្វើតេស្ដវីរុសកូរ៉ូណាជុំចុងក្រោយនៅ Premier League បានរកឃើញអ្នកឆ្លង១៨ករណី ជាចំនួនច្រើនបំផុតក្នុងមួយជុំ បើរាប់ចាប់តាំងពីខែសីហាមក។
អ្នកចាត់ការក្លិប Fulham លោក Scott Parker បានត្រលប់មកជំរុំហ្វឹកហាត់កាលពីថ្ងៃចន្ទ ក្រោយពីបានខកខានការប្រកួតទល់នឹង Southampton នៅថ្ងៃ Boxing Day បន្ទាប់ពីលោកត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក ព្រោះសមាជិកក្នុងផ្ទះរបស់លោកមួយចំនួនធ្វើតេស្ដវិជ្ជមាន Covid-19។
បច្ចុប្បន្ន Spurs មាន២៧ពិន្ទុ ឈរនៅលេខ៧ក្នុងតារាង Premier League និងមានគម្លាត៣ពិន្ទុពីតំណែង Top 4 ខណៈ Fulham តំបន់ត្រូវកាត់ចេញក្នុងលេខរៀងទី១៨។
សូមរំឭកផងដែរថា ការប្រកួតរវាង Manchester City និង Everton នៅ Premier League កាលពីថ្ងៃចន្ទ ត្រូវបានប្រកាសលើកពេល៤ម៉ោងមុនការប្រកួតមកដល់ ដោយសារមានការឆ្លងកូវីដច្រើនករណី ដែលក្នុងនោះរួមមាន ខ្សែការពារ Kyle Walker និងខ្សែប្រយុទ្ធ Gabriel Jesus៕