Tottenham Hotspur បានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ League Cup ក្រោយយកឈ្នះ Brentford ដោយលទ្ធផល ២-០ នៅរាត្រីថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ដែលជាក្ដីសង្ឃឹមឈ្នះពានលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយ។
Spurs មិនដែលឈ្នះពានផ្លូវការនោះទេ ចាប់តាំងពីពួកគេឈ្នះ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ League Cup កាលពីឆ្នាំ២០០៨ ហើយពេលនេះពួកគេបានឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដោយរង់ចាំមើលគូប្រកួត រវាង Manchester United និង Manchester City ដែលត្រូវប្រកួតយប់នេះ។
ខ្សែបម្រើបារាំង Moussa Sissoko បានតែតបញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះ Spurs នាំមុខនៅនាទីទី ១២ មុនពេលដែល ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min ស៊ុតបញ្ចូលទីគ្រាប់ទី២ នៅនាទីទី៧០។
មុនពេលមកដឹកនាំ Spurs លោក Jose Mourinho ធ្លាប់ដឹកនាំក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ League Cup ៤លើក ដោយឈ្នះពានទាំង៤លើក ហើយនេះអាចជាឱកាស ដែលលោកអាចឈ្នះលើកទី៥។ មិនតែប៉ុណ្ណោះ លោក Mourinho ជាអ្នកចាត់ការទី៣ ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ ជាមួយ៣ក្រុមផ្សេងគ្នា។
ខាងក្រោមនេះជា ស្ថិតិ និង កំណត់ត្រាបានមកពីការប្រកួតកាលពីយប់មិញ៖
- នេះជាលើកទី៩ដែល Tottenham Hotspur ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ League Cup/EFL Cup ដោយទទួលបានជ័យជម្នះ៤លើក ហើយពួកគេជាក្រុមទី២ដែលឡើងទៅវគ្គនេះច្រើនបំផុត បន្ទាប់ពី Liverpool (១២លើក)។
- Brentford ដែលបច្ចុប្បន្នឈរនៅលេខ៤ក្នុងតារាង លីគលំដាប់ទី២អង់គ្លេស Championship មិនធ្លាប់ឈ្នះក្រៅទឹកដី ទល់នឹង Spurs នោះទេ បើគិតចាប់តាំងពីខែមីនា ឆ្នាំ១៩៤៨ ដោយប៉ះគ្នា៨លើក ទទួលបានលទ្ធផលស្មើ ២លើក និង ចាញ់៦លើក។
- អ្នកចាត់ការក្លិប Tottenham លោក Jose Mourinho ជាអ្នកចាត់ការទី៣ ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ League Cup/EFL Cup ឱ្យបីក្លិបផ្សេងគ្នា(Chelsea, Manchester United និង Spurs) បន្ទាប់ពីលោក Ron Atkinson(Manchester United, Sheffield Wednesday និង Aston Villa) និង លោក Ron Saunders(Norwich City, Manchester City និង Aston Villa)។
- តាំងពីកាន់តំណែងជាគ្រូបង្វឹក លោក Mourinho ដឹកនាំការប្រកួតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ១៥លើកហើយ ដោយទទួលបានជ័យជម្នះ១២លើក និង ចាញ់តែ៣លើកប៉ុណ្ណោះ គឺវគ្គផ្ដាច់ព្រ័ត្រពាន Taca de Portugal រដូវកាល ២០០៣-០៤ នៅ Porto, Copa del Rey ២០១២-១៣ នៅ Real Madrid និង FA Cup ២០១៧-១៨ នៅ Manchester United។
- Brentford បរាជ័យជាលើកដំបូង ពីការលេង១៧ប្រកួតចុងក្រោយគ្រប់ពានរង្វាន់ ដោយឈ្នះ៩លើក និង ស្មើ៧លើក តាំងពីចាញ់ Stoke City ៣-២ នៅក្នុងលីគទី២អង់គ្លេស កាលពីខែតុលា។
- ខ្សែបម្រើ Moussa Sissoko ទើបតែរកគ្រាប់បាល់បានមួយគ្រាប់ប៉ុណ្ណោះឱ្យ Spurs ក្រោយលេងបាន៣៧លើកគ្រប់ការប្រកួត ចាប់តាំងពីរកគ្រាប់បាល់បញ្ចូលទីទល់នឹង Burnley នៅ Premier League កាលពីខែធ្នូ ឆ្នាំ២០១៩។
- ខ្សែការពារវ័យក្មេង Sergio Reguilon ជួយ assist មិត្តរួមក្រុម Spurs បាន៤លើក គ្រប់ការប្រកួត ហើយរូបគេជាកីឡាករទី៣ដែល assist បានច្រើនបំផុតនៅរដូវកាលនេះ បន្ទាប់ពី Harry Kane(១៤លើក) និង Son Heung-min(៨លើក)។
ដោយឡែក ក្រុមបិសាចក្រហម Man United នឹងត្រូវស្វាគមន៍ Man City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងទឹកដី Old Trafford នារាត្រីនេះ វេលាម៉ោង ២៖៤៥នាទីរំលងអាធ្រាត(នៅកម្ពុជា) ដើម្បីរកអ្នកឈ្នះទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយ Spurs។
សូមបញ្ជាក់ថា Liverpool ដែលធ្លាក់នៅជុំទី៤(ក្រោមថ្វីជើង Arsenal ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី) ជាក្រុមដែលឈ្នះពាន League/EFL Cup ច្រើនបំផុតពោលគឺ ៨លើក ខណៈ Man City ឈ្នះ៧លើក ហើយ Aston Villa, Man United និង Chelsea ធ្លាប់ឈ្នះបាន៥លើកដូចគ្នា៕