Skip to content
ក្លិបបាល់ទាត់ទាំង៩ ដែលមានអាយុកាលចាស់បំផុតនៅលើលោក
    ទំព័រដើម  »  កីឡាជាតិ  »  ចំណេះដឹងកីឡា

ក្លិបបាល់ទាត់ទាំង៩ ដែលមានអាយុកាលចាស់បំផុតនៅលើលោក

កីឡាបាល់ទាត់ចាប់ផ្ដើមទទួលបានការពេញនិយម នៅចុងទសវត្សរ៍១៨៥០ ហើយក្លិបបាល់ទាត់ភាគច្រើនចាប់ផ្ដើមបង្កើតឡើងនៅដើមទសវត្សរ៍ ១៨៦០។

យោងតាមទិន្នន័យពីវេបសាយ oldest.org បានបង្ហាញពីក្លិបដែលមានអាយុកាលចាស់ជាងគេ នៅក្នុងពិភពបាល់ទាត់។

៩. Hallam Football Club (ថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៤៦)

Hallam Football Club បានអះអាងថា ពួកគេជាក្លិបដែលចាស់ជាងគេទី២ បន្ទាប់ពី Sheffield Football Club ប៉ុន្ដែ ក្លិបដែលមានចាស់ជាងគេគឺ ត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ ១៨៦០។ តែបើតាមការស្រាវជ្រាវរបស់ oldest.org ក្លិប Hallam ស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមក្លិបបាល់ទាត់ដែលចាស់ជាងគេ។ បច្ចុប្បន្ន Hallam លេងនៅក្របខណ្ឌ Northern Counties East League Division One។

៨. Cray Wanderers Football Club (១៨៦០)

Cray Wanderers Football Club ត្រូវបានបង្កើតឡើង ចន្លោះពីឆ្នាំ ១៨៥៨ ទៅ ១៨៦០ នៅពេលដែលផ្លូវរថភ្លើង Chatham និង Dover ត្រូវបានស្ថាបនាឡើង។ កម្មករដែលស្ថាបនាផ្លូវរថភ្លើង តែងលេងបាល់នៅពេលដែលពួកគេសម្រាកពីការងារ ហើយបានបង្កើតជាក្លិបមួយនៅភូមិ St. Mary Cray។

នៅចុងទសវត្សរ៍ ១៨០០ ក្លិបមួយនេះបានបង្ហាញភាពលេចធ្លោក្នុងចំណោមក្លិបមិនអាជីពដទៃទៀត ហើយត្រូវបានបញ្ចូលឈ្មោះទៅក្នុងការប្រកួតពាន Amaeteur Cup ក្នុងរដូវកាល ១៨៩៣-៩៤។ បច្ចុប្បន្ន Cray Wanerers លេងនៅក្នុងក្របខណ្ឌ Isthmian League South Division។

៧. Ballarat Football Club(ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៦០)

Ballarat Football Club ជាក្លិបដ៏ចាស់មួយនៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់ពិភពលោក ក្រោយត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦០។ ក្នុងរយៈពេល១ទសវត្សរ៍បន្ទាប់ Ballarat លេងក្នុងការប្រកួតកីឡាមហាជន ប៉ុន្ដែបានផ្លាសទៅលេងនៅក្នុងការប្រកួតពានផ្លូវការ នៅក្នុងឆ្នាំ១៨៧៤។ នៅឆ្នាំ១៨៦០ ពួកគេបានចូលរួមសហព័ន្ធ Victorian ជាមួយក្លិប Ballarat Imperial និង Ballarat South។ ក្លិបនេះបានរួមចំណែកក្នុងការបង្កើត Ballarat Football Association នៅឆ្នាំ ១៨៩៣ ដែលពួកគេបន្ដលេងមកទល់បច្ចុប្បន្ន។

៦. Geelong Football Club(ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៨៥៩)

Geelong Football Club ត្រូវបានផ្ដួចផ្ដើមគំនិតបង្កើតឡើង អំឡុងការប្រជុំនៅសណ្ឋាគារ Victoria នៅក្នុងប្រទេសអូស្ដ្រាលី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៨៥៩។ នេះជាក្លិបចាស់បំផុតទី២ នៅលីគបាល់ទាត់អូស្ដ្រាលី និងជាក្លិបចាស់ជាងគេទី៤ ក្នុងពិភពបាល់ទាត់អូស្ដ្រាលី។ Geelong បានចាប់ផ្ដើមការប្រកួតនៅឆ្នាំបន្ទាប់ ហើយបានបន្ដចូលរួមការប្រកួតជាបន្ដបន្ទាប់។

លោក Tom Wills ដែលជាសហស្ថាបនិកមួយរូបរបស់ច្បាប់បាល់ទាត់អូស្ដ្រាលី បានប្រកបអាជីពជាកីឡាករផ្ដាច់មុខឱ្យ Geelong ពីឆ្នាំ១៨៦៥ រហូតដល់លោកចូលនិវត្តនៅឆ្នាំ ១៨៧៤។ Geelong ជាក្លិបមួយដែលស្ថិតនៅក្នុងចំណោមក្លិបដែលបានបង្កើតក្របខណ្ឌ Victorian Football League ដែលក្រោយមកត្រូវបានប្ដូរឈ្មោះជា Australian Football League ហើយបច្ចុប្បន្នពួកគេកំពុងលេងនៅលីគមួយនេះផងដែរ។

៥. Melbourne University Football Club(ខែមិថុនា ឆ្នាំ១៨៥៩)

ការប្រកួតដំបូងរបស់ពួកគេ ដែលត្រូវបានកត់ត្រា គឺនៅខែមិថុនា ឆ្នាំ១៨៥៩ ដែលប្រហាក់ប្រហែលនឹងការប្រកួតដំបូងរបស់ Castlemaine Football Club ប៉ុន្ដែពុំមាននរណាដឹងទេថាក្លិបណាត្រូវបានបង្កើតមុន។

Melbourne University ចាប់ផ្ដើមការប្រកួតដំបូងនៅក្នុងក្របខណ្ឌ Victorian Football Association ចន្លោះពីឆ្នាំ ១៨៨៥ ដល់ ១៨៨៨ ដែលកាលនោះជាក្រុមប្រឹក្សាភិបាលបាល់ទាត់អូស្ដ្រាលី។ នៅឆ្នាំ ១៩០៧ ក្លិបទាំង៨ដែលបានបង្កើត Victorian Football League បានបោះឆ្នោត បញ្ចូល Melbourne University ជាក្លិបទី៩នៅក្នុងលីគ។ បច្ចុប្បន្ន Castemaine កំពុងលេងនៅក្របខណ្ឌ Victorian Amateur Football Association Section A។

៤. Castlemaine Football Club(ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៥៩)

Castlemaine Football Club ជាក្លិបបាល់ទាត់ដែលចាស់បំផុតទី២នៅអូស្ដ្រាលីបន្ទាប់ពី Melbourne Football Club។ ក្លិបនេះត្រូវបានបង្កើតឡើងនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៥៩ ប៉ុន្ដែការប្រកួតដំបូងរបស់ពួកគេ ត្រូវបានពន្យាពេលមួយសប្ដាហ៍ ដោយសារតែបាល់មិនទាន់បញ្ជូនមកដល់ទីក្រុងមែលបល ធ្វើឱ្យការប្រកួតផ្លូវការដំបូងធ្វើឡើងនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៨៥៩។ Castlemaine បានចូលរួមក្របខណ្ឌ Bendigo នៅឆ្នាំ ១៩២៥ ហើយបន្ដលេងនៅលីគមួយនេះមកទល់បច្ចុប្បន្ន។

៣. Melbourne Football Club(ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៨៥៩)

Melbourne Football Club គឺជាក្លិបដ៏ចាស់បំផុតមួយនៅអូស្ដ្រាលី ហើយជាក៏ជាសមាជិកដែលបានបង្កើតលីគបាល់ទាត់អូស្ដ្រាលី។ Melbourne FC បង្កើតឡើងនៅឆ្នាំ ១៨៥៨ នៅពេលដែលសមាជិកក្រុមគ្រីឃីត Victoria បង្កើតជាក្រុមបាល់ទាត់។

នៅឆ្នាំ ២០០៨ Melbourne FC បានអបអរខួប១៥០ឆ្នាំ ដែលបានបង្កើតក្លិប ដោយបានចេញបញ្ជីវីរបុរស ១៥រូប ក៏ដូចជាឡូហ្គោពិសេសមួយ ដែលត្រូវបានដាក់លើឈុតផ្លូវការរបស់ក្លិប។ បច្ចុប្បន្ន Melbourne FC លេងនៅក្របខណ្ឌ Australian Football League។

២. Cambridge University Association Football Club(នៅឆ្នាំ ១៨៥៦ ឬ ១៨៥៧)

យោងតាមប្រភពពីសកលវិទ្យាល័យ Cambridge បានអះអាងថា ក្លិបបាល់ទាត់របស់ពួកគេ ជាក្លិបដែលចាស់បំផុតនៅលើលោក។ ទោះយ៉ាងណាក្ដី មានការខ្វែងគំនិតគ្នា ចំពោះពេលនៃការបង្កើតក្លិបនេះឡើង ដោយមិនប្រាកដថានៅឆ្នាំ ១៨៥៦ ឬ ១៨៥៧ នោះទេ ដូច្នេះហើយទើបក្លិបមួយនេះ មិនត្រូវបានទទួលស្គាល់ថាជាក្លិបមានវ័យចំណាស់ជាងគេនៅលើលោក។ ហើយបច្ចុប្បន្ននេះ Cambridge កំពុងលេងនៅក្របខណ្ឌ BUCS Midlands Division 2A។

១. Sheffield Football Club (ថ្ងៃទី ២៤ ខែតុលា ឆ្នាំ១៨៥៧)

Sheffield Football Club ជាក្លិបចាស់ជាងគេនៅលើលោក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥៧។ ក្លិបមួយនេះត្រូវបាន ទទួលស្គាល់ជាផ្លូវការដោយ FIFA ហើយនិងសហព័ន្ធបាល់ទាត់អង់គ្លេស​(FA) ថាជាក្លិបចាស់បំផុត នៅលើលោក។

មុនពេលមានការរៀបចំចាត់ចែងច្បាប់នៅ FA ក្លិបបាល់ទាត់នីមួយៗ មានច្បាប់នៅក្នុងការប្រកួតដោយខ្លួនឯង ហើយ Sheffield Rules ជាបណ្ដុំនៃច្បាប់ផ្លូវការនៃការប្រកួត បានជះឥទ្ធិពលទៅលើច្បាប់របស់ FA ផងដែរ។ Sheffield បានក្លាយជាសមាជិក នៃសហព័ន្ធបាល់ទាត់អង់គ្លេស(FA) នៅឆ្នាំ១៨៦៣ ប៉ុន្ដែ បន្ដប្រើប្រាស់ច្បាប់ការប្រកួតរបស់ពួកគេ។ ប៉ុន្ដែចុងក្រោយ Sheffield បានសម្របតាមច្បាប់នៃការប្រកួតរបស់ FA នៅឆ្នាំ ១៨៧៨។ ហើយពួកគេកំពុងលេងនៅក្នុងក្របខណ្ឌ Northern Premier League – Division One South៕