គ្រាប់បាល់ចុងម៉ោងរបស់ ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងការប្រកួតជ័យជម្នះសម្រាប់ Juventus ដែលបានយកឈ្នះ Sassuolo ៣-១ បានធ្វើឱ្យខ្សែប្រយុទ្ធរូបនេះ បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រមួយ ដែលមិនមានកីឡាករណាម្នាក់អាចធ្វើបាន។
ខ្សែប្រយុទ្ធព័រទុយហ្កាល់បានអូសបាល់ ស៊ុតបញ្ចូលទីនៅនាទីទី៩០+២ ដែលជាគ្រាប់បាល់ទី១៥របស់គេនៅរដូវកាល ២០២០-២១។
ដូច្នេះមានន័យថា កីឡាករវ័យ៣៥ឆ្នាំរូបនេះ ក្លាយជាកីឡាករតែម្នាក់គត់ដែលអាចរកគ្រាប់បាល់បានយ៉ាងហោចណាស់ ១៥គ្រាប់ រាល់១៥រដូវកាលចុងក្រោយ នៃលីគធំៗបំផុតទាំង៥នៅអឺរ៉ុប រាប់ចាប់ពីរដូវកាល ២០០៦-០៧ មក។
លើសពីនេះទៅទៀត ម្ចាស់ពាន Ballon dÓr ៥សម័យរូបនេះ បានតាមស្មើកំណត់ត្រាគ្រាប់បាល់របស់ អតីតខ្សែប្រយុទ្ធសាធារណរដ្ឋឆែក Josef Bican ដែលមានគ្រាប់បាល់ផ្លូវការ ៧៥៩គ្រាប់ ទាំងសម្រាប់ការប្រកួតឱ្យក្លិប និង ក្រុមជម្រើសជាតិ។
បច្ចុប្បន្នក្រុម Juventus របស់ Ronaldo ឈរនៅលេខ៤ក្នុងតារាង Serie A មាន៣៣ពិន្ទុ និងមានគម្លាត៧ពិន្ទុពីក្រុមកំពូលតារាង AC Milan ដែលមាន៤០ពិន្ទុ។