Skip to content
ក្លិបបាល់ទាត់ធំបំផុតចំនួន២០នៅអឺរ៉ុបបាត់ចំណូលសរុបជាង១ពាន់លានអឺរ៉ូដោយសារកូវីដ-១៩
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ក្លិបបាល់ទាត់ធំបំផុតចំនួន២០នៅអឺរ៉ុបបាត់ចំណូលសរុបជាង១ពាន់លានអឺរ៉ូដោយសារកូវីដ-១៩

ការសិក្សារបស់ភ្នាក់ងារវិភាគទីផ្សារ KPMG បង្ហាញថាក្លិបបាល់ទាត់ធំបំផុតចំនួន២០ក្នុងទ្វីបអឺរ៉ុបបានខាតបង់ប្រាក់ចំណូលសរុបជាង១ពាន់លានអឺរ៉ូក្នុងរយៈពេល១ឆ្នាំមកនេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ខណៈតម្លៃផ្ទេររបស់កីឡាករក៏ធ្លាក់ចុះ១០%ផងដែរ។

Manchester United, Juventus, Paris Saint-Germain និង Porto បានធ្លាក់ចំណូល២ខ្ទង់ភាគរយ តែ Bayern Munich, Liverpool និង Real Madrid ធ្លាក់ចំណូលតិចជាង។

ទោះយ៉ាងណា Real និង Bayern នៅតែទទួលបានប្រាក់ចំណេញ ដោយក្លិបយក្សអេស្ប៉ាញបានប្រកាសពីប្រាក់ចំណូលចំនួន៦៨១លានអឺរ៉ូ ទោះបីធ្លាក់ចំណូល៨%ក្ដី។ ទំហំចំណូលពួកគេតាមពីក្រោយដោយ Bayern ដែលរកបាន៦០៧,២លានអឺរ៉ូ, Liverpool រកបាន៥៥៧លានអឺរ៉ូ និង PSG រកបាន៥៤០,៦លានអឺរ៉ូ។

វិធានការដែល Real បានប្រើដើម្បីរក្សាភាពវិជ្ជមាននៃប្រាក់ចំណេញ គឺតាមរយៈការកាត់ប្រាក់ខែ១០%លើកីឡាករទាំងអស់ និងការលក់/ឱ្យគេខ្ចីកីឡាករក្នុងរដូវក្ដៅ ហើយពួកគេមិនទិញចូលកីឡាករថ្មីណាម្នាក់ឡើយ។

Porto ធ្លាក់ចំណូលខ្លាំងជាងគេ គឺដល់ទៅ៥០,៥%។ Manchester United ធ្លាក់ចុះចំណូល១៨,៥%, Celtic ធ្លាក់ចំណូល១៥,៥%, Tottenham ធ្លាក់ចុះចំណូល១២,៣%, Liverpool បាត់ចំណូល៧,៩% ដោយសារការប្រកួតបិទទ្វារនិងធ្លាក់ចេញពី Champions League ក្រោមថ្វីជើង Atletico Madrid ខណៈមុនកូវីដ១៩ផ្ទុះខ្លាំង ពួកគេត្រូវបានរំពឹងថានឹងកើនចំណូល១៤%។

តាមការសិក្សាដដែលឱ្យដឹងថា Kylian Mbappe ជាកីឡាករដែលមានតម្លៃថ្លៃបំផុតក្នុងលោកនាពេលបច្ចុប្បន្នគឺ២០០លានអឺរ៉ូ ខណៈមានកីឡាករអង់គ្លេស៤នាក់ស្ថិតក្នុងចំណោមកីឡាករថ្លៃបំផុតទាំង១០ ដូចជា Raheem Sterling (លំដាប់ទី២ ថ្លៃ១៣២,៥លានអឺរ៉ូ) Jadon Sancho (លំដាប់ទី៣ តម្លៃ១៣០លានអឺរ៉ូ) Harry Kane (លំដាប់ទី៥ តម្លៃ១២០លានអឺរ៉ូ), Marcus Rashford (តម្លៃ១១២,២លានអឺរ៉ូ)។ Lionel Messi ស្ថិតនៅលេខ១២ មានតម្លៃ១០១,៣លានអឺរ៉ូ, Cristiano Ronaldo ស្ថិតក្រៅលំដាប់កំពូលទាំង៥០ ដោយមានតម្លៃ៦៣,២លានអឺរ៉ូ។

យោងតាម KPMG ដដែល Liverpool ជាក្លិបដែលមានគីបកីឡាករតម្លៃថ្លៃបំផុតក្នុងលោក ដោយមានតម្លៃ១០៩៤,៣លានអឺរ៉ូ ជាក់ស្ដែង Mohamed Salah មានតម្លៃ១២២,២លានអឺរ៉ូ, Sadio Mane មានតម្លៃ១២០លានអឺរ៉ូ, Trent Alexander-Arnold មានតម្លៃ១០៧,១លានអឺរ៉ូ។

គីបកីឡាករ Bayern Munich មានតម្លៃ៩៤៣,៤លានអឺរ៉ូ, គីបកីឡាករ Real Madrid មានតម្លៃ៨៧៤,២លានអឺរ៉ូ, គីបកីឡាករ PSG មានតម្លៃ៨០៦,៦លានអឺរ៉ូ និងគីបកីឡាករ Juventus មានតម្លៃ៧៣៤,៨លានអឺរ៉ូ៕