Manchester United បន្ដឈរនៅកំពូលតារាង Premier League ទោះបញ្ចប់ការប្រកួតក្នុងលទ្ធផល ០-០ ជាមួយក្រុមការពារជើងឯក Liverpool កាលពីយប់ថ្ងៃអាទិត្យ ១៧ ខែមករា ឆ្នាំ២០២១។
អ្នកចាំទី Alisson Becker ជាវីរបុរសនៃការប្រកួត ដោយបានរារាំងការព្យាយាមរកគ្រាប់បាល់បញ្ចូលទីពី Bruno Fernandes និង Paul Pogba។
បច្ចុប្បន្ន Man United បន្ដឈរនៅលេខ១ មាន៣៧ពិន្ទុពី១៨ប្រកួត ខណៈ Liverpool រំកិលចុះទៅលេខ៤ មាន៣៤ពិន្ទុ។
នៅក្នុងការប្រកួតនេះ បានបង្កើតចេញជាកំណត់ត្រា និងស្ថិតិ ពិសេសៗមួយចំនួនដូចខាងក្រោមនេះ៖
- Manchester United មិនបរាជ័យក្នុង១៦ប្រកួតចុងក្រោយរបស់ពួកគេ សម្រាប់ការប្រកួតក្រៅទឹកដីនៅ Premier League ដោយទទួលបានជ័យជម្នះ១២ប្រកួត និង ស្មើ៤ប្រកួត ហើយពួកគេធ្លាប់រក្សាស្ថិតិល្អបែបនេះតែម្ដងប៉ុណ្ណោះ កាលពីខែកញ្ញា ឆ្នាំ១៩៩៩ ដែលកាលនោះក្រុមបិសាចក្រហមរក្សាភាពមិនចាញ់បាន១៧ប្រកួត។
- Liverpool មិនអាចរកគ្រាប់បាល់៣ប្រកួតជាប់គ្នានៅ Premier League ជាលើកដំបូងចាប់តាំងពី ខែមីនា ឆ្នាំ២០០៥ ហើយពួកគេជាក្រុមការពារជើងឯកទី៣បន្ទាប់ពី Arsenal នៅរដូវកាល ១៩៩៨-៩៩ និង Leicester City រដូវកាល ២០១៦-១៧ ដែលមិនមានគ្រាប់បាល់បញ្ចូលទី៣ប្រកួតជាបន្ដបន្ទាប់នៅ Premier League។
- Marcus Rashford ត្រូវបានចាប់ជំហរក្រៅល្បែង(offside) ៤លើកសម្រាប់៤៥នាទីដំបូងនៃការប្រកួត ដែលស្មើនឹងចំនួនជំហរក្រៅល្បែងរបស់ Son Heung-min ពេញមួយប្រកួតនៅរដូវកាលនេះ ក្នុងជំនួបទល់នឹង Southampton។
- Manchester United មិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេ ពី៤ប្រកួតចុងក្រោយនៅ Premier League ទល់ Liverpool ដោយស្មើ២លើក និងចាញ់២លើក ដែលជារយៈពេលយូរបំផុតដែលពួកគេខកខានឈ្នះគូប្រជែងដ៏ជូរចត់មួយនេះ ចាប់តាំងពីខែមីនា ឆ្នាំ២០០០ ដល់ខែមករា២០០២ ដែលកាលនោះក្រុមបិសាចក្រហម មិនទទួលបានជ័យជម្នះ៥ប្រកួតជាប់គ្នា។
- នេះជាការប្រកួតទី២០០ដែលលោក Jurgen Klopp ដឹកនាំ Liverpool សម្រាប់ការប្រកួតនៅ Premier League ដែលក្នុងនោះ អ្នកចាត់ការជនជាតិអាល្លឺម៉ង់រូបនេះជួយពួកគេឈ្នះ១២៧ប្រកួត ហើយមានតែលោក Jose Mourinho ប៉ុណ្ណោះដែលអាចរកបានជ័យជម្នះច្រើនបំផុតនៅក្នុងប្រវត្តិសាស្ដ្រ Premier League ពីការដឹកនាំ២០០ប្រកួតដំបូងរបស់ខ្លួន(ឈ្នះ១៣៧ប្រកួត)។
- ក្រោមការដឹកនាំរបស់លោក Klopp ក្រុមហង្សក្រហមមិនស្គាល់បរាជ័យ រាល់ការប្រកួតទាំង៧លើក ទល់នឹងក្រុមកំពូលតារាងនៅកីឡដ្ឋាន Anfield ដោយទទួលបានជ័យជម្នះ ៣លើក និងស្មើ៤លើក។
ដោយឡែក ខ្សែការពារ John Stones បន្ដបង្ហាញគុណផលល្អ ដោយបានរកគ្រាប់បាល់២គ្រាប់ ជួយឱ្យ Manchester City យកឈ្នះ Crystal Palace និងឡើងទៅកាន់លេខ២ក្នុងតារាង Premier League។
កីឡាករជនជាតិអង់គ្លេសវ័យ២៦ឆ្នាំ រកគ្រាប់បាល់បញ្ចូលទីឱ្យក្រុមបង្វឹកដោយលោក Pep Guardiola នៅនាទីទី ២៦ និង ៦៨ ខណៈពីរគ្រាប់ទៀតរកបានដោយ Ilkay Gundogan នៅនាទី៥៦ និង Raheem Sterling នៅនាទី ៨៨។
រីឯក្រុមមាន់ខ្នាយមាស Tottenham Hotspur វិញ បានយកឈ្នះក្រុមបាតតារាង Sheffield United ដោយលទ្ធផល ៣-១។ Serge Aurier, Harry Kane និង Tanguy Ndombele រកគ្រាប់បាល់ម្នាក់មួយគ្រាប់ឱ្យ Spurs នៅនាទីទី ៥, ៤០ និង ៦២ ខណៈក្រុមម្ចាស់ផ្ទះ រកបានមួយគ្រាប់ផងដែរដោយកីឡាករ David McGoldrick នៅនាទី ៥៩។
តារាងពិន្ទុក្រុមកំពូលទាំង៦នៅ Premier League: