ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជាបានត្រៀមកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនលើ១០វិញ្ញាសា ដែលកំណត់បង្ហាញនៅក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា កាលពីបញ្ជីដំបូងម្ចាស់ផ្ទះវៀតណាមបានកំណត់១៤វិញ្ញាសា ប៉ុន្តែការកំណត់ចុងក្រោយនៅសល់ត្រឹម១០វិញ្ញាសាវិញ ដែលក្នុងនោះ Standard Dance មាន៥វិញ្ញាសា និង Latin Dance មាន៥វិញ្ញាសា។ នៅក្នុងចូលរួមប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ នាចុងឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡារាំកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ តាមរយៈការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗ ដែលជាជ័យ លាភីចេញពីការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ហើយនឹងរៀបចំការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសឲ្យកាន់តែល្អប្រសើរបន្ថែម ដើម្បីចូលរួមប្រជែងមេដាយជូនជាតិ។
លោកស្រីបន្ថែមទៀតថា កីឡារាំកម្ពុជាបានត្រៀម៦គូ គឺកីឡាករ៦នាក់ និងកីឡាការិនី៦នាក់ ដែលត្រូវប្រកួតរាំជាគូ ហើយវិញ្ញាសាដែលរំពឹងអាចឈានដល់ការឈ្នះមេដាយ គឺ Latin Dance ដែលក្រុមជម្រើសជាតិកីឡារំាកម្ពុជាធ្លាប់បានហ្វឹកហាត់រយៈពេល៤ឆ្នាំមកហើយ រីឯវិញ្ញាសា Standard Dance គឺយើងទើបតែហ្វឹកហាត់បានត្រឹម២ឆ្នាំប៉ុណ្ណោះ។ នៅពេលនេះ មិនទាន់ដឹងថាមានប៉ុន្មានប្រទេសចូលរួមប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមនេះទេ ប៉ុន្តែកាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនមានប្រទេសចូលរួមចំនួន៨ ក្នុងចំណោម១១ប្រទេសនៃអាស៊ីអាគ្នេយ៍។ ប្រទេសខ្លាំងៗ ក្នុងតំបន់នេះ មានដូចជាថៃ វៀត ណាម និងហ្វីលីពីនជាដើម។
សហព័ន្ធកីឡារាំកម្ពុជាទើបតែចូលរួម ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន តែម្តងប៉ុណ្ណោះ ដោយមិនដណ្តើមបានមេដាយនោះទេ ប៉ុន្តែប្រភេទកីឡារាំកម្ពុជាធ្លាប់បានប្រជែងមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីលើឆាកអន្តរជាតិ ដូចជាជើងឯកអាស៊ី ជើងឯកពិភពលោកជាដើម។ ទោះយ៉ាងនេះក្តី ក៏លោកស្រីបានបង្ហាញថា នៅក្នុងការចូលរួម ស៊ីហ្គេម ឆ្នាំ២០២១ ដែលជាការចូលរួមជាលើកទី២របស់ខ្លួននេះ គឺកីឡាករ កីឡាការិនីក៏បានប្តេជ្ញាចិត្តខ្ពស់ ក្រោមការជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមបាននូវកិត្តិយស និងមេដាយជូនជាតិ តាមរយៈការបណ្តុះស្មារតីឲ្យខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស និងកែប្រែនូវចំណុច ខ្សោយកន្លងមក ដើម្បីឈានឆ្ពោះទៅរកភាពល្អប្រសើរបន្ថែមទៀត។ សូមបញ្ជាក់ថា សហព័ន្ធកីឡាំកម្ពុជាត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដែលមកដល់ឆ្នាំ២០២១នេះស្ថិតនៅក្នុងអាណត្តិទី៣ ហើយនៅក្នុងការខិតខំអភិវឌ្ឍវិស័យកីឡាមួយនេះ ប្រភេទកីឡារាំកម្ពុជាទទួលបានការគាំទ្រជាបន្តបន្ទាប់ជាមួយនឹងការបណ្តុះបណ្តាលនូវធនធានកីឡាករ កីឡាការិនីកាន់តែសម្បូរបែបពីមួយឆ្នាំទៅមួយឆ្នាំ៕