ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រកគ្រាប់បាល់២គ្រាប់ឱ្យ Arsenal យកឈ្នះ Newcastle United ដោយលទ្ធផល ៣-០ ហើយឡើងមកលេខ១០ក្នុងតារាង Premier League។
ខ្សែប្រយុទ្ធជនជាតិកាបុងរូបនេះ ស៊ុតចូលពីរគ្រាប់នៅនាទី ៥០ និង ៧៧ ហើយមួយគ្រាប់ទៀតរកបានដោយកីឡាករវ័យក្មេង Bukayo Saka នៅនាទី៦០។
ក្រោយចប់ការប្រកួតក្រុមដែលបង្វឹកដោយលោក Mikel Arteta បានដណ្ដើមតំណែងលេខ១០របស់ Aston Villa និងមានគម្លាត៧ពិន្ទុពីតំណែង Top 4 ខណៈ Newcastle ឈរនៅលេខរៀងទី១៥ មានពិន្ទុសរុប១៩ និងមានគម្លាត៧ពិន្ទុពីតំបន់ត្រូវកាត់ចេញ។
ស្ថិតិ និងកំណត់ត្រានៃការប្រកួតនេះ៖
- Arsenal រក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់(clean sheet) ៥ប្រកួតជាប់គ្នាគ្រប់ការប្រកួតទាំងអស់ជាលើកដំបូង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩មក ដែលកាលនោះពួកគេធ្វើបាន៦ប្រកួត។
- Newcastle ខានស្គាល់ពាក្យថាឈ្នះ៧ប្រកួតចុងក្រោយនៅ Premier League ដោយស្មើ២ និង ចាញ់៥ប្រកួត ដែលជាស្ថិតិមិនទទួលបានជ័យជម្នះយូរបំផុត នៅពានមួយនេះ ចាប់តាំងពីខែតុលា ឆ្នាំ២០១០ (១០ប្រកួតមិនស្គាល់ពាក្យថាឈ្នះ)។
- Arsenal បានយកឈ្នះ Newcastle ២-០ នៅ FA Cup ក្នុងកីឡដ្ឋាន Emirates កាលពីថ្ងៃទី៩ ខែមករា ហើយ៩ថ្ងៃក្រោយមកពួកគេបានយកឈ្នះ Newcastle សារជាថ្មី ដែលនេះជាលើកដំបូងដែលក្រុមកាំភ្លើងធំអាចយកឈ្នះគូប្រកួតដដែលនៅក្នុងចន្លោះពេលតិចបំផុត ចាប់តាំងពីខែមករា ឆ្នាំ២០០៨មក ដែលកាលនោះ ពួកគេយកឈ្នះ Newcastle ២លើកនៅ Emirates ក្នុងចន្លោះពេល៣ថ្ងៃ។
- ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal បានបង្ហាញខ្លួនលើទីលានប្រកួត ក្នុងលីគបាល់ទាត់អឺរ៉ុបបាន៤០០លើក ដែលក្នុងនោះរួមមាន Arsenal ១០២លើក, Borussia Dortmund ១៤៤លើក, Saint Etienne ៨៧លើក, Lille ១៤លើក និង Dijon ៣៤លើក។
- ខ្សែបម្រើ Thomas Partey បញ្ជូន assist នៅក្នុងលីគលើកដំបូង សម្រាប់ការចូលលេងបាន ៥៨លើក ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ សម្រាប់ Atletico Madrid ទល់នឹង Valencia នៅ La Liga។
- Emile Smith Rowe រួមចំណែកបង្កើតគ្រាប់បាល់៧គ្រាប់ ពីការបង្ហាញខ្លួន១០លើកឱ្យ Arsenal គ្រប់ការប្រកួត ខណៈកីឡាករជនជាតិអង់គ្លេសរូបនេះ បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បាល់(៥គ្រាប់) ច្រើនជាងកីឡាករណាៗទាំងអស់នៅ Asenal រដូវកាលនេះ។
- Bukayo Saka បានរួមចំណែកបង្កើតគ្រាប់បាល់ច្រើនបំផុត ១១គ្រាប់ ក្នុងនាមជាកីឡាករវ័យក្មេង (ដោយរកគ្រាប់បាល់៥គ្រាប់ និង assist ៦គ្រាប់) បន្ទាប់ពី Nicolas Anelka (៣០គ្រាប់), Cesc Fabregas (២៨គ្រាប់) និង Theo Walcott (១២គ្រាប់)៕