Skip to content
ស្ថិតិក្នុងការប្រកួតនៅក្លិបទាំង៤ដែល Ozil ធ្លាប់លេង មុនទៅចូលរួម Fenerbahce
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ស្ថិតិក្នុងការប្រកួតនៅក្លិបទាំង៤ដែល Ozil ធ្លាប់លេង មុនទៅចូលរួម Fenerbahce

Mesut Ozil បានសម្រេចចិត្តចាកចេញពី Arsenal ក្រោយចំណាយពេល៨ឆ្នាំជាមួយក្លិបអង់គ្លេសមួយនេះ ដោយការបញ្ចប់កុងត្រាដែលនៅសល់៦ខែ ដើម្បីផ្លាស់ចូលរួម ក្លិបតួកគី Fenerbahce ជាមួយកិច្ចសន្យា៣ឆ្នាំ និងទទួលបាន ៤,៥លានផោន ក្នុងមួយរដូវកាល។

ខ្សែបម្រើប្រយុទ្ធរូបនេះ បានបង្ហាញគុណផលដល់កំពូល ពេលលេងនៅទឹកដី Emirates ក្រោមការបង្វឹកដោយលោក Arsene Wenger ដោយកីឡាករមានដើមកំណើតនៅតួកគីរូបនេះ រកគ្រាប់បាល់បាន ៤៤គ្រាប់ និង assist ៧៧លើក ពីការបង្ហាញខ្លួន២៥៤លើក ជាពិសេសជួយក្រុមកាំភ្លើងធំឈ្នះពាន FA Cup ៣ដងផងដែរ។

មុនពេលផ្លាស់ទៅ Fenerbahce ខ្សែបម្រើវ័យ៣២ឆ្នាំ ធ្លាប់ប្រូលូកអាជីពជាកីឡាករបាល់ទាត់ជាមួយ៤ក្លិប ហើយខាងក្រោមនេះ ជាស្ថិតិរបស់ Ozil ជាមួយក្លិបទាំងនោះ។

១. Schalke 04 (២០០៦-២០០៨)

Ozil បានចូលរួមក្រុមយុវជនរបស់ Schalke នៅឆ្នាំ២០០៥​ ហើយមួយរយៈខ្លីក្រោយមក គេទទួលបានឱកាសឡើងទៅលេងនៅឈុតធំ។ នៅជាមួយ Shalke ខ្សែបម្រើរូបនេះ រកគ្រាប់បាល់បាន ១គ្រាប់ និង assist ៥គ្រាប់ ពីការបង្ហាញខ្លួន ៣៩ប្រកួត មុនពេលផ្លាស់ទៅ Werder Bremen។

២. Werder Bremen (២០០៨-២០១០)

Ozil បង្ហាញភាពលេចធ្លោខ្លាំងនៅលើទីលានប្រកួត ជាមួយបច្ចេកទេស​លេងបាល់ ជាពិសេសទំនាក់ទំនងរវាងតំបន់បម្រើ និង តំបន់ប្រយុទ្ធ។ ការបង្ហាញគុណផលល្អ​ បានធ្វើឱ្យ Ozil ក្លាយជាកីឡាករសំខាន់មួយរូបក្នុងជម្រើស១១នាក់នៅ Werder Bremen។ សម្រាប់ការចូលលេង ១០៨ប្រកួត Ozil រកគ្រាប់បាល់បញ្ចូលទីបាន ១៦គ្រាប់ និង គ្រាប់បាល់ assist ៥៤គ្រាប់។

 ៣. Real Madrid (២០១០-២០១៣)

ក្រោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបធំៗនៅអឺរ៉ុប អំឡុងការប្រកួត FIFA World Cup 2010 ហើយក្រោយមក គេបានចុះកិច្ចសន្យាជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងតម្លៃ ១៥លានអឺរ៉ូ។

Ozil បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្លាយជាកីឡាករនាំលេង ដ៏ល្អបំផុតមួយរូបនៅលើលោក ដោយបានសហការយ៉ាងស្អិតរមួតជាមួយ ខ្សែប្រយុទ្ធ Cristiano Ronaldo ហើយបានជួយ Real Madrid ឈ្នះពាន La Liga នៅរដូវកាល ២០១១-១២ និង Copa del Rey ឆ្នាំ២០១១។ នៅរាជធានីប្រទេសអេស្ប៉ាញ Ozil មានឱកាសចូលលេង ១៥៩លើក ដោយរកគ្រាប់បាល់បញ្ចូលទីបាន ២៧គ្រាប់ រួមជាមួយគ្រាប់បាល់ assist ៨០គ្រាប់។

៤. Arsenal(២០១៣-២០២១)

នៅ Arsenal ក្រោមការបង្វឹកដោយលោក Arsene Wenger កីឡាករលេខ១០រូបនេះ នៅតែរក្សាការលេងបានល្អ ហើយគេបានរួមចំណែកដ៏សំខាន់ ក្នុងការជួយក្រុមកាំភ្លើងធំឈ្នះ FA Cup ៣លើក ប៉ុន្ដែកីឡាករអាល្លឺម៉ង់រូបនេះ លែងទទួលបានឱកាសចូលលេង ក្រោមការដឹកនាំរបស់លោក Mikel Arteta។ ក្នុងចំណោម២៥៤ប្រកួតនៅ Arsenal ខ្សែបម្រើវ័យ៣២ឆ្នាំ រកគ្រាប់បាល់បាន ៤៤គ្រាប់ និង assist ៧៧លើក៕