ស្របពេលមានការភ្ជាប់នឹងការផ្ទេរទៅក្លិបយក្សអេស្ប៉ាញដូចជា Real Madrid និង Barcelona ខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីប Mohamed Salah និយាយថាអនាគតរបស់គេស្ថិតក្នុងដៃក្លិបហង្សក្រហម Liverpool ជាអ្នកសម្រេច។
Salah ដែលកំពុងនាំមុខក្នុងបញ្ជីអ្នករកគ្រាប់បាល់ក្នុង Premier League រដូវកាល២០២០-២១នេះ (១៣គ្រាប់) នៅសល់កិច្ចសន្យាជាមួយ Liverpool ដល់រដូវក្ដៅឆ្នាំ២០២៣។ គេនិយាយថាគេចង់បន្តនៅ Anfield ដើម្បីបំបែកកំណត់ត្រានានាបន្ថែមទៀត។
ប៉ុន្តែអំឡុងបុណ្យណូអែលឆ្នាំមុន Salah បាននិយាយក្នុងសម្ភាសន៍មួយអំពីការខកចិត្តរបស់គេដែលមិនបានពាក់ស្លាកប្រធានក្រុមក្នុងការប្រកួត Champions League វគ្គចែកពូលទល់នឹង Midtjylland ដែលបណ្ដាលឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងអំពីអនាគតរបស់គេនៅអង់គ្លេស។
នៅពេលនោះ លោក Jurgen Klopp បាននិយាយសម្រាលស្ថានការណ៍ តែលោកក៏បានសារភាពផងដែរថាក្លិបមិនអាចបង្ខំនរណាដែលមិនចង់នៅឱ្យនៅទៀតបានទេ។
ថ្មីៗនេះក្នុងកិច្ចសម្ភាសជាមួយ TV2 របស់ន័រវែស Salah និយាយថា៖ «ខ្ញុំមិនដឹងទេ។ បើអ្នកសួរ ខ្ញុំឆ្លើយថាខ្ញុំចង់នៅទីនេះយូរបំផុតតាមដែលខ្ញុំអាចធ្វើបាន។ ប៉ុន្តែដូចខ្ញុំធ្លាប់និយាយពីមុនអីចឹងថាវាស្ថិតក្នុងដៃរបស់ក្លិប។ ខ្ញុំនឹងតែងតែប្រឹងប្រែង១០០%ជានិច្ចរហូតដល់នាទីចុងក្រោយ។ ខ្ញុំនៅក្លិបនេះ ហើយខ្ញុំចង់ឈ្នះពានច្រើនទៀតតាមដែលអាចធ្វើបាន។ ហើយខ្ញុំចង់បញ្ចេញអស់សមត្ថភាព១០០%ដើម្បីមនុស្សដែលបង្ហាញក្ដីស្រលាញ់ដល់ខ្ញុំគ្រប់វេលា»។
Salah ដែលបច្ចុប្បន្នវ័យ២៨ឆ្នាំ បានផ្ដើមអាជីពនៅក្លិប Al Mokawloon ក្នុងប្រទេសកំណើតអេហ្ស៊ីបក្នុងឆ្នាំ២០១០ មុនមកអឺរ៉ុបក្នុងឆ្នាំ២០១២ដោយចូលរួម Basel។ ២ឆ្នាំបន្ទាប់គេផ្លាស់ទៅ Chelsea រួចត្រូវបាន Fiorentina ខ្ចីនៅដើមឆ្នាំ២០១៥។ ក្នុងរដូវកាល២០១៥-១៦ Salah បានបន្តលេងនៅអ៊ីតាលីដោយ Roma ខ្ចី១រដូវកាល រួចទិញផ្ដាច់ពី Chelsea តែម្ដង។ គុណផលដ៏លេចធ្លោរបស់គេនៅ Roma បានទាក់ចិត្ត Liverpool ឱ្យទិញរូបគេមក Anfield ក្នុងខែមិថុនាឆ្នាំ២០១៧ ក្នុងតម្លៃបឋម៣៦.៥លានផោនដែលអាចកើនដល់៤៣លានផោន។
នៅ Liverpool គេបានឈ្នះពាន Premier League, Champions League, UEFA Super Cup, FIFA Club World Cup, ស្បែកជើងមាស Premier League ២រដូវកាលជាប់គ្នា និងពានកីឡាករឆ្នើមប្រចាំរដូវកាលក្នុងលីគនេះផងដែរ៕