សហព័ន្ធកីឡាបាល់ទាត់ថៃ(FAT) ប្រកាសតែងតាំងអ្នកស្រី Miyo Okamoto ជាគ្រូបង្គោលថ្មីសម្រាប់ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃលោក Somyot Poompanmuang បាននិយាយថា៖ “យើងខ្ញុំមានក្ដីរីករាយដែលបានឈានដល់ការព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ជប៉ុន(JFA) ក្នុងការតែងតាំងអ្នកស្រី Okamoto ជាគ្រូបង្គោលថ្មី របស់ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ”។
“យោងតាមការចុះអនុសារណយោគយល់ រវាងសហព័ន្ធកីឡាបាល់ទាត់ថៃ និង សហព័ន្ធកីឡាបាល់ទាត់ជប៉ុន យើងបានបង្កើតភាពជាដៃគូ ដើម្បីបង្កើនលទ្ធភាពឱ្យក្រុមបាល់ទាត់នារីជម្រើសជាតិថៃកាន់តែមានកម្រិតស្ដង់ដា”។
ក្រៅពីអ្នកស្រី Okamoto សហព័ន្ធបានតែងតាំងអ្នកស្រី Natsuko Todoroki ជាគ្រូបង្វឹកអ្នកចាំទី សម្រាប់ក្រុមបាល់ទាត់នារីជម្រើសជាតិថៃផងដែរ។
ដោយឡែកសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ប្រកាសតែងតាំងលោក Rudy Eka Priyambada ជាគ្រូបង្គោលថ្មី នៃក្រុមបាល់ទាត់នារីជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ។
ការតែងតាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង ចាការតាកាលពីសប្ដាហ៍មុន ជាមួយនឹងបេក្ខភាពដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ដោយគណកម្មការបច្ចេកទេសរបស់សហព័ន្ធ។
សូមរំឭកថា លោក Priyambada បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹកនៅអូស្ដ្រាលី ជាមួយក្លិប Moonbulk Rangers នៅឆ្នាំ ២០១២ មុនពេលផ្លាស់ទៅក្លិប Bali Devata FC នៅឆ្នាំបន្ទាប់។ មុនពេលកាន់តួនាទីជាគ្រូបង្គោលក្រុមបាល់ទាត់នារីជម្រើសជាតិឥណ្ឌូនេស៊ី លោកជាគ្រូកាយសម្បទានៅក្លិប Persebaya Surabaya៕