អ្នកស្រី Kanya Keomany សព្វថ្ងៃជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិមួយរូបនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។ អ្នកស្រីទទួលបានតំណែងទាំងនេះក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យអ្នកស្រីបង្កើតប្រវត្តិសាស្ត្រក្នុងបាល់ទាត់អាស៊ី។
ប៉ុន្តែមុននឹងទទួលបានតួនាទីខ្ពង់ខ្ពស់បែបនេះក្នុងវិស័យបាល់ទាត់ អ្នកស្រីបានជម្នះឧបសគ្គយ៉ាងច្រើន បានធ្វើការងារស្ម័គ្រចិត្តនានាជាច្រើនឆ្នាំនិងមានបទពិសោធយ៉ាងក្រាស់ក្រែលដ៏គួរឱ្យបំផុសគំនិតក្នុងនាមជាស្រ្តីម្នាក់ ដូចមានរៀបរាប់នៅខាងក្រោម។
អ្នកស្រី Kanya Keomany បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម (Business Administration) ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិឡាវ និងថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ James Cook University ក្នុងប្រទេសអូស្ត្រាលី។ អ្នកស្រីបានចាប់ផ្ដើមអាជីពដំបូងក្នុងឧស្សាហកម្មវាយនភណ្ឌ។ បន្ទាប់មក អ្នកស្រីបានច្របាច់បញ្ចូលគ្នារវាងចំណេះវិជ្ជាដែលអ្នកស្រីបានរៀននៅសាកលវិទ្យាល័យផ្សំជាមួយក្ដីស្រលាញ់ក្នុងវិស័យកីឡា បង្កើតទៅជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍មួយ រួមទាំងកាសែតកីឡា ទស្សនាវដ្ដីកីឡា ដែលមានអ្នកស្រីជាការីនិពន្ធនិងអ្នកយកព័ត៌មានផងដែរ។ ក្រោមការគ្រប់គ្រងរបស់អ្នកស្រី ក្រុមហ៊ុននេះក៏បានផលិតកម្មវិធីកីឡាសម្រាប់ចាក់ផ្សាយលើទូរទស្សន៍ ព្រមទាំងសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយទូទាំងប្រទេស អំពីព្រឹត្តិការណ៍ SEA Games លើកទី២៥ ឆ្នាំ២០០៩ ដែលឡាវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។
អ្នកស្រី បានធ្វើការពាក់ព័ន្ធក្នុងកីឡាបាល់ទាត់អស់រយៈពេលជាង១ទសវត្សរ៍ ដោយជួយរៀបចំកម្មវិធីបាល់ទាត់របស់ LFF តាមរយៈជំនាញរបស់អ្នកស្រីជាស្នងការប្រកួត (Match Commissioner) របស់ AFC។ អ្នកស្រីត្រូវបានជ្រើសរើសជាស្នងការប្រកួតឆ្នើមបំផុតប្រចាំឆ្នាំ២០០៩របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC Match Commissioner of the Year 2009) និងជាបុគ្គលកីឡាឆ្នើមបំផុតប្រចាំឆ្នាំ២០១០ ដោយគណៈកម្មាធិការជាតិអូឡាំពិកឡាវនិងគណៈកម្មាធិការជាតិកីឡាឡាវ (Most Valuable Sport Person of the Year 2010)។ ក្នុងឆ្នាំ២០១៩ អ្នកស្រីក្លាយជាស្នងការប្រកួតជាស្ត្រីទី១ក្នុងបាល់ទាត់អាស៊ីដែលត្រូវបាន AFC តែងតាំងឱ្យគ្រប់គ្រងការប្រកួតបាល់ទាត់បុរស ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Cup 2019។ អ្នកស្រីក៏បានធ្វើជាស្នងការប្រកួតវគ្គជម្រុះ FIFA World Cup Qatar 2022 & AFC Asian Cup China 2023 ផងដែរ។
ក្នុងកម្មវិធី [ It’s My Game ] របស់ AFC អ្នកស្រី Keomany បានរៀបរាប់អំពីបទពិសោធរបស់អ្នកស្រីជាស្នងការប្រកួតថា៖ «ទោះបីអ្នកបាននិងកំពុងបំពេញការងារជាង១០ឆ្នាំមកហើយក្ដី ប៉ុន្តែអ្នកនៅតែមានមេរៀនថ្មីៗដើម្បីរៀនសូត្របន្ថែមជានិច្ច។ ការធ្វើជាស្នងការប្រកួតក្នុងការប្រកួតបាល់ទាត់បុរសគឺខុសពីការប្រកួតបាល់ទាត់នារី។ ពិតណាស់ ចំនួនទស្សនិកជនក្នុងកីឡដ្ឋាននៃការប្រកួតបាល់ទាត់បុរសគឺច្រើនជាងទស្សនិកជនបាល់ទាត់នារី ហើយក៏ពិបាកគ្រប់គ្រងជាងផងដែរ ខណៈការប្រកួតបាល់ទាត់នារីអាចងាយព្យាករទុកមុនជាងបន្តិច»។
ពាក់ព័ន្ធនឹងការងារជាអគ្គលេខាធិការ LFF វិញ អ្នកស្រីនិយាយថា៖ «តួនាទីនីមួយៗមានបញ្ហាប្រឈមផ្សេងៗគ្នា។ ក្នុងនាមជាអគ្គលេខាធិការ នៅខាងក្រៅ ខ្ញុំត្រូវកសាងទំនាក់ទំនងរឹងមាំជាមួយរដ្ឋាភិបាល សាធារណជន ក្រុមហ៊ុនឧបត្ថម្ភ និងអ្នកពាក់ព័ន្ធទាំងអស់។ នៅផ្ទៃក្នុងវិញ ខ្ញុំត្រូវសម្របសម្រួលជាមួយគ្រប់ដេប៉ាតឺម៉ង់ទាំងអស់ដើម្បីធានាថាពួកគេអនុវត្តយុទ្ធសាស្ត្ររបស់យើងបានត្រឹមត្រូវ»។
«មានការប្រកួតបាល់ទាត់នារីតិចណាស់ក្នុងប្រទេសឡាវ ហើយយើងគ្មានក្រុមជម្រើសជាតិនារីទេ។ ដូច្នេះយើងបានបង្កើតផែនការរយៈពេលវែងសម្រាប់បាល់ទាត់ស្ត្រី និងបានបង្កើតក្រុមយុវជន U14, U15, U16 និង U19។ ក្នុងពេលជាមួយគ្នា យើងបានរៀបចំការប្រកួតបាល់ទាត់នារីច្រើនជាងមុន និងបង្កើនបរិមាណគ្រូបង្វឹកនិងអាជ្ញាកណ្ដាលនារី»។
បាល់ទាត់នារីក្នុងប្រទេសឡាវរីកចម្រើនយ៉ាងប្រសើរក្រោមការខិតខំរបស់អ្នកស្រី Keomany។ ជាក់ស្ដែង ក្រុមធំនារីជម្រើសជាតិឡាវត្រូវបានបង្កើតក្នុងឆ្នាំ២០២០ ទោះបីជួបបញ្ហាប្រឈមជំងឺកូវីដ១៩ក្ដី ហើយអ្នកស្រីសង្ឃឹមថាបាល់ទាត់នារីឡាវនឹងកាន់តែរីកចម្រើននៅពេលការប្រកួតត្រលប់មកវិញដោយសុវត្ថិភាព។
អ្នកស្រីសង្កត់ធ្ងន់ថាឱកាសនៅមានច្រើនសម្រាប់នារីក្នុងទ្វីបអាស៊ី ហើយក្ដីស្រមៃនាពេលអនាគតរបស់អ្នកស្រី គឺអ្នកស្រីសង្ឃឹមថានឹងមានក្រុមជម្រើសជាតិនារីអាស៊ីកាន់តែច្រើនមានឱកាសលើកពាន FIFA Women’s World Cup, បាល់ទាត់នារីអាស៊ីមានភាពពេញនិយមកាន់តែខ្លាំង និងមានទស្សនិកជនចូលទស្សនាពេញកីឡដ្ឋាន៕