Skip to content
កំណត់ត្រាគួរឱ្យចាប់អារម្មណ៍ ពីការប្រកួតដែល Man United លត់ Leeds United ៦-២
    ទំព័រដើម  »  កីឡាអន្តរជាតិ

កំណត់ត្រាគួរឱ្យចាប់អារម្មណ៍ ពីការប្រកួតដែល Man United លត់ Leeds United ៦-២

Scott McTominay ជាកីឡាករដំបូងដែលរកគ្រាប់បាល់២គ្រាប់ ត្រឹម៣នាទីដំបូងនៅ Premier League ក្នុងការប្រកួតដែល Manchester United យកឈ្នះ Leeds United ៦-២ ហើយឡើងមកកាន់លេខ៣ក្នុងតារាងលីគកំពូលអង់គ្លេស។

ខ្សែបម្រើជនជាតិស្កុតឡែន ស៊ុតបំប៉ោងសំណាញ់ទីបើកឆាកនៅពេលការប្រកួតចាប់ផ្ដើមបាន៦៧វិនាទី ហើយកីឡាករវ័យ២៤ឆ្នាំ រកបានមួយគ្រាប់បន្ថែមទៀត នៅនាទីទី៣។

Bruno Fernandes ស៊ុតចូលគ្រាប់ទី៣នៅនាទីទី២០ ហើយស៊ុតប៉េណាល់ទីនៅនាទីទី៧០ ខណៈមិត្តរួមក្រុម Victor Lindelof និង Daniel James រកបានម្នាក់មួយគ្រាប់នៅនាទីទី ៣៧ និង ៦៦។ ក្រុមភ្ញៀវ Leeds United រកបានពីរគ្រាប់ដោយ Liam Cooper នៅនាទីទី៤១ និង Stuart Dallas នៅនាទីទី៧៣។

ទន្ទឹមនឹងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានបង្កើតជាកំណត់ត្រាពិសេសសម្រាប់ Man United និង កំណត់ត្រាមិនល្អឱ្យលោក Marcelo Bielsa និង Leeds United។

  • Manchester United លេងមិនចាញ់នៅក្នុងទឹកដីរបស់ខ្លួន ទល់នឹង Leeds United ច្រើនជាងក្រុមដទៃនៅ Premier League ដោយក្នុងចំណោម១៣ប្រកួតពួកគេ ឈ្នះ៩ប្រកួត និង ស្មើ៤ប្រកួត។
  • Manchester United រកគ្រាប់បាល់បាន៦គ្រាប់នៅ Premier League ជាលើកដំបូងចាប់តាំងពី យកឈ្នះ Arsenal ៨-២ កាលពីខែសីហាឆ្នាំ២០១១។
  • នេះជាលើកទី២ ដែលក្រុមដឹកនាំដោយលោក Marcelo Bielsa របូត៦គ្រាប់នៅក្នុងការប្រកួត ចាប់តាំងពី ដឹកនាំក្រុម Newell’s Old Boys ចាញ់ San Lorenzo ក្នុងការប្រកួត Copa Libertadores នាខែកុម្ភៈ ឆ្នាំ១៩៩២។
  • Leeds United របូតគ្រាប់បាល់៤គ្រាប់ក្នុងវគ្គទី១ លើកដំបូងនៅ Premier League។
  • Leeds United របូតគ្រាប់បាល់ ពីការរៀប set-piece(រួមទាំងការស៊ុតប៉េណាល់ទី) ១៤គ្រាប់ ដែលច្រើនជាងក្រុមផ្សេងៗនៅ Premier League រដូវកាលនេះ។
  • តាំងពីចាប់ផ្ដើមរដូវកាល ២០១៩-២០ មក Manchester United ទទួលបានបាល់ប៉េណាល់ទី៣២លើក និងស៊ុតបញ្ចូលទីបានសម្រេច២៧លើក ដែលជាការទទួលបានបាល់ប៉េណាល់ទីច្រើនជាងក្រុមណាៗទាំងអស់ ក្នុងលីគកំពូលទាំង៥នៅអឺរ៉ុប។
  • កីឡាករ Raphinha របស់ Leeds United ជាកីឡាករក្រុមភ្ញៀវដែលអាច បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីទល់នឹង Manchester United នៅកីឡដ្ឋាន Old Trafford ក្នុងជំនួប Premier League បន្ទាប់ពី Tony Hibbert ធ្លាប់ធ្វើបានម្ដងឱ្យ Everton ដែលស្មើគ្នាក្នុងលទ្ធផល ៤-៤ នៅខែមេសាឆ្នាំ២០១២។
  • តាំងពីបង្ហាញវត្តមានលើកដំបូងនៅខែកុម្ភៈ Bruno Fernandes អាចរកគ្រាប់បាល់ផង និង assist គ្រាប់បាល់ផង ៧ប្រកួតផ្សេងគ្នានៅ Premier League ដោយមានតែ Matt Le Tissier (៨លើក) នៅឆ្នាំ១៩៩៤ និង Mahamed Salah (៩លើក) នៅឆ្នាំ២០១៨​ ដែលធ្វើបានច្រើនជាងខ្សែបម្រើព័រទុយហ្កាល់ នៅក្នុងឆ្នាំតែមួយ(calendar year) ក្នុងប្រវត្តិសាស្ដ្រលីគកំពូលអង់គ្លេស៕