អតីតខ្សែបម្រើរបស់ក្រុមតោខៀវ Oscar បានទម្លាយឱ្យដឹងពីមូលហេតុដែល គេជឿជាក់ថា អតីតមិត្តរួមក្រុម Kevin de Bruyne និង Mohamed Salah បរាជ័យក្នុងការអភិវឌ្ឍសមត្ថភាពនៅ Chelsea។
Oscar បានប្រកបអាជីពនៅ Chelsea ចន្លោះពីឆ្នាំ២០១២ ដល់ ២០១៧ ដោយបានបង្ហាញខ្លួននៅលើទីលាន ២០៣លើក និងរកគ្រាប់បាល់បាន៣៨គ្រាប់ មុនពេលផ្ទេរទៅកាន់ក្លិបចិន Shanghai SIPG។
ពេលលេងឱ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដុង ខ្សែបម្រើជនជាតិប្រេស៊ីលរូបនេះ ធ្លាប់ជាមិត្តរួមក្រុមរបស់ De Bruyne និង Salah មុនពេលគេទាំងពីរក្លាយជាកីឡាករឆ្នើមនៅក្លិបដទៃក្នុងក្របខណ្ឌ Premier League ដូចពេលបច្ចុប្បន្ន។
ខ្សែបម្រើបែលហ្ស៊ិក De Bruyne ជាកីឡាករសំខាន់បំផុតមួយរូបរបស់ក្រុម Manchester City ខណៈ Mo Salah ជាម៉ាស៊ីនរកគ្រាប់បាល់ឱ្យ Liverpool ចាប់តាំងពីគេផ្ទេរមកកាន់ទឹកដី Anfield។
និយាយពីការប្រែប្រួលរបស់កីឡាករទាំងពីររូបនេះ Oscar ដែលជាអតីតមិត្តរួមក្រុមរបស់ពួកគេបានលើកឡើងថា៖ “De Bruyne ធ្លាប់បានផ្ដល់ assist មកខ្ញុំ។ មានការរៀបទម្រង់ដែល [Eden] Hazard, De Bruyne និងខ្ញុំលេងនៅតំបន់បម្រើ ហើយវាពិតជាល្អ។ គេគ្រាន់តែមានឱកាសមួយចំនួនតូចប៉ុណ្ណោះ ដោយលេងបានល្អ ប៉ុន្ដែក្រោយមកក៏រងរបួស។ ខ្ញុំទាយថានេះមិនមានភាពនឹងនរនៅក្នុងក្លិប ដែលមានជម្រើសច្រើននៅតំបន់កណ្ដាលមានន័យថាគេមិនទាន់ រឹងមាំល្អនៅពេលនោះ”។
“ជាមួយ Salah វាមានភាពខុសប្លែកគ្នា។ គេពិតជាពិបាកបញ្ឈប់ណាស់ពេលកំពុងហ្វឹកហាត់ ប៉ុន្ដែគេតែងមានភាពអៀនខ្មាសហើយមិនសូវមាត់កនៅក្រៅទីលានប្រកួត។ ពេលកំពុងប្រកួត ខ្ញុំទាយបានថាគេមិនមានទំនុកចិត្តដែលយើងបានឃើញនៅរាល់ក្លិបដែលគេបានលេងបន្ទាប់ពី Chelsea ហើយជាពិសេស Liverpool នៅពេលនេះ”៕