Cristiano Ronaldo បានបង្ហាញខ្លួននៅលើទីលានប្រកួតលើកដំបូងឱ្យក្រុម Manchester United នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៣ ក្រោយផ្លាស់មកកាន់ទឹកដី Old Trafford ពីក្លិបព័រទុយហ្កាល់ Sporting Lisbon។
នៅក្នុងវ័យ១៨ឆ្នាំ Ronaldo ត្រូវបានប្ដូរចូលពីកៅអីបម្រុង នៅនាទីទី៦១ ជំនួស Nicky Butt អំឡុងការប្រកួតដែល បិសាចក្រហមលត់ Bolton Wanderers ៤-០។
ខ្សែប្រយុទ្ធជនជាតិព័រទុយហ្កាល់រូបនេះ ចាប់ផ្ដើមកសាងកេរ្ដិ៍ឈ្មោះក្រោមការបង្វឹកដោយលោក Sir Alex Ferguson ដែលបានជួយឱ្យ Man United ឈ្នះពានរង្វាន់ទាំងនៅអង់គ្លេស និងពានអឺរ៉ុប មុនពេលផ្លាស់ទៅ Real Madrid នៅឆ្នាំ២០០៩។
បច្ចុប្បន្ន កីឡាករវ័យ៣៥ឆ្នាំនៅតែបង្ហាញគុណផលល្អជាមួយក្លិប Juventus និងបំបែកកំណត់ត្រាជាច្រើននៅទីនោះ។ ស្របពេលដែល Ronaldo នៅតែស្ថិតនៅកម្រិតខ្ពស់ក្នុងអាជីពជាកីឡាករបាល់ទាត់ តើអតីតមិត្តរួមក្រុមរបស់គេដែលធ្លាប់លេងជាមួយគ្នានៅ Man United ក្នុងការប្រកួតដំបូងនោះដូចជា Tim Howard, Phil Neville, Rio Ferdinand, Mikael Silvestre, Quinton Fortune, Ole Gunnar Solskjaer, Roy Keane, Ryan Giggs, Paul Scholes, Ruud van Nistelrooy, Eric Djemba-Djemba និង Diego Forlan ពេលនេះធ្វើអ្វីនៅទីណា?
អ្នកចាំទី៖ Tim Howard
ក្លិប Manchester United បាននាំយកកីឡាករ៥រូបមកចូលក្រុម នៅរដូវក្ដៅឆ្នាំ២០០៣ ហើយអ្នកចាំទី Howard ជាម្នាក់ក្នុងចំណោមនោះ។ កីឡាករជនជាតិអាមេរិកាំងរូបនេះ បានចូលលេងការប្រកួតដំបូងរបស់ខ្លួនដូច Ronaldo ដែ ដោយបានរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ក្នុងការប្រកួតនោះ។
ប៉ុន្ដែក្រោយមក វាសនាអ្នកទាំងពីរនៅ Old Trafford មានភាពផ្ទុយគ្នាស្រលះ។ Howard លេងពុំសូវបានល្អនៅក្នុងការប្រកួតឱ្យ Man United ក្រោយសាងកំហុសពេលប្រកួត ហើយត្រូវបានជម្រុះចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោមថ្វីជើង Porto។
ក្រោយមកគេបានចាកចេញពី Man United ទៅចូលរួម Everton ក្រោមកិច្ចសន្យាខ្ចីនៅដើមរដូវកាល ២០០៦-០៧ មុនពេលត្រូវបានទិញផ្ដាច់នៅក្នុងរដូវកាលនោះ។ កីឡាករកម្ពស់១,៨៧ម៉ែត្ររូបនេះ ចំណាយពេល១០ឆ្នាំនៅទីក្រុង Merseyside មុនពេលត្រលប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ដើម្បីលេងឱ្យក្លិប Colorado Rapids ក្នុងលីគកំពូលអាមេរិក។
Howard បានប្រកាសចូលនិវត្តពីបាល់ទាត់ នៅខែតុលា ឆ្នាំ២០១៩ ប៉ុន្ដែត្រលប់មកចូលលេងនៅលើទីលានវិញកាលពីខែមីនា ឆ្នាំ២០២០ ឱ្យក្លិប Memphis 901 FC។ កីឡាករវ័យ៤១ឆ្នាំរូបនេះ ក៏ជាសហភាគហ៊ុនិកនៅក្លិបដែលស្ថិតនៅក្របខណ្ឌទី២ បន្ទាប់ Major League Soccer។
ខ្សែការពារស្លាបស្ដាំ៖ Phil Neville
មិនខុសពី Howard ខ្សែការពារ Neville ក៏បានផ្លាស់ពី Manchester United ទៅ Everton ផងដែរ ប៉ុន្ដែចាកចេញមុនមួយរដូវកាល(២០០៥-០៦)។ នៅទឹកដី Goodison Park ខ្សែការពាររូបនេះត្រូវបានតែងតាំងជាប្រធានក្រុម និងបានប្រកបអាជីពនៅទីនោះដោយក្ដីរីករាយ អស់ពេល៨រដូវកាល។
ក្រោយប្រកាសចូលនិវត្តពីបាល់ទាត់នៅឆ្នាំ២០១៣ លោក Neville មិនចាកឆ្ងាយពីវិស័យនេះទេ ដោយបានប្រលូកក្នុងការដឹកនាំក្រុម និង ជាអ្នកវិភាគបាល់ទាត់ផងដែរ។
នៅចុងរដូវកាល ២០១២-១៣ លោកបានចូលរួមជាសមាជិក្រុមការងារនៅក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្រោមអាយុ២១ឆ្នាំ នៅព្រឹត្តិការណ៍ប្រកួត Euro U21។ បន្ទាប់មកលោកត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមធំនៅ Man United ដែលមានលោក David Moyes ជាអ្នកចាត់ការនៅទីនោះ។ នៅឆ្នាំ២០១៥ លោកបានចូលរួម Valencia ក្នុងនាមជាគ្រូបង្គោល ក្រោមការដឹកនាំរបស់អ្នកចាត់ការ Nuno (ដែលបច្ចុប្បន្នជាអ្នកចាត់ការក្លិប Wolverhampton Wanderers) ហើយក្រោយមកធ្វើជាជំនួយការរបស់ បងប្រុសរបស់លោកគឺ Gary Neville.
ក្រោយបញ្ចប់តំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេស លោក Neville ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិប Inter Miami របស់លោក David Beckham។
ខ្សែការពារកណ្ដាល៖ Rio Ferdinand
កីឡាករម្នាក់ក្នុងចំណោមជម្រើស១១នាក់ដែលលេងជាមួយ Ronaldo បានក្លាយជាវីរបុរសរបស់ក្លិបគឺលោក Rio Ferdinand។ អតីតខ្សែការពារជនជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនលើទីលាន៤៥៥ប្រកួតសម្រាប់ក្រុមបិសាចក្រហម និងរកគ្រាប់បាល់បាន៨គ្រាប់ និងឈ្នះពានជាច្រើននៅទឹកដី Old Trafford មុនពេលចាកចេញនៅឆ្នាំ២០១៤។
Ferdinand បានប្រកាសចូលនិវត្តពីបាល់ទាត់ក្នុងឆ្នាំ២០១៥ បន្ទាប់ពីចំណាយពេល១រដូវកាលនៅ Queens Park Rangers ក្រោយមកលោកបានធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយ ជាអ្នកវិភាគបាល់ទាត់មកទល់បច្ចុប្បន្ន។
ខ្សែការពារកណ្ដាល៖ Mikael Silvestre
Silvestre ចំណាយពេល៩រដូវកាលនៅ Old Trafford ហើយបានចាកចេញទៅ Arsenal ក្នុងឆ្នាំ២០០៨។ ក្រោយចាកចេញពីទីក្រុងឡុងដុង គេបានចូលរួមក្លិបអាល្លឺម៉ង់ Werder Bremen មុនពេលផ្លាស់ទៅក្លិបអាមេរិក Portland Timbers។ អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ បញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅក្លិប Chennaiyin ក្នុងលីគកំពូលឥណ្ឌា នៅឆ្នាំ២០១៤។
បុរសវ័យ៤៣ឆ្នាំរូបនេះ ជាសមាជិករបស់ទីភ្នាក់ងារវិនិយោគផ្នែកកីឡាបាល់ទាត់នៅចក្រភពអង់គ្លេស។ លោកក៏ជាអ្នកបង្កើតស្រា Rhum St Barth ផងដែរ។
ខ្សែការពារស្លាបឆ្វេង៖ Quinton Fortune
អតីតកូនក្រុមរបស់លោក Ferguson រូបនេះ ត្រូវបានក្លិប Man United បញ្ចប់កិច្ចសន្យាមុនរដូវកាល ២០០៦-០៧ មកដល់។ បន្ទាប់មកកីឡាករជនជាតិអាហ្រ្វិកខាងត្បូងរូបនេះ ចំណាយពេល១ឆ្នាំនៅក្លិប Bolton Wanderers។ ក្រោយចកចេញពី Bolton នៅដំណាច់រដូវកាលនោះ Fortune បានផ្លាស់ទៅលេងនៅ Brescia, Tubize និង Doncaster Rovers។
ពេលបញ្ចប់អាជីពកីឡាករបាល់ទាត់ Fortune បានកាន់តួនាទីជាអ្នកវិភាគបាល់ទាត់ និងធ្វើជាគ្រូបង្វឹក។ បច្ចុប្បន្នលោកមានតំណែងជាគ្រូបង្វឹកក្រុមធំរបស់ Reading ក្រោយត្រូវបានតែងតាំងកាលពីខែកញ្ញា ឆ្នាំ២០២០។
ខ្សែបម្រើស្លាបស្ដាំ៖ Ole Gunnar Solskjaer
តាមពិតទៅលោក Solskjaer លេងនៅក្នុងតំណែងជាខ្សែប្រយុទ្ធនៅ Man United ប៉ុន្ដែក្នុងការប្រកួតដំបូងរបស់ Ronaldo ឱ្យក្លិបអង់គ្លេសមួយនេះ លោកត្រូវបានគ្រូបង្វឹកប្ដូរទៅលេងនៅតំណែងបម្រើស្លាបខាងស្ដាំងវិញ។
នៅរដូវកាល ២០០៣-០៤ Solskjaer បានខកខានជាច្រើនប្រកួតឱ្យក្រុមបិសាចក្រហម ដោយសារបញ្ហារបួសជង្គង់ ហើយកីឡាករជនជាតិន័រវែសរូបនេះ ខកខានពេញមួយរដូវកាលបន្ទាប់។ ប៉ុន្ដែនៅរដូវកាល ២០០៥-០៦ លោកមានឱកាសចូលលេងបាន៥ប្រកួតសម្រាប់ Man United។ ហើយនៅរដូវកាល ២០០៦-០៧ លោកអាចលេងបានពេញលេញឡើងវិញ ដោយរកគ្រាប់បាល់បាន១១គ្រាប់ ពីការចូលលេង៣២ប្រកួត មុនពេលចូលនិវត្តក្រោយចប់រដូវកាល។
លោក Solskjaer បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹកនៅក្រុម Man United Reserves ហើយបានត្រលប់ទៅស្រុកកំណត់ដឹកនាំនៅក្លិប Molde។ នៅខែមករា ឆ្នាំ២០១៤ លោកត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Cardiff City ប៉ុន្ដែមិនអាចជួយពួកគេពីការធ្លាក់ចេញពី Premier League បាន។
លោកក៏បានត្រលប់ទៅដឹកនាំក្លិប Molde នៅន័រវែសវិញមុនពេល ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ននៅ Manchester United នៅចុងឆ្នាំ២០១៨ ហើយបានកាន់តំណែងពេញសិទ្ធមកទល់បច្ចុប្បន្ន។
ខ្សែបម្រើកណ្ដាល៖ Roy Keane
ខ្សែបម្រើដែលកាន់តំណែងជាប្រធានក្រុមបិសាចក្រហម បានចាកចេញពីទឹកដី Old Trafford នៅខែវិច្ឆិកា ឆ្នាំ២០០៥។ ក្រោយមកលោកបានចូលរួម Celtic និងបានជួយពួកគេឈ្នះ Scottish Premier League និង League Cup។
ក្រោយមកលោកបានចូលនិវត្តពីបាល់ទាត់ ដោយចាប់អាជីពជាគ្រូបង្វឹក ដោយបានជួយ Sunderland ឡើងមក Premier League នៅរដូវកាល ២០០៦-០៧។ ក្រោយចាកចេញពី Black Cats នៅខែធ្នូ ឆ្នាំ២០០៨ លោកបានមកដឹកនាំ Ipswich Town នៅខែមេសា ឆ្នាំ២០០៩ និងចាយពេល២ឆ្នាំនៅទីនោះ ប៉ុន្ដែត្រូវបានបណ្ដេញចេញពីតំណែងនៅខែមករា ឆ្នាំ២០១១។
ក្រោយមកទៀតលោកត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់, Aston Villa និង Nottingham Forest។ បច្ចុប្បន្នបុរសវ័យ៤៩ឆ្នាំរូបនេះ ជាអ្នកវិភាគបាល់ទាត់នៅ Sky Sports និង ITV Sport។
ខ្សែបម្រើកណ្ដាល៖ Nicky Butt
កីឡាករដែលប្ដូរចេញជំនួសដោយ Ronaldo ក្នុងជំនួបទល់នឹង Bolton បានចាកចេញពី Man United ទៅចូលរួម Newcastle នៅដំណាច់រដូវកាល ២០០៣-០៤។ Butt បានចំណាយពេល៦រដូវកាលនៅទឹកដី St James’ Park រួមជាមួយការផ្លាស់ទៅ Birmingham City ក្រោមកិច្ចសន្យាខ្ចី មុនពេលបញ្ចប់អាជីពនៅក្លិបចិន South China នៅឆ្នាំ២០១១។
ក្នុងឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជានាយកក្រុមថ្នាលយុវជនរបស់ Man United ហើយ៣ឆ្នាំបន្ទាប់ លោកបានតែងតាំងជាប្រធានផ្នែកអភិវឌ្ឍក្រុមធំរបស់ក្លិបបិសាចក្រហម។
ខ្សែបម្រើស្លាបឆ្វេង៖ Ryan Giggs
កីឡាករដែលឈ្នះពានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ដ្ររបស់ Manchester United, Giggs បានចូលនិវត្តពីបាល់ទាត់នៅរដូវកាល ២០១៣-១៤ ក្រោយបង្ហាញខ្លួននៅលើទីលាន ៩៦៣លើក និងបានឈ្នះសំខាន់ៗ២៥នៅ Old Trafford។
លោក Giggs បានកាន់តំណែងជា កីឡាករ-គ្រូបង្វឹក បន្ទាប់ពីក្លិបបិសាចក្រហមបណ្ដេញលោក David Moyes ពីតំណែងនៅខែមេសា ឆ្នាំ២០១៤។ ក្រោយមកលោកបានកាន់តំណែងជាជំនួយការលោក Luis van Gaal ដែលបានជួយ Man United ឈ្នះ FA Cup មុនពេលចាកចេញនៅរដូវក្ដៅនោះ។
បច្ចុប្បន្នលោកគឺជាអ្នកចាត់ការក្រុមជម្រើសជាតិវេលស៍ ក្រោយទទួលបានតំណែងនេះនៅខែមករា ឆ្នាំ២០១៨។
ខ្សែបម្រើប្រយុទ្ធ៖ Paul Scholes
បន្ទាប់ពីប្រកាសចូលនិវត្តនៅចុងរដូវកាល ២០១០-១១ លោក Scholes បានត្រលប់ចូលទីលានសារជាថ្មី នៅពាក់កណ្ដាលរដូវកាលបន្ទាប់ ដោយបន្ដអាជីព១២ខែទៀត។ មិនខុសពីអតីតមិត្តរួមក្រុមដទៃ Scholes បានប្រលូកក្នុងអាជីពជាគ្រូបង្វឹកបណ្ដោះអាសន្ននៅ Salford City។ នៅខែកុម្ភៈ ឆ្នាំ២០១៩ លោកបានតែងតាំងជាអ្នកចាត់ការក្លិប Oldham Athletic ប៉ុន្ដែក្រោយដឹកនាំបាន៧ប្រកួត លោកបានលាលែងពីតំណែងក្រោយមានបញ្ហាជាមួយថ្នាក់ដឹកនាំរបស់ក្លិបនោះ។ បច្ចុប្បន្នលោកជាអ្នកវិភាគបាល់ទាត់នៅ BT Sport។
ខ្សែប្រយុទ្ធ៖ Ruud van Nistelrooy
Van Nistelrooy ត្រូវបានចាត់ទុកថាជាម៉ាស៊ីនរកគ្រាប់បាល់ឱ្យ Man United ដោយរកគ្រាប់បាល់បញ្ចូលទីបាន ១៥០គ្រាប់ ពីការចូលលេង ២១៩លើក ប៉ុន្ដែជួយពួកគេឈ្នះ Premier League ម្ដង, FA Cup ម្ដង និង League Cup ម្ដងប៉ុណ្ណោះ ពីការរួមរស់៥រដូវកាលនៅ Old Trafford។
ក្រោយមក ខ្សែប្រយុទ្ធជនជាតិហូឡង់រូបនេះ បានផ្លាស់ទៅ Real Madrid នៅឆ្នាំ២០០៦ ដោយជួយក្រុមយក្សអេស្ប៉ាញមួយនេះឈ្នះ La Liga ពីរលើក មុនពេលចូលរួម Hamburg ក្នុងឆ្នាំ២០១០។ បន្ទាប់ពីចំណាយពេល២ឆ្នាំនៅអាល្លឺម៉ង់ លោកបានបញ្ចប់អាជីពនៅក្លិបអេស្ប៉ាញ Malaga នៅរដូវកាល២០១១-១២។
ក្រោយចូលនិវត្តពីបាល់ទាត់នៅឆ្នាំ២០១២ Van Nistelrooy លោកបានផ្ដើមការងារបង្វឹកនៅឆ្នាំ២០១៤ ដោយចូលកាន់តំណែងជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ ហើយ២ឆ្នាំបន្ទាប់លោកបានផ្លាស់ទៅដឹកនាំក្រុមយុវជនរបស់ក្លិប PSV Eindhoven។ នៅឆ្នាំ២០១៩ លោកត្រលប់មកធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់សារជាថ្មី មកទល់នឹងបច្ចុប្បន្ន។
កីឡាករបម្រុង៖ Eric Djemba-Djemba
Djemba-Djemba ត្រូវបានចាត់ទុកថា ជាកីឡាករធ្លាក់កូដបំផុតដែលលោក Ferguson នាំចូលក្រុមនៅរដូវក្ដៅឆ្នាំ២០០៣។ កីឡាករជនជាតិកាម៉ារូនរូបនេះ ចាយពេលពីរឆ្នាំនៅ Old Trafford មុនផ្លាស់ទៅ Aston Villa នៅឆ្នាំ២០០៥។ ក្រោយចាកចេញពី Aston Villa នៅឆ្នាំ២០០៧ លោកបានផ្លាស់ទៅលេងនៅកាតារ, អ៊ីស្រាអែល និង ឥណ្ឌា។
យោងតាមការចុះផ្សាយរបស់ The Sun កាលពីឆ្នាំមុនបានឱ្យដឹងថា កីឡាករវ័យ៣៩ឆ្នាំរូបនេះ មិនទាន់ចូលនិវត្តពីបាល់ទាត់នៅឡើយទេ ប៉ុន្ដែនៅលេងឱ្យក្លិប Vallorbe-Ballaigues ដែលស្ថិតនៅលីគទី៥ក្នុងប្រទេសស្វីស។
កីឡាករបម្រុង៖ Diego Forlan
ក្រោយរួមរស់នៅ Man United បានពីររដូវកាល Forlan បានសម្រេចចាកចេញពី Old Trafford ទៅចូលរួម Villarreal។ ខ្សែប្រយុទ្ធរូបនេះ បានសាងកេរ្ដិ៍ឈ្មោះល្បីជាមួយ Villarreal ហើយបន្ដបង្ហាញគុណផលកាន់តែល្អនៅ Atletico Madrid ដោយរកគ្រាប់បាល់បាន ៩៦គ្រាប់ពីការលេង១៩៦លើក។
បន្ទាប់ពីចាកចេញពីអេស្ប៉ាញ ខ្សែប្រយុទ្ធជនជាតិអ៊ុយរូហ្កាយបានទៅចូលរួម Inter Milan នៅរដូវកាល២០១១-១២ ហើយក្រោយមកបានផ្លាស់ទៅលេងនៅ ប្រេស៊ីល, ជប៉ុន និង ឥណ្ឌា។
ក្រោយចូលនិវត្តពីបាល់ទាត់នៅខែសីហា ឆ្នាំ២០១៩ Forlan បានប្រលូកការងារជាគ្រូបង្វឹក ប៉ុន្ដែមិនទទួលបានជោគជ័យឡើយ។ នៅខែធ្នូ ឆ្នាំ២០១៩ បុរសវ័យ៤១ឆ្នាំត្រូវបានតែងតាំងជាអ្នកចាត់ការ នៅអតីតក្លិបរបស់លោកគឺ Penarol ប៉ុន្ដែត្រូវបានបណ្ដេញចេញតំណែងនៅខែកញ្ញា ឆ្នាំ២០២០៕