Skip to content
Southampton ចាញ់៩-០ ជាលើកទី២ ក្នុងការប្រកួតនៅ Premier League
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Southampton ចាញ់៩-០ ជាលើកទី២ ក្នុងការប្រកួតនៅ Premier League

Manchester United បានយកឈ្នះ Southampton យ៉ាងចាស់ដៃក្នុងការប្រកួតនៅ Premier League នៅ Old Trafford ដោយលទ្ធផល ៩-០ កាលពីយប់ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

នេះជាលើកទី២ដែល Southampton បរាជ័យ ៩-០ ដោយកន្លងមក កាលពីខែតុលា ឆ្នាំ២០១៩ ពួកគេបរាជ័យផងដែរនៅក្នុងទឹកដីរបស់ខ្លួន ក្រោមថ្វីជើង Leicester City។

ការប្រកួតចាប់ផ្ដើមទើបតែបាន២នាទី កីឡាករយុវជន Alexandre Jankewitz របស់ក្រុមភ្ញៀវ Southampton ទទួលបានកាតក្រហម ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅក្នុងក្រុមធំ ក្រោយបង្កកំហុសលើខ្សែបម្រើ Scott McTominay។

ខ្សែការពារ Aaron Wan-Bissaka រកគ្រាប់បាល់បើកឆាកនាំមុខឱ្យបិសាចក្រហមនៅនាទីទី១៨ មុនពេល Marcus Rashford រកបានមួយគ្រាប់ទៀតនៅនាទីទី២៥។ កីឡាករ Jan Bednarek របស់ក្រុមភ្ញៀវធ្វើឱ្យបាល់ចូលទីខ្លួនឯង នៅនាទីទី៣៤ ហើយខ្សែប្រយុទ្ធ Edinson Cavani តែតបញ្ចូលទីឱ្យ Man United នាំមុខ៤-០​ នៅក្នុងវគ្គទី១។

ក្រុមរបស់លោក Ole Gunnar Solskjaer រកបាន៥គ្រាប់បន្ថែមនៅកន្លះម៉ោងចុងក្រោយនៃការប្រកួត ដោយខ្សែប្រយុទ្ធ Anthony Marial និង ខ្សែបម្រើ McTominay រកបានម្នាក់មួយគ្រាប់បន្ថែមនៅនាទីទី ៦៩ និង ៧១។

បន្ទាប់មក Jan Bednarek ទទួលបានកាតក្រហម ក្រោយបង្កកំហុសលើ Anthony Martial នៅក្នុងប្រអប់គ្រោះថ្នាក់ ទើប Bruno Fernandes មានឱកាសរកគ្រាប់បាល់ ដោយការស៊ុតប៉េណាល់ទីនៅនាទីទី៨៧។ Martial ស៊ុតចូលគ្រាប់ទី២របស់ខ្លួននៅនាទី៩០ ហើយ Daniel James រកបានគ្រាប់ចុងក្រោយនៅនាទី ៩០+៣។

ស្ថិតិ និង កំណត់ត្រាការប្រកួតនេះ៖

  • Manchester United ឈ្នះ Southampton ទាំងពីរជើងនៅក្នុងលីគជាលើកដំបូង ចាប់តាំងពីពេលដែលពួកគេឈ្នះជើងឯកនៅរដូវកាល ២០១២-១៣។
  • បរាជ័យ៩-០ ទល់នឹង Man United នៅ Old Trafford ជាការចាញ់ដែល Southampton របូតគ្រាប់បាល់ច្រើនបំផុតពីការប្រកួតក្រៅទឹកដី។
  • Southampton បរាជ័យ៤ប្រកួតជាប់គ្នានៅ Premier League ជាលើកដំបូងតាំងពីខែមេសា ឆ្នាំ២០១៨ មក។
  • Manchester United ជាក្រុមដែលមានកីឡាករ៧រូបអាចរកគ្រាប់បាល់នៅក្នុងការប្រកួតតែមួយនៅ Premier League បន្ទាប់ពី Chelsea ដែលលេងទល់នឹង Aston Villa កាលពីខែធ្នូ ឆ្នាំ២០១២។
  • Man United រកគ្រាប់បាល់បាន៤គ្រាប់នៅក្នុងវគ្គទី១នៅ Premier League ជាលើកទី២នៅរដូវកាលនេះ ដោយលើកទី១ធ្វើបាននៅក្នុងជំនួបទល់នឹង Leeds United។ ហើយនេះជាលើកទី១ ដែលពួកគេអាចរកគ្រាប់បាល់ចាប់ពី៤គ្រាប់ នៅក្នុងវគ្គទី១ ២ប្រកួតក្នុងមួយរដូវកាល តាំងពីរដូវកាល ១៩៩៧-៩៨ មក។
  • មានតែអតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហម Eric Cantona និង អតីតខ្សែប្រយុទ្ធ West Ham, Dimitri Payet ប៉ុណ្ណោះ ដែលលេងតិចប្រកួត(៣៣លើកទាំងពីរនាក់)ជាង Bruno Fernandes ដើម្បីអាច assist មិត្តរួមក្រុមនៅ Premier League ១៥គ្រាប់ ដោយខ្សែបម្រើជនជាតិព័រទុយហ្កាល់ត្រូវការ៣៦ប្រកួត។

ស្រដៀងនឹង Southampton ក្រុមកាំភ្លើងធំ Arsenal ក៏បរាជ័យដោយកីឡាករពីររូបទទួលបានកាតក្រហមផងដែរ។ ក្នុងជំនួបជាមួយ Wolverhampton Wanderers ក្រុមកាំភ្លើងធំបរាជ័យ ២-១ ខ្សែការពារ David Luiz និង អ្នកចាំទី Bernd Leno។

ទោះស៊ុតចំបង្គោលទីពីរលើក និង ស៊ុតចូលទីតែគ្រាប់បាល់មិនត្រូវបានផ្ដល់ឱ្យ ក្រុមកាំភ្លើងធំនៅតែមានឱកាសរកគ្រាប់បាល់នាំមុខនៅពេលដែល Nicolas Pepe ព្យាយាមអូសបាល់ចូលក្នុងប្រអប់គេចពីការរារាំងរបស់គូប្រកួត ហើយសម្រេចស៊ុតបញ្ចូលទីបានយ៉ាងល្អនៅនាទីទី៣២។

ប៉ុន្ដែក្រុមរបស់លោក Mikel Arteta នៅសល់គ្នាតែ១០នាក់បន្ទាប់ពី ខ្សែការពារ David Luiz ធ្វើឱ្យ Willian Jose ដួលនៅតំបន់គ្រោះថ្នាក់ ទើបក្រុមម្ចាស់ផ្ទះ Wolves មានឱកាសតាមស្មើ ដោយសារស៊ុតបាល់ពិន័យ១១ម៉ែត្រពីកីឡាករ Ruben Neves នៅនាទីទី៤៥+៥។

ហើយ Joao Mourtinho ស៊ុតបាល់ពីចម្ងាយឱ្យក្រុមរបស់លោក Nuno មានគ្រាប់បាល់នាំមុខក្រោយការប្រកួតវគ្គទី២ចាប់ផ្ដើមបាន ៤នាទី។ ក្រុមកាំភ្លើងធំនៅសល់គ្នាតែ៩នាក់ប៉ុណ្ណោះ បន្ទាប់ពីអ្នកចាំទី Bernd Leno យកដៃប៉ះបាល់នៅក្រៅប្រអប់។

ជ័យជម្នះនេះបានជួយឱ្យ Wolves រក្សាតំណែងនៅលេខ១៤ ខណៈ Arsenal បន្ដឈរនៅលេខ១០ មានគម្លាត៨ពិន្ទុពីតំណែងក្រុមកំពូលទាំង៤៕