Skip to content
ព័ត៌មានក្នុងក្រុម និងស្ថិតិពីរគូនៅ Champions League យប់នេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ព័ត៌មានក្នុងក្រុម និងស្ថិតិពីរគូនៅ Champions League យប់នេះ

នៅរាត្រីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣៖០០នាទីយប់នេះ មានពីរគូប៉ះគ្នាក្នុងជំនួប UEFA Champions League វគ្គ១៦ក្រុមចុងក្រោយរវាង Borussia Monchengladbach ទល់នឹង Manchester City ដែលធ្វើនៅទឹកដីកណ្ដាលប្រទេសហុងគ្រី និងមួយគូទៀតក្រុមអ៊ីតាលី Atalanta នឹងស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅទឹកដីរបស់ខ្លួន។

Borussia Monchengladbach vs. Manchester City

ព័ត៌មានក្នុងក្រុម

Borussia Monchengladbach ពុំមានកីឡាកររបួស ឬជាប់ពិន័យនោះទេ ក្នុងជំនួបប្រកួតដែលធ្វើឡើងយប់នេះ ដោយអ្នកចាត់ការលោក Marco Rose មានឱកាសពេញលេញក្នុងការសម្រេចជម្រើសល្អបំផុត ត្រូវប្រកួតទល់នឹង Man City យប់នេះ។

Manchester City មានកីឡាករសឹងទាំងអស់អាចចូលលេងវិញបាន ក្នុងជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយទល់នឹង Borussia Monchengladbach នៅទីក្រុង Budapest ប្រទេសហុងគ្រី។ ខ្សែការពារកណ្ដាល Nathan Ake ជាកីឡាករសំខាន់របស់ Man City ដែលអវត្តមាននៅក្នុងជំនួបនេះ ដោយកីឡាករជនជាតិហូឡង់នៅហ្វឹកហាត់ម្នាក់ឯង បន្ទាប់ពីមានបញ្ហារបួសសាច់ដុំ។ ដោយឡែកខ្សែប្រយុទ្ធឆ្នើម Sergio Aguero ខិតកាន់តែកៀក្នុងការត្រលប់មកចូលរួមលើទីលានសារជាថ្មី ក្រោយអង្គុយបម្រុងដោយមិនបានចូលលេង៣ប្រកួតជាប់គ្នា។

ស្ថិតិ និង កំណត់ត្រា
  • Borussia Monchangladbach និង Manchester City នឹងជួបគ្នាជាលើកទី៧ មានន័យថាក្រុមទាំងពីរប៉ះគ្នាច្រើនដងបំផុតក្នុងចំណោម គូបដិបក្ខនានា ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប។
  • Manchester City មិនធ្លាប់បរាជ័យទល់នឹង Borussia Monchengladbach នោះទេក្នុងការប្រកួត UEFA Champions League ដោយទទួលជ័យជម្នះ៣លើក និង ស្មើម្ដង។ ប៉ុន្ដែបើនិយាយពីជំនួបរវាងក្រុមទាំងពីរនៅវគ្គ knockout ពានអឺរ៉ុប ឃើញថា Gladbach បានយកឈ្នះ Man City សរុប ៤-២ ទាំងពីរជើងនៅវគ្គ៨ក្រុមចុងក្រោយពាន UEFA Cup រដូវកាល ១៩៧៨-៧៩។
  • Manchester City បានឈានដល់វគ្គ knockout UEFA Champions League ៨រដូវកាលជាប់គ្នា ជាចំនួនច្រើនបំផុតបើធៀបនឹងក្រុមអង់គ្លេសដទៃ ហើយពួកគេរំពឹងថាអាចឈានដល់វគ្គ៨ក្រុមចុងក្រោយ៤រដូវកាលជាប់គ្នា។
  • នេះជាលើកដំបូងក្នុងរយៈពេល៤៣ឆ្នាំដែល Borussia Monchengladbach ចូលរួមប្រកួតវគ្គ knockout ពាន European/Champions League។ ការចូលរួមប្រកួតចុងក្រោយបង្អស់ ពួកគេបរាជ័យ ៤-២ ក្រោមថ្វីជើង Liverpool នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រដូវកាល ១៩៧៧-៧៨។
  • Borussia Monchengladbach ទទួលជ័យជម្នះតែ២លើកប៉ុណ្ណោះ ពីការលេង៩ប្រកួតនៅទឹកដីរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ UEFA Champions League ដោយស្មើ៤លើក និងចាញ់៣លើក។ ទោះយ៉ាងណាក្ដី ពួកគេអាចរកគ្រាប់បាល់រាល់៩ប្រកួតនៅក្នុងផ្ទះរបស់ខ្លួន។

Atalanta vs. Real Madrid

ព័ត៌មានក្នុងក្រុម

ខ្សែប្រយុទ្ធឆ្នើម Karim Benzema រួមជាមួយមិត្តរួមក្រុមផ្សេងទៀតដូចជា Eden Hazard, Sergio Ramos, Dani Carvajal និង Marcelo ត្រូវខកខានជួយក្រុមក្នុងការប្រកួតយប់នេះ ខណៈកីឡាករក្រុមធំដែលអាចលេងបានមានតែ១១នាក់ប៉ុណ្ណោះ។

ស្ថិតិ និង កំណត់ត្រា
  • នេះជាជំនួបលើកដំបូងរវាង Atalanta និង Real Madrid។ ជាក់ស្ដែង ក្រុមអេស្ប៉ាញដំបូងបង្អស់ដែល Atalanta ជួបប្រកួតក្នុងពានរង្វាន់អឺរ៉ុបគឺ Valencia កាលពីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាលមុន ហើយ Atalanta ទទួលបានជ័យជម្នះសរុបទាំងពីរជើង ៨-៤។
  • Real Madrid ឈ្នះ៥ប្រកួតចុងក្រោយនៅ UEFA Champions League នៅក្រៅទឹកដីទល់នឹងគូប្រកួតមកពីអ៊ីតាលី ប៉ុន្ដែពួកគេឈ្នះបានតែ៣លើកប៉ុណ្ណោះ ក្នុងចំណោម១៦ប្រកួតនៅទឹកដីរបស់ក្រុមនៅអ៊ីតាលី។
  • Real Madrid ឡើងវគ្គ knockout នៅ UEFA Champions League ២៤រដូវកាលជាប់គ្នា ដែលជាកំណត់ត្រាប្រវត្តិសាស្ដ្រការប្រកួតពានរង្វាន់មួយនេះ។
  • Atalanta ជាក្រុមតែមួយគត់ដែលឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយមិនទទួលបានជ័យជម្នះនៅក្នុងផ្ទះសូម្បីម្ដងនៅ UEFA Champions League រដូវកាលនេះ(ស្មើពីរលើក និង ចាញ់មួយលើក)។