ជើងឯកពិភពលោកទម្ងន់ធ្ងន់គ្រប់ស្ថាប័ន Anthony Joshua និយាយថា Tyson Fury អាច«ចាក់គ្រឹះកេរដំណែល»របស់គេបានតាមរយៈការឡើងប្រកួតជាមួយខ្លួនសិន តែក៏គួរតែចូលនិវត្តន៍ឆាប់ៗដែរ។
Joshua ជនជាតិអង់គ្លេសវ័យ៣០ឆ្នាំដែលកំពុងគ្រងខ្សែក្រវាត់ IBF, WBO, WBA បានយល់ព្រមជាគោលការណ៍ដើម្បីប្រឈមជាមួយជើងឯក WBC ជនជាតិអង់គ្លេសដូចគ្នា Fury នៅក្នុងឆ្នាំ២០២១។
ប៉ុន្តែអ្នកទាំង២ត្រូវការឈ្នះម្ដងទៀតជាមុនសិន ដោយ Joshua ដែលមានស្ថិតិឈ្នះ២៣ដងចាញ់១ដង ត្រូវបានរំពឹងថានឹងប្រកួតជាមួយកីឡាករប៊ុលហ្គារី Kubrat Pulev ខណៈ Fury វ័យ៣២ឆ្នាំ កាន់ស្ថិតិឈ្នះ៣០ដង ស្មើ១ដង មិនដែលចាញ់ ទំនងតតាំងជាមួយ Deontay Wilder លើកទី៣នៅចុងឆ្នាំ២០២០នេះ។
![](https://asset.ams.com.kh/sports/media/joshua.jpg)
Fury បានគ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់គ្រប់ស្ថាប័នក្នុងឆ្នាំ២០១៥ ក្រោយផ្ដួលអ្នកខ្លាំងអ៊ុយក្រែន Wladimir Klitschko ក្នុងឆ្នាំ២០១៥ តែត្រូវបានដកហូតទៅវិញអស់ក្នុងឆ្នាំ២០១៦ ដោយសារគេមានបញ្ហាផ្លូវចិត្ត។
Joshua ដែលចាញ់តែម្ដងគត់ក្នុងអាជីព២៤ប្រកួតក្រោមថ្វីដៃជើងខ្លាំងអាមេរិក Andy Ruiz ក្នុងឆ្នាំ២០១៩ និយាយថា៖ «បើ Fury ចង់ចាក់គ្រឹះកេរដំណែលរបស់គាត់ ខ្ញុំនៅចាំទីនេះនិងរួចរាល់ជាស្រេច។ ខ្ញុំបានកសាងខ្លួនឯងមកដល់ចំណុចនេះ។ Fury បានប្រកួតអាជីពយូរជាងខ្ញុំ។ គាត់គួរតែសម្លឹងទៅកាន់ការចូលនិវត្តន៍។ ខ្ញុំមិនខ្លាច Fury ទេ ទោះបីគាត់ខ្ពស់ជាងខ្ញុំ, ដាល់ត្រង់ល្អជាងខ្ញុំ ឬម៉េចក៏ដោយ។ ចូរឱ្យខ្ញុំបានប្រកួតជាមួយគាត់ និងបង្ហាញឱ្យអ្នកឃើញថាខ្ញុំអាចធ្វើអ្វីបានខ្លះ»។
បន្ថែមលើនេះ Joshua បន្ទរថា Fury ឬ Wilder នឹងមិនមែនជាគូប្រកួតខ្លាំងបំផុតដែលគេបានប៉ះនោះទេ៕