អតីតខ្សែបម្រើឆ្នើមរបស់ Barcelona លោក Xavi Hernandez បានដឹកនាំក្រុម Al Sadd ឈ្នះជើងឯកក្របខណ្ឌ Qatar Stars League ដែលនេះជាពានក្នុងលីគដំបូង ដែលលោកបានឈ្នះក្នុងនាមជាអ្នកចាត់ការក្លិប។
ក្រុម Al Sadd របស់លោក Xavi ទទួលជ័យជម្នះ ៣-០ លើក្រុម Umm Salal ដែលធ្វើឱ្យពួកគេមានគម្លាត១៣ពិន្ទុដាច់លើកំពូលតារាង ខណៈការប្រកួតក្នុងលីគ នៅសល់តែ៤ជុំទៀតប៉ុណ្ណោះ។
រំឭកកាលពីរដូវកាល ២០១៨-១៩ Xavi ធ្លាប់ជួយ Al Sadd ឈ្នះលីគកំពូលកាតារ ដែលជារដូវកាលចុងក្រោយរបស់លោក ក្នុងអាជីពជាកីឡាករបាល់ទាត់។
បុរសវ័យ៤១ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជើងខ្លាំងនៅលីគគំពូលកាតារមួយនេះ នៅរដូវកាលបន្ទាប់ ព្រមទាំងបានជួយពួកគេឈ្នះពានរង្វាន់មួយចំនួនផងដែរ ប៉ុន្ដែទើបឈ្នះពានក្នុងលីគជាលើកដំបូងក្នុងនាមជាគ្រូបង្វឹក កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។
អ្នកគាំទ្ររបស់ Al Sadd រំពឹងថា Xavi នឹងនៅបន្ដដឹកនាំក្រុមនេះច្រើនឆ្នាំទៅមុខទៀត ស្របពេល Barcelona ដែលជាអតីតក្លិប លោកបានចំណាយពេលសឹងពេញមួយអាជីព កំពុងចាប់អារម្មណ៍ក្នុងការនាំយកលោកទៅដឹកនាំនៅទឹកដី Camp Nou។
សូមបញ្ជាក់ថា នេះជាពានលីគកំពូលកាតារទី១៥ ដែល Al Sadd បានឈ្នះ និងជាពានរង្វាន់សរុបទី៧៥ របស់ក្លិបដ៏ជោគជ័យបំផុតមួយនេះ៕