Barcelona ទទួលបានលទ្ធផលជាទីគាប់ចិត្តប៉ុន្មានប្រកួតចុងក្រោយនេះ ជាពិសេសការវាយបកយកឈ្នះ Sevilla នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey កាលពីសប្ដាហ៍មុនដោយលទ្ធផលសរុប ៣-២ ទោះបីពួកគេបរាជ័យ ២-០ កាលពីជើងទី១ក្ដី។ ហើយក្រុមដែលបង្វឹកដោយលោក Ronald Koeman នឹងយកទំនុកចិត្តពីការប្រកួតនោះមកតតាំងជាមួយ Paris Saint-Germain នៅវគ្គ១៦ក្រុមចុងក្រោយជើងទី២ នារាត្រីថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ៣៖០០នាទីរំលងអាធ្រាត។
ក្រុមបារាំង PSG ទទួលជ័យជម្នះដោយលទ្ធផល ១-៤ នៅទឹកដី Camp Nou កាលពីជើងទី១ ដែល៣គ្រាប់ក្នុងចំណោមនោះរកបានដោយខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe។
ទោះយ៉ាងណាក្ដី ក្រុមជើងឯក Ligue 1 អាចមានក្ដីបារម្ភចំពោះការរង់ចាំស្វាគមន៍ Barcelona សម្រាប់ការប្រកួតក្នុងទីក្រុងប៉ារីស ដែលមកជាមួយនឹងទំនុកចិត្តខ្ពស់ក្រោយពួកគេទទួលបានលទ្ធផលគួរជាទីគាប់ចិត្តនៅក្របខណ្ឌកំពូលអេស្ប៉ាញ មួយរយៈចុងក្រោយនេះ។
ខាងក្រោមនេះជាចំនុចសំខាន់ដែល PSG គួរជៀសវាង ដើម្បីកុំឱ្យទទួលលទ្ធផលខកចិត្តពេលស្វាគមន៍ Barca។
១. រារាំង Messi កុំឱ្យបង្កគ្រោះថ្នាក់
PSG អាចមានសង្ឃឹមខ្ពស់ក្នុងការឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ Champions League ប្រសិនបើពួកគេ អាចរារាំងតារាឆ្នើម Lionel Messi មិនឱ្យបង្កព្យុះភ្លៀងនៅទឹកដី Parc des Princes បាន។
កាលពីជើងទី១ ខ្សែបម្រើការពារ Leandro Paredes ដែលជាមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន បានតាមបិទខ្សែប្រយុទ្ធឆ្នើមរូបនេះបានយ៉ាងល្អ បើទោះបីជា Messi មានឱកាសស៊ុតចូលទីនាំមុខឱ្យ Barcelona កាលពីជើងទី១ក្ដី។
២. ព្យាយាមមិនឱ្យរបូតគ្រាប់បាល់ពេលចាប់ផ្ដើមការប្រកួត
ទឹកចិត្តកីឡាករនៅក្នុងក្រុមនឹងពុះកញ្ជ្រោលឡើង ប្រសិនបើពួកគេមានគ្រាប់បាល់នាំមុខគូប្រកួត។ តួយ៉ាងក្នុងជំនួបរវាងក្រុមទាំងពីរកាលពីខែមីនា ឆ្នាំ២០១៧ Barcelona ទទួលជ័យជម្នះ ៦-១ ដោយពួកគេមានឱកាសរកគ្រាប់បាល់នាំមុខ គ្រាប់ត្រឹម៥០នាទីដំបូងនៃការប្រកួតប៉ុណ្ណោះ។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់នារាត្រីនេះ អ្នកចាត់ការ PSG លោក Mauricio Pochettino ក៏បានក្រើនរំឭកកូនក្រុមផងដែរពីការចាប់ផ្ដើមការប្រកួត ព្យាយាមធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អជាងគូបដិបក្ខ និងការផ្ដោតអារម្មណ៍ខ្ពស់ ដើម្បីមានសង្ឃឹមកាន់តែច្រើនក្នុងការឡើងទៅកាន់វគ្គបន្ទាប់។
៣. ព្យាយាមរកគ្រាប់បាល់ឱ្យបានមុន
ការរកគ្រាប់បាល់នាំមុខសម្រាប់ PSG អាចធ្វើឱ្យ Barcelona បាត់បង់ទំនុកចិត្ត ហើយក្រុមរបស់លោក Pochettino ត្រូវតែប្រឹងប្រែងដើម្បីរកគ្រាប់បាល់បញ្ចូលទីឱ្យបានមុនក្រុមភ្ញៀវ ទោះបីខ្សែប្រយុទ្ធ Neymar មិនអាចជួយក្រុមក្នុងការប្រកួតនេះក្ដី។
រំឭកកាលពីជើងទី១ ទោះអវត្តមានកីឡាករប្រេស៊ីលរូបនេះក៏ PSG អាចរកគ្រាប់បាល់បញ្ចូលទីបាន៤លើក ហើយអាចរកបានច្រើនគ្រាប់បន្ថែមទៀត បើពួកគេមានលទ្ធភាពបង្កើតឱកាសច្រើនជាងនេះ។
៤. មិនត្រូវបាត់បង់ការផ្ដោតអារម្មណ៍នៅក្នុងការប្រកួត
គ្រាប់បាល់ដោយការតែតបញ្ចូលទីរបស់ Gerard Pique ជាដើមចមនាំឱ្យ Barcelona អាចវាយបកទល់នឹង Sevilla នៅជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey ហើយពួកគេមានឱកាសរកគ្រាប់បាល់ជ័យជម្នះ នៅម៉ោងបន្ថែម១៥នាទីពីលើក ដែលនេះជាអ្វីដែល PSG ត្រូវតែជៀសវាង។
អតីតខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ Pique នឹងគ្មានវត្តមាននារាត្រីនេះទេ ប៉ុន្ដែកីឡាករដទៃទៀតនៅក្នុងក្រុមបង្វឹកដោយលោក Ronald Koeman អាចធ្វើឱ្យ PSG ទទួលមេរៀនខកចិត្តប្រសិនបើពួកគេមានការធ្វេសប្រហែស៕