ក្រុម Paris St Germain បរាជ័យក្នុង Ligue 1 នៅ Parc des Princes ២ដងជាប់គ្នាជាលើកដំបូងតាំងពីឆ្នាំ២០១២មក ក្រោយត្រូវបាន Nantes វាយបកឈ្នះ២-១ យប់ថ្ងៃអាទិត្យទី១៤ខែមីនា។
ការស៊ុតនាំមុខក្នុងនាទី៤២ដោយ Julian Draxler ហាក់ជាសញ្ញាណបង្ហាញថាក្រុមលោក Mauricio Pochettino ដែលទើបទម្លាក់ Barcelona ពីវគ្គ១៦ក្រុម Champions League ពាក់កណ្ដាលសប្ដាហ៍ នឹងបាន៣ពិន្ទុថែមទៀតហើយ។
ប៉ុន្តែផ្ទុយទៅវិញ គ្រាប់បាល់របស់ Kolo Muani ក្នុងនាទី៥៩ និង Moses Simon ក្នុងនាទី៧១ ជួយក្រុមកំពុងយ៉ាប់យ៉ឺន Nantes វាយបកយក៣ពិន្ទុយ៉ាងភ្ញាក់ផ្អើល។
PSG បានចាញ់ក្នុងលីគលើកចុងក្រោយកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១ គឺបរាជ័យ០-២ក្រោមថ្វីជើង Monaco នៅទឹកដីខ្លួនឯង។ បន្ទាប់ពីនោះពួកគេបានឈ្នះក្រៅផ្ទះ៣ដងជាប់គ្នា រួចស្មើ Barcelona ១-១ មុនចាញ់ Nantes នេះ។
ឥឡូវ PSG ស្ថិតក្នុងលេខរៀងទី២ មាន៦០ពិន្ទុពី២៩ប្រកួត ស្មើក្រុមលេខ៣ Lyon តែនៅក្រោមក្រុមកំពូលតារាង Lille ៣ពិន្ទុ៕