Skip to content
Klopp ថា​ខ្សែការពារ​កណ្ដាល​ស្នូល​២​រូប​របស់ Liverpool ទំនង​មិន​បាន​លេង Euro ទេ
    ទំព័រដើម  »  កីឡាជាតិ

Klopp ថា​ខ្សែការពារ​កណ្ដាល​ស្នូល​២​រូប​របស់ Liverpool ទំនង​មិន​បាន​លេង Euro ទេ

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយ​ថា​​ខ្សែ​ការពារ​កណ្ដាល Virgil van Dijk និង Joe Gomez ទំនង​​មិន​​ហ្វ៊ីត (Fit) ទាន់​ពេល​ Euro 2020 រដូវ​ក្ដៅ​នេះ​​ទេ​។

កីឡាករ​ជម្រើស​ជាតិ​ហុល្លង់ Van Dijk បាន​ទទួល​ការ​វះកាត់​ព្យាបាល​ជង្គង់​ក្នុង​ខែ​តុលា​ ខណៈ​ Gomez ​បាន​របួស​​ក្នុង​ខែ​វិច្ឆិកា​អំឡុង​ពេល​នៅ​ជាមួយ​ជម្រើសជាតិ​អង់គ្លេស​និង​បាន​វះកាត់​ព្យាបាល​ជង្គង់​ឆ្វេង​។

លោក Klopp និយាយ​ថា Gomez មិនទាន់​អាច​រត់​បាន​ទេ ឯ​ Van Dijk រត់​បាន​ហើយ តែ​នៅ​ពិបាក​។

សូម​ជម្រាប​ថា​ ព្រឹត្តិការណ៍ Euro 2020 ត្រូវ​បាន​លើក​ពេល​មក​ធ្វើ​ក្នុង​ឆ្នាំ​២០២១​នេះ ពី​ថ្ងៃ​ទី​១១​ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១១​ខែ​កក្កដា​។

ជុំ​វិញ​​​ឱកាស​លេង​ពាន​នេះ​សម្រាប់​ខ្សែ​ការពារ​ទាំង​ទ្វេ​ខាង​លើ លោក Klopp និយាយ​ថា​៖ «ខ្ញុំ​មិនមែន​ជា​អ្នក​សម្រេច​ចិត្ត​ទេ ប៉ុន្តែ​និយាយ​ស្មោះត្រង់ ព័ត៌មាន​ដែល​ខ្ញុំ​មាន​នៅ​ពេលនេះ​គឺ​ពួក​គេ​​នឹង​មិនទំនង​ថា​បាន​លេង​ទេ​។ មិនមែន​មានន័យ​ថា​ខ្ញុំ​មិន​ឱ្យ​ពួក​គេ​ទៅ​ទេ ប៉ុន្តែ​គឺ​ដោយសារ​​រយៈ​ពេល​នៃ​ការ​ព្យាបាល​​របួស​របស់​ពួក​គេ​។ ពួក​យើង​សង្ឃឹម​ថា​ពួក​គេ​នឹង​រួចរាល់​ដើម្បី​ចាប់​ផ្ដើម pre-season ជាមួយ​យើង​។ នោះ​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​សង្ឃឹម​។ ចំពោះ Joel (Matip) ក៏​ពួក​យើង​សង្ឃឹម​ដូច​គ្នា​អីចឹង​ដែរ»។

Matip ត្រូវ​អវត្តមាន​ពេញ​រដូវកាល​២០២០-២១​នេះ ដោយសារ​របួស​ក​ជើង​កាល​ពី​ចុង​ខែ​មករា​​៕