គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី Tan Cheng Hoe បានបញ្ចូលឈ្មោះកីឡាករថ្មីៗមួយចំនួនក្នុងបញ្ជី២៨នាក់សម្រាប់ការបោះជំរំហ្វឹកហាត់ពីថ្ងៃទី២២ដល់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២១នៅមណ្ឌលហ្វឹកហាត់របស់ក្លិប Johor Darul Ta’zim ក្រោយអាក់ខានជាង១ឆ្នាំ។
ម៉ាឡេស៊ី នឹងត្រូវបន្តប្រកួតជម្រុះ FIFA World Cup 2022 & AFC Asian Cup 2023 ជុំទី២ទ្វីបអាស៊ី ពូល G នាដើមខែមិថុនា នៅលើទឹកដីអេមីរ៉េតអារ៉ាប់រួម។ ពួកគេនឹងប៉ះ អារ៉ាប់រួម នាថ្ងៃទី៣ខែមិថុនា រួចប៉ះ វៀតណាម ថ្ងៃទី១១ខែដដែល និងចុងក្រោយប៉ះ ថៃ ៤ថ្ងៃបន្ទាប់។
លោក Tan វ័យ៥២ឆ្នាំ បានជ្រើសរើសកីឡាករភាគច្រើនដែលបានជាប់ជម្រើសជាតិក្នុងការប្រកួតមុនៗ ហើយក្នុងនោះមាន១៣នាក់មកពីក្លិប Johor។
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Lugman Hakim Shamsudin របស់ក្លិបបែលហ្ស៊ិក KV Kortrijk បានមកចូលរួមដែរ ប៉ុន្តែកីឡាករ Liridon Krasniqi របស់ក្លិបលីគកំពូលអូស្ត្រាលី Newcastle Jets និង Junior Eldstal របស់ក្លិបលីគថៃ Chonburi មិនត្រូវបានកោះហៅទេដោយសារពិបាករឿងធ្វើចត្តាឡីស័ក។
ម៉ាឡេស៊ី កំពុងស្ថិតនៅលេខរៀងទី២ក្នុងពូល G ដោយមាន៩ពិន្ទុពី៥ប្រកួត នៅក្រោមក្រុមកំពូលតារាង វៀតណាម ចំនួន២ពិន្ទុ៕