ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ ២០២៦ នឹងមានកម្មវិធីពិសេសៗច្រើនដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដោយសារឆ្នាំនេះជាឆ្នាំដ៏ធំ គណៈកម្មការរៀបចំបានត្រៀមកម្មវិធីពិសេសដោយមានចម្រៀងថ្វាយព្រះពរ និង សកម្មភាពពិសេសៗច្រើនទៀត។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៤ ខែមិថុនា។
ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា ទិវាកម្រិតអន្តរជាតិនេះធ្វើឡើងដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បន្តសកម្មភាពសប្បុរសធម៌ដោយស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះដែរ គណៈកម្មការត្រៀមប្រគល់ជូនថវិកាចំនួន៥០០០ដុល្លារអាមេរិក។ គោលបំណងពិសេសមួយទៀត គឺ ផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះនិង ទេសចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជំរុញសកម្មភាពកីឡាដើម្បីសុខភាព។
ចំណែកលោក សែម ផល្លា នាយបច្ចេកទេសម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ ព្រឹត្តិការណ៍ឆ្នាំនេះនឹងមានការចូលរួមវាស់វែងផ្លូវពីគណៈកម្មការម៉ារ៉ាតុងពិភពលោក និងទទួលស្គាល់ពីសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ។ សម្រាប់ចម្ងាយផ្លូវមានដូចជា ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥គីឡូម៉ែត្រ។
គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមប្រមាណ៣០០០នាក់ហើយ ហើយគណៈកម្មការៀបចំរំពឹងថា នឹងមានអ្នករត់ដល់ទៅខ្ទង់៥ទៅ៦០០០នាក់៕
