បើទោះបីជាទើបចាប់ផ្ដើមប្រលូកគុនខ្មែររយពេលស្ទើរមិនទាន់ពេញ១ឆ្នាំ មិនទាន់ទទួលបានតម្លៃខ្ពស់ ប៉ុន្តែកីឡាករជើងថ្មី២រូប នៃក្លិបគុនខ្មែរគោព្រៃ អាចសន្សំប្រាក់សល់រាប់ពាន់ដុល្លារ ដើម្បីទិញម៉ូតូទំនើបៗរៀងខ្លួន នាចុងសប្ដាហ៍មុន។
ពួកគេទាំង២នាក់ ជាកីឡាករដែលមិនទាន់មានឈ្មោះបោះសម្លេង ហើយក៏ទើបប្រកួតបានតិចតួចដងប៉ុណ្ណោះ រួមមាន សូដា លីម៉ូ និង សូដា ម៉ាឡាយ ដែលជាអ្នកប្រយុទ្ធជំនាន់ថ្មី ពោរពេញដោយវិន័យ និងឆន្ទៈស្វែងរកកេរ្តិ៍ឈ្មោះ ក្រោមការបង្វឹករបស់គ្រូបង្វឹក លោក ផាត សូដា។
លោក ផាត សូដា គ្រូបង្វឹកក្លិបលេចធ្លោថ្មី គុនខ្មែរគោព្រៃ បានឲ្យ AMS Sports ដឹងថា ជារឿងដ៏រីករាយសម្រាប់លោកជាគ្រូបង្វឹកក៏ដូចជាគំរូល្អ សម្រាប់កីឡាករផ្សេងទៀត ដែលកូនសិស្សរបស់លោក មានលទ្ធភាពទិញរបស់ប្រើប្រាស់ល្អៗ ទោះពួកគេមិនទាន់ល្បីល្បាញ វ៉ៃញឹក និងបានតម្លៃខ្លួនខ្ពស់ខ្លាំងនៅឡើយ។ លោកថាពួកគេសល់ប្រាក់ច្រើន ដោយសារការគ្រប់គ្រងចំណូលពីសង្វៀនបានត្រឹមត្រូវ គួបផ្សំនឹងក្លិបមានគោលការណ៍ មិនកាត់តម្លៃខ្លួន និងថែមទាំងផ្ដល់ប្រាក់លើកទឹកចិត្តទៀត រាល់ពេលពួកគេប្រកួតបានល្អ។
លោក ផាត សូដា បន្តថា កន្លងមក កីឡាករក្នុងក្លិប គុនខ្មែរគោព្រៃ តែងមានវិន័យ និងការលត់ដំខ្ពស់ណាស់ ហើយ ជារឿយៗលោកតែងដាស់តឿនឲ្យពួកគេ ខិតខំ បង្កើនសមត្ថភាព ដើម្បីពង្រីកទីផ្សារប្រកួត និងតម្លៃខ្លួនឲ្យកាន់តែប្រសើរថែមទៀត ដើម្បីស្រូបបានចំណូលកាន់តែខ្ពស់សម្រាប់ជីវិត។ លោកថាឲ្យតែមានការតាំងចិត្តច្បាស់លាស់ កីឡាករក្នុងក្លិបលោក មានលទ្ធភាពខ្ពស់ណាស់ក្នុងការបង្កើតភាពជោគជ័យ ខណៈក្នុងក្លិប មានទាំងការផ្ដល់អាហារគ្រប់គ្រាន់ ការសម្រាកស្អាតបាត មានទាំងប្រាក់លើកទឹកចិត្តបន្ថែម បើប្រកួតល្អ។
គួររំលឹកថា ម៉ូតូ២គ្រឿង ដែលអ្នកប្រយុទ្ធវ័យក្មេងនៃជំរុំគុនខ្មែរគោព្រៃ ទិញកាលចុងសប្ដាហ៍មុន គឺម៉ូតូ ហុងដាឌ្រីម ស៊េរី២០២០ និង ហុងដា CBR ដែលមានតម្លៃជាង២ពាន់ដុល្លារ ខណៈតម្លៃខ្លួនលើសង្វៀនរបស់ពួកគេ ទទួលបានរង្វង់១០០ដុល្លារក្នុងមួយប្រកួត ដែលតិចនៅឡើយ បើធៀបលំដាប់ជួរមុខ ដែលមានតម្លៃខ្លួនមធ្យមពី ៣០០ ទៅ៥០០ដុល្លារ រឺខ្ពស់ជាងនេះទៅតាមកេរ្តិ៍ឈ្មោះរបស់ពួកគេ៕