ក្រោយពីសម្រាកព្យាបាល បានធូរស្រាលអាការៈខ្លះ លោក ឈិន ក្វាន់ចៃ គ្រូបង្វឹករបស់ រឿង សោភ័ណ្ឌ និងជាឪពុករបស់ ឈិន ក្វាន់ង៉ុយ បានត្រលប់ទៅផ្ទះរបស់លោក នៅខេត្តព្រៃវែងវិញហើយ កាលពីម្សិលមិញ។
បើតាមរៀបរាប់របស់ ឈិន ក្វាន់ង៉ុយ មកកាន់ AMS Sports ថាគ្រូបង្វឹក ឈិន ក្វាន់ចៃ មានជំងឺលើសឈាម ស្ពឹកដៃជើងពិបាកក្នុងការធ្វើចលនា។ ទោះជាគាត់ទៅស្រុកវិញ តែ ឈិនក្វាន់ង៉ុយ ដែលជាកូនប្រុសរបស់លោក ថាឪពុកលោក មិនទាន់សះស្បើយនោះទេ ហើយការណ៍ដែលលោកប្រញាប់ចេញពីពេទ្យ គឺដោយសារបារម្ភលើការចំណាយហួសលទ្ធភាព។
«គាត់ថាមិនអីៗ តែគាត់មិនទាន់ស្រួលនៅឡើយទេ គាត់ទៅវិញព្រោះបារម្ភគ្មានប្រាក់ចំណាយលើការសម្រាកព្យាបាល គឺគាត់ពុំមានប្រាក់ទេ។ មែនទែនទៅ គាត់ទទួលបានជំនួយសប្បុរសធម៌ ខ្លះគេជួយ១០០ដុល្លារ ខ្លះ បួនដប់ដុល្លារ តែបើគាត់នៅសម្រាកពេទ្យយូរ គឺទប់មិនរួចទេបង ១យប់អស់២០ដុល្លារអីហើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឈិន ក្វាន់ង៉ុយ។
លោក ឈិន ក្វាន់ចៃ ត្រូវបានកូនៗបញ្ជូនពី ព្រៃវែង តាមរ៉មក់កង់បី មកសង្គ្រោះនៅភ្នំពេញកាលចុងសប្ដាហ៍មុន ក្នុងពេលជំងឺលើសឈាមធ្វើទុក្ខ។ លោក ឈិន ក្វាន់ចៃ ជាគ្រូបង្វឹកក្លិបម្កុដរាជសីហ៍ ដែលជាក្លិបរបស់ម្ចាស់ខ្សែក្រវាត់៨ខ្សែ រឿង សោភ័ណ្ឌ ហើយក្រៅពីជាជីពកីឡា លោកមានរបររត់រ៉មកកង់បី ដើម្បីទទ្រង់ជីវភាពគ្រួសារ៕