ក្រុមដែលធ្លាប់ចាយលុយធំដើម្បីប្រជែងជើងឯកលីគកំពូលថៃ Suphanburi FC ចៀសផុតពីការធ្លាក់ទៅ Thai League 2 ដោយផ្ដួលគូប្រជែង Sukhothai FC ១-០ ក្នុងសប្ដាហ៍ចុងក្រោយ ស្របពេលក្រុមជើងឯក BG Pathum United មិនអាចបញ្ចប់រដូវកាលដោយមិនចាញ់បាន។
Suphanburi ឡើងមកលេខរៀងទី១៣ ក្រោយឈ្នះក្នុងសប្ដាហ៍ប្រកួតចុងក្រោយ ដោយមាន៣០ពិន្ទុពី៣០ប្រកួត ខណៈ Sukhothai ដែលខ្សែបម្រើជម្រើសជាតិខ្មែរ ប៊ីន ចន្ថា ធារី ធ្លាប់ចូលរួមកាលពីដើមឆ្នាំ២០២០នោះ បញ្ចប់រដូវកាល២០២០-២១ក្នុងចំណាត់ថ្នាក់ទី១៤ មាន២៨ពិន្ទុ។
ក្រុមយក្សថៃ Buriram United ដែលធ្លាប់ចុះកិច្ចសន្យាជាមួយកីឡាករកម្ពុជា ច្រឹង ពលរដ្ឋ កាលពីចុងឆ្នាំ២០១៨ បានបញ្ចប់យុទ្ធនាការ Thai League 1 ក្នុងតំណែងជាជើងឯករង ដោយមាន៦៣ពិន្ទុពី៣០ប្រកួត។
រីឯ BG Pathum United ដែលទើបឈ្នះពានលីគកំពូលថៃជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ មិនអាចរក្សាភាពមិនចាញ់បានពេញ១រដូវកាលឡើយ ដោយនៅទីបំផុតពួកគេស្គាល់ជាតិបរាជ័យក្នុងប្រកួតចុងក្រោយ ក្រោមថ្វីជើង Muangthong United ១-០។ ទោះយ៉ាងណា Muangthong United បានត្រឹមចំណាត់ថ្នាក់ទី៧ប៉ុណ្ណោះ៕