Liverpool បានកត់ឈ្មោះកីឡាករ៥នាក់ក្នុងបញ្ជីចង់បានរបស់ពួកគេដើម្បីពង្រឹងតំបន់ការពារកណ្ដាលក្នុងរដូវក្ដៅខាងមុខ ក្នុងនោះមាន Ibrahima Konate របស់ RB Leipzig ម្នាក់ផងដែរ។
កីឡាករជម្រើសជាតិយុវជនU21បារាំងរូបនេះមានខបង់ផ្ដាច់កុងត្រាតម្លៃ៤០លានអឺរ៉ូ(៣៤លានផោន)។
ក្លិបហង្សក្រហមមិនទាន់សម្រេចចិត្តអំពីអនាគតរបស់ខ្សែការពារជម្រើសជាតិទួរគី Ozan Kabak ដែលពួកគេខ្ចីពី Schalke នៅឡើយទេ។ ពួកគេមានជម្រើសដើម្បីទិញផ្ដាច់កីឡាករវ័យ២១ឆ្នាំរូបនេះពីក្លិបអាល្លឺម៉ង់ក្នុងតម្លៃ១៨លានផោន ហើយពួកគេមានពេលដល់ខែមិថុនាដើម្បីសម្រេចចិត្ត។
Kabak បានលេង Premier League ៥លើកសម្រាប់ Liverpool រដូវកាលនេះ និងបានលេងទាំង២ជើងសម្រាប់ក្រុមលោក Jurgen Klopp ក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League ទល់នឹង RB Leipzig។
ចំណែក Konate មិនបានលេងឱ្យ Leipzig ទាំង២ជើងទល់នឹង Liverpool។
គេកំពុងស្ថិតនៅជាមួយ U21បារាំង ក្នុងពាន Euro U21។ គេមិនបានបង្ហាញខ្លួនឡើយពេល បារាំង ចាញ់ ដាណឺម៉ាក ០-១ តែស្ថិតក្នុងជម្រើស១១នាក់ដំបូងពេលឈ្នះ រុស្ស៊ី ២-០៕