ធ្លាប់ផ្ញើរជីវភាពលើការឡើងសង្វៀនរយៈពេលប្រមាណ២០ឆ្នាំមកហើយ សុខ សុវណ្ណ បានលើកឡើងមកកាន់ AMS Sports ថាមិនដែលស្ដាយក្រោយឡើយ ដែលសម្រេចចិត្តចាប់អាជីពមួយនេះ។
កីឡាករជើងចាស់រូបនេះ ពន្យល់ថា គុនខ្មែរជាចំណែកយ៉ាងធំក្នុងការ ស្រោចស្រង់ការរស់នៅប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ថែមទាំងសន្សំបានកេរ្តិ៍ឈ្មោះរហូតអាចឲ្យខ្លួន ទទួលបានក្របខណ្ឌជាពលទាហាន មានបៀវត្សរ៍ទៀតមកទាល់បច្ចុប្បន្ន។
កីឡាករដ៏ពោរពេញដោយបទពិសោធន៍ដដែលនេះ បន្តថា បច្ចុប្បន្ន សមត្ថភាពរបស់រូបគេ បានរិចរិលខ្លះៗ ទៅតាមវ័យដែលកាន់តែច្រើន។ ប៉ុន្តែ ការឡើងសង្វៀនដើម្បីរកកម្រៃ នៅតែជាប្រភពដ៏ចម្បងក្នុងការទ្រទ្រង់ជីវភាពក្រុមគ្រួសារ។ ប្រកាន់ទស្សនៈថា បើនៅប្រឹងប្រែងបាន គឺនៅតែប្រឹងប្រែង សុខ សុវណ្ណ រំពឹងថានឹងអាច នៅតែបន្តប្រលូកសង្វៀនគុនខ្មែរដោយមិនរួញរា ដរាបណានៅតែមានកម្លាំងគ្រប់គ្រាន់។
ជាកូនកំព្រារឪពុក និងចាប់ហ្វឹកហាត់គុនខ្មែរនៅអាយុ១២ឆ្នាំ កីឡាករមានប្រភពពីកោះកុង សុខ សុវណ្ណ ថ្វីត្បិតមិនមែនជាកីឡាករដ៏មានប្រជាប្រិយភាព ប៉ុន្តែជាអ្នកប្រយុទ្ធពោរពេញដោយពិសោធន៍ ឆ្លងកាត់ការប្រកួតយ៉ាងច្រើនទាំងក្នុងស្រុក និងបណ្ដាប្រទេសជិតខាងដូចជា ថៃ ឡាវ និង ម៉ាឡេស៊ី ផងដែរ៕